ជាតិ
រដ្ឋបាលសៀមរាបលុបចោលកម្មវិធីអុំទូកដោយសារទឹកជំនន់
26, Oct 2020 , 7:59 am        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូក ដែលគ្រោងធ្វើនៅចុងខែតុលានេះវិញ ដោយសារកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ តាមលោក ទៀ សីហា រដ្ឋបាលខេត្តនឹងបង្វែរថវិកា ដែលគ្រោងរៀបចំបុណ្យអុំទូក ទៅជួយជនរងគ្រោះដោយទឹកជំនន់វិញ។
 
វិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ តែអនុញ្ញាតឱ្យមានការរៀបចំខ្នាតតូច នៅតាមបណ្ដាស្រុកនិងខេត្ត។ រដ្ឋបាលខេត្តសៀមរាប មានគម្រោងរៀបចំពិធីនេះ នៅតាមដងស្ទឹងសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាធ្វើឱ្យចរន្តវិស័យទេសចរណ៍ក្នុងខេត្ត មានសកម្មភាពបន្ដិចបន្ដួច។ យ៉ាងណាមិញ ពិធីដែលគ្រោងរៀបចំនៅចុងខែតុលានេះ ត្រូវលុបចោលវិញ អំឡុងពេលដែលប្រទេសកម្ពុជា កំពុងជួបគ្រោះទឹកជំនន់។


 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋបាលខេត្តសម្រេចផ្អាក ការរៀបចំពិធីបុណ្យអុំទូកនៅឆ្នាំនេះ និងបានបង្វែរថវិកាដែលគ្រោងរៀបចំ ទៅជួយប្រជាពលរដ្ឋនៅតាមតំបន់ជុំវិញ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ លោកពន្យល់ថា៖«ដើមឡើយ រដ្ឋបាលខេត្តបានគិតគូរ ក្នុងការរៀបចំកម្មវិធីកម្សាន្តអំឡុងបុណ្យអុំទូក នៅចុងខែតុលានេះ តែគម្រោងនេះ ត្រូវបានលុបចោលវិញ។ ការខិតខំរបស់រដ្ឋបាលខេត្ត គឺដើម្បីជួយវិស័យឯកជន ឱ្យមានចំណូលបន្ដិចបន្ដួច ពីការដើរកម្សាន្តរបស់ទេសចរក្នុងស្រុក ខណៈដែលវិស័យនេះ កំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩»។
 
គួរបញ្ជាក់ថា ក្នុងការជួយវិស័យឯកជននេះដែរ រដ្ឋបាលខេត្តសៀមរាប នាពេលកន្លងមក បានរៀបចំពិធីកម្សាន្ត សម្រាកសៀមរាប នាឱកាសដែលរាជរដ្ឋាភិបាល ឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ទី២១ សីហា ដែលអំឡុងពេលនោះមានទេសចរក្នុងស្រុកសរុបប្រមាណជាង ១៨ម៉ឺននាក់៕

Tag:
 អុំទូក
 សៀមរាប
 ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com