ជាតិ
សង្គមជាតិ
ឪពុក ស្ទុះជួយកូន ដែលហូរទៅតាមបណ្តោយទឹកស្ទឹង បានបាត់បង់ជីវិត
20, Oct 2020 , 3:30 pm        
រូបភាព
សកម្មភាពអាជ្ញាធរនិងពលរដ្ឋ យកសពបុរសជាឪពុក ឡើងគោក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
សកម្មភាពអាជ្ញាធរនិងពលរដ្ឋ យកសពបុរសជាឪពុក ឡើងគោក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
ឪពុក ដែលស្ទុះទៅតាមចាប់កូនប្រុសអាយុ១១ឆ្នាំ ដែលត្រូវកម្លាំងទឹកហូរក្នុងស្ទឹងថ្មពួក នាំយកទៅ បានបាត់បង់ជីវិត។ លោក គឺង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ផ្តល់ព័ត៌មានថា សពរបស់បុរសជាឪពុក ត្រូវបានរកឃើញនៅម៉ោងជាង១០ព្រឹក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។


លោក គឹង វណ្ណៈ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ក្រុមការងារ និងសប្បុរសជនផ្សេងៗ នឹងនាំយកជំនួយទៅជូនក្រុមគ្រួសារនៃសព។ លោក មានប្រសាសន៍៖«[ជំនួយ] ដឹងតែមានហើយ តែទំហំប៉ុនណា យើង មិនទាន់ដឹងទេ»។

កម្លាំងសមត្ថកិច្ច បានចំណាយពេល៣យប់២ថ្ងៃ ក្នុងការរុករកបុរសជាឪពុកនោះ។ បុរសជាឪពុកអាយុជិត៦០ឆ្នាំ និងកូនប្រុសអាយុ១១ឆ្នាំ ត្រូវទឹកហូរក្នុងស្ទឹងថ្មពួក នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាំយកទៅ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា។ រហូតដល់យប់ម៉ោងចន្លោះពី១១ទៅ១២ នៅថ្ងៃទី១៨ ខែតុលា ដដែល កម្លាំងសមត្ថកិច្ច បានរកឃើញក្មេងប្រុសនោះ នៅមានជីវិត។

អ្នកស្រី មិញ សុភា ជាបងថ្លៃរបស់បុរស ដែលត្រូវកម្លាំទឹកហូរនាំយកទៅនោះ ប្រាប់សារព័ត៌មានថ្មីៗម្សិលមិញ (១៩តុលា) ថា ឪពុកកូនទាំងពីរនាក់ គឺសុទ្ធតែចេះហែរទឹក។

ទោះចេះហែលទឹកក្តី តែបុរសជាឪពុក នៅតែបាត់បង់ជីវិត ទំនងជាដោយសារតែកម្លាំងទឹកហូរនោះខ្លាំងពេក។

លោក គឹង វណ្ណៈ ទទួលបានព័ត៌មានពីលោក ឌៀប ឈួន អភិបាលស្រុកថ្មពួកថា ក្មេងប្រុសនោះ បានតោងដើមឈើ ហើយកម្លាំងសមត្ថកិច្ច បានឃើញ ក៏ទៅជួយសង្គ្រោះទាន់ តែបុរសជាឪពុក កម្លាំងសមត្ថកិច្ច រកពុំឃើញឡើយនាពេលនោះ។

បុរសម្នាក់ ដែលបានឃើញហេតុការណ៍ រៀបរាប់ថា មុនដំបូង គឺមានទូកមួយ ត្រូវបានចងទុកនៅគល់ស្ពាន បន្ទាប់មក ឪពុកកូនបីនាក់ បានស្រាយទូក ហើយពេលនោះ ដោយសារតែកម្លាំងទឹកហូរខ្លាំង ទូកនិងក្មេងប្រុសអាយុ១១ឆ្នាំ (ប្អូន) ក៏ហូរទៅតាមបណ្តោយទឹកតែម្តង។

បុរសនោះ បន្តថា បុរសជាឪពុក បានស្ទុះទៅចាប់កូនប្អូន តែត្រូវកម្លាំងទឹក នាំយកទៅដែរ។ បុរសខាងលើ បន្ថែមថា ពេលនោះ មានក្មេងប្រុសអាយុ១២ឆ្នាំជាបង ត្រូវអ្នកភូមិស្ទុះទៅចាប់ទាន់ពេល បើពុំដូច្នេះទេ ប្រាកដជាត្រូវទឹកហូរនាំយកទៅដែរហើយ ព្រោះក្មេងប្រុសអាយុ១២ឆ្នាំនោះ បម្រុងស្ទុះតាមឪពុកនិងប្អុន ពេលឃើញឪពុកនិងប្អូន ត្រូវទឹកនាំយកទៅ។

គិតត្រឹមថ្ងៃទី១៩ ខែតុលា មានពលរដ្ឋ២៥នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដោយក្នុងនោះ ខេត្តបន្ទាយមានជ័យ មានច្រើនជាងគេ គឺ១៥នាក់ (ក្មេង៤នាក់)៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com