ជាតិ
​បន្ទាយមានជ័យ​កាន់តែ​រងគ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់ ទឹក​ហូរ​ពី​ថៃ និង​ការបាក់​ទំនប់​អូរ​ខៃ​ដន
20, Oct 2020 , 4:22 pm        
រូបភាព
ទិដ្ឋភាពទឹក​លិចនៅ​ខេត្តបន្ទាយមានជ័យ។ រូបថត NCDM
ទិដ្ឋភាពទឹក​លិចនៅ​ខេត្តបន្ទាយមានជ័យ។ រូបថត NCDM
ដោយ:
​ពលរដ្ឋ​ជាង ២​ម៉ឺន​គ្រួសារ និង​ដំណាំ​ស្រូវ​ជិត​៦​ម៉ឺន​ហិកតា បាន​រង​ផលប៉ះពាល់​ដោយសា​ទឹកជំនន់ ដែល​បាន​ជន់​លិច​ទូទាំង​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​មនុស្ស​១៥​នាក់​ហើយ​ដែល​បាន​ស្លាប់​។  មូលហេតុ​នៃ​ការ​ជន់​លិច គឺ​បណ្តាលមកពី​ជន់​ពី​ប្រទេស​ថៃ គួបផ្សំ​នឹង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្ត បានធ្វើ​ឲ្យ​ទំនប់​អាង​អូរ​ខៃ​ដន​បា​ក់នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០​តុលា​នេះ​។
  
 
​ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​ជន់​លិច​គ្រប់កន្លែង ដោយសារតែ​ការបាក់​ទំនប់​អូរ​ខៃ​ដន​ដែល​បណ្តាល​ពី​ទឹក​ជន់​ធ្លាក់​ពី​ប្រទេស និង​ភ្លៀង​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្ត​។ លោក ឈុន ប៊ុន​ថា មន្ត្រី​មន្ត្រី​លេខា​គណ​:​ក​ម្មា​ធិ​ការ​ខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​Thmeythmey25 នៅ​រសៀល​ថ្ងៃទី​២០​តុលា​នេះ​ថា​៖ «​ទឹក​ដែល​មកពី​ថៃ រួមផ្សំ​នឹង​ទឹកភ្លៀង បានធ្វើ​ឲ្យ​បាក់​ទំនប់​ហ្នឹង​(​អូរ​ខៃ​ដន​)​បាន ហើយ​ធ្វើ​ឲ្យ​ទូទាំង​ខេត្តបន្ទាយមានជ័យ​លិច​»​។ 
 
​តាម​លោក ឈុន ប៊ុន​ថា ទឹកជំនន់​ទូទាំង​ខេត្ត​នេះ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​២​ម៉ឺន​គ្រួសារ​ប៉ះពាល់ និង​ជន់​លិច​ដំណាំ​ស្រូវ​ជិត ៦​ម៉ឺន​ហិកតា​។ 
 
​ក្រៅពី​ផ្ទះសម្បែង និង​ផលដំណាំ ផ្លូវ​មួយចំនួន​នៅក្នុង​ខេត្ត​ក៏​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​។ ដើម្បី​បញ្ចៀស​ការខូចខាត​កាន់តែខ្លាំង និង​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​នោះ នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត្រ ក៏បាន​ប្រកាស​ផ្អាក​ចរាចរណ៍​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​អាស្រម​លោកយាយ​ម៉ៅ រហូតដល់​ផ្លូវបំបែក​កូនដំរី ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវលំ​នានា​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​។​
 
​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ក៏បាន​ពន្យល់​មូលហេតុ​ដែល​នាំ​ឲ្យ​ផ្លូវ​ជាច្រើន​បាន​រង​ការ​ជន់​លិច​ដែរ​។ «​ឥទ្ធិពល​ទឹកភ្លៀង​ពី​ប្រទេស​ថៃ បានធ្វើ​ឲ្យ​កម្រិត​ទឹក​កើន​ឡើងជា​គំហុក បណ្ដាល​ឲ្យ​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នៅជាប់​បណ្ដោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​។ បន្ទាប់មក ច្រាល​មក​លិច​កំណាត់​ផ្លូវជាតិ​៥ និង​ទីប្រជុំជន​ក្នុង​ក្រុង​ប៉ោយប៉ែត​»​។​


ទំនប់អូរខៃដន ក្រុងប៉ោយប៉ែត រូបភាព៖ ក្រសួងធនធានទឹក 

​ការបាក់​ទំនប់​អាង​អូរ​ខៃ​ដន ដែល​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ទី​២០​តុ​លាន ក៏បាន​បន្ថែម​ការ​ជន់​លិច​នៅក្នុង​ខេត្តបន្ទាយមានជ័យ​បន្ថែម ក្នុងនោះ​ក៏មានដែរ​កំណាត់​ផ្លូវជាតិ​លេខ​៥​។​
 
​បើតាម​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្រុង​-​ស្រុក​ចំនួន​៩​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ទឹកជំនន់​នេះ ដែល​ក្នុងនោះ រួមមាន ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​អូជ្រៅ ស្រុក​ស្វាយចេក ស្រុក​ព្រះនេត្រព្រះ ស្រុក​ថ្មពួក ស្រុក​មង្គល​បូរី ស្រុក​ម៉ាឡៃ និង​ស្រុក​ភ្នំស្រុក​។​
 
​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​១៩ តុលា ទឹកជំនន់​បាន​ឆក់យក​ជីវិត​មនុស្ស​២៥​នាក់​ហើយ ក្នុងនោះ​ខេត្តបន្ទាយមានជ័យ មាន​អ្នកស្លាប់​ច្រើនជាងគេ គឺ​ចំនួន ១៥​នាក់​៕
 
 

Tag:
 ​ជំនន់​
 ​ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com