ជាតិ
លោក នេត្រ ភក្ត្រា​៖ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ជីវៈចម្រុះ​ដល់​ទៅ​ជាង​១០០០​ប្រភេទ​
28, Oct 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដែនជម្រកសត្វព្រៃ​កែវ​សីមា គឺជា​តំបន់ការពារធម្មជាតិ​មួយ ដែលមាន​មាន​ប្រភេទ​ជីវៈចម្រុះ​ជាង ១០០០​ប្រភេទ​។ បើតាម លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ គឺមាន​ប្រភេទ​ជីវៈចម្រុះ​ច្រើនជាងគេបង្អស់ នៅក្នុង​ចំណោម​តំបន់ការពារធម្មជាតិ​ទាំង​៥៦ នៅ​កម្ពុជា​។
 
​ដែនជម្រកសត្វព្រៃ​កែវ​សីមា គឺជា​តំបន់ការពារធម្មជាតិ​មួយ ក្នុងចំណោម​តំបន់ការពារធម្មជាតិ​ចំនួន ៥៦ ក្នុងប្រទេស​កម្ពុជា​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ផ្ទៃដី ២៩២ ៦៩០​ហិកតា មាន​ទីតាំង​ស្ថិតនៅតាម​ជួរ​ភ្នំ​អាណា​ម៉ៃ​ត៍ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី និង​ក្រចេះ ដែលមាន​ប្រភេទ​ជីវៈចម្រុះ​ជាង ១​ពាន់​ប្រភេទ​។  នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ស្ថានភាព​នៃ​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​លោក​បាន​បន្ត​បញ្ជាក់ថា ប្រភេទ​ជីវចម្រុះ​នោះ គឺជា​ចំនួន​ច្រើនជាងគេ ក្នុងចំណោម​តំបន់ការពារធម្មជាតិ នៅ​កម្ពុជា​។ 
 
​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៨ ០០០​នាក់ ដែល​រស់នៅ និង​ពឹង​ផ្អែកលើ​ព្រៃឈើ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ។ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ WCS ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​លក្ខណៈ​សំខាន់​ជា​អន្តរជាតិ សម្រាប់ធ្វើ​ការអភិរក្ស​ប្រភេទ​សត្វ​ពានរ ដែលមាន​សត្វ​ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ច្រើនជាងគេ​លើ​លោក​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០២ ជាការ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​មានការ​គាំទ្រ​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS)​។​


ទោចថ្ពាល់លឿង 

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ (២០១០-២០២០) ក្រុមមន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS បាន​អង្កេត​តាមដាន និង​ផ្ដោតលើ​សត្វព្រៃ ១៣ ប្រភេទ​សំខាន់ៗ ដែលមាន​វត្ត​មាននៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ 
 
​សត្វព្រៃ​ទាំង ១៣ ប្រភេទ​នោះ​រួមមាន​៖ ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ស្វា​ព្រាម ស្វា​ក្ដាម ស្វា​ត្រោស ស្វាអង្កត់ ក្ងោក ជ្រូកព្រៃ ឈ្លូស ទន្សោង ខ្ទីង រមាំង និង​ប្រើស​។ លោក​បន្តថា ប្រភេទ​សត្វ និង​រុក្ខ​ជាតិប្រមាណ ៧៥​ប្រភេទ ក្នុង​ដែន​ជម្រក​ព្រៃ​កែវ​សីមា កំពុង​រង​ការគំរាមកំហែង និង​ស្ថិតក្នុង​បញ្ជី​ក្រហម​។  


លោក នេត្រ ភក្រ្តា​ ក្នុងសន្និសីទសារព័ត៌មាននៅក្រសួងបរិស្ថានថ្ងៃទី ២៦ តុលា ស្ដីពីស្ថានភាពប្រភេទសត្វសំខាន់ៗក្នុងដែនជម្រកសត្វព្រៃកែវសីមា 

​ក្រសួងបរិស្ថាន និង​អង្គការ WCS កំពុងមាន​ការព្រួយបារម្ភ អំពី​ការវិនាស​ផុត​ពូជ​នៃ​ប្រភេទ​សត្វ​ពានរ បាន​ថយចុះ​។ ប៉ុន្តែ​សម្រាប់​ពពួក​ពានរ ៣​ប្រភេទ​ផ្សេងទៀត​មាន ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ស្វា​ក្ដាម និង​ជ្រូកព្រៃ​មាន​ចំនួន​ថេរ​។ ដោយឡែក​ស្វា​ត្រោស និង​សត្វ​ក្ងោក​មានការ​កើនឡើង​។​
 
​ដោយសារ​បច្ចុប្បន្ន ផ្ទៃដី​តំបន់​អភិរក្ស​ធម្មជាតិ​មាន​ទំហំ​ធំ ប៉ុន្តែ​ចំនួន​នៃ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​ត្រឹម​ជាង ១​ពាន់​នាក់​ប៉ុណ្ណោះ ដូច្នេះ​ការគ្រប់គ្រង​បទល្មើស​ពាក់ព័ន្ធ​ធនធានធម្មជាតិ ក៏​នៅតែ​កើតមានឡើង​។ ហេតុដូចនេះ ទាមទារ​ឲ្យ​មន្ត្រី​មូលដ្ឋាន និង​ឧ​ទ្យា​នុ​រក្ស​បង្កើន​ការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​។ នេះ​ជាការ​បញ្ជាក់ របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​
 
​សូមបញ្ជាក់ថា ក្នុងប្រទេស​កម្ពុ​ជាមាន​ខេត្ត​តែ​ចំនួន ៥​ប៉ុណ្ណោះ ដែល​មិនមាន​តំបន់ការពារធម្មជាតិ​ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ស្វាយរៀង និង​ខេត្តព្រៃវែង​។ ទន្ទឹមនឹងនេះ​ខេត្តព្រៃវែង ក៏​នឹងមាន​តំបន់ការពារធម្មជាតិ​ក្នុងពេល​ឆាប់ៗ​ដែរ ខណៈដែល  ក្រសួងបរិស្ថាន មាន​គម្រោង​បង្កើត​តំបន់ បឹង​ស្នេហ៍ ជា​«​តំបន់ការពារទេសភាព​បឹង​ស្នេហ៍​»​នោះ​៕


ស្វាកន្ទុយស​

Tag:
 បរិស្ថាន​
  តំបន់ការពារធម្មជាតិ​
  ដែនជម្រកសត្វព្រៃ​កែវ​សីមា​
 ​ដែនជម្រកសត្វព្រៃ​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com