ជាតិ
ពលរដ្ឋ​ក្រុង​សៀមរាប ស្ម័គ្រចិត្ត​រុះរើ​សំណង់ ដែល​ប៉ះពាល់​ដល់​ការធ្វើ​ផ្លូវ​ទាំង​៣៨​ខ្សែ ដោយ​គ្មាន​សំណង​
28, Oct 2020 , 11:29 pm        
រូបភាព
(​ពី​ខាងឆ្វេង​) អ្នកស្រី ឡឹ​ក ង៉ិ​ក​	អ្នកស្រី ចាន់ ស្រី ពៅ  និង លោក កែវ ពន្លឺ
(​ពី​ខាងឆ្វេង​) អ្នកស្រី ឡឹ​ក ង៉ិ​ក​ អ្នកស្រី ចាន់ ស្រី ពៅ និង លោក កែវ ពន្លឺ
​សៀមរាប​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប ពិសេស​អ្នកមាន​លំនៅដ្ឋាន​ឬ​អាជីវកម្ម​នៅជាប់​ដងផ្លូវ​ទាំង​៣៨​ខ្សែ​ដែល​រដ្ឋាភិបាល​កំពុង​រៀ​ចំ​និង​ស្តារឡើងវិញ​នេះ ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខ្លួន​ដែល​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​នោះ ដោយ​គ្មាន​ទាមទារ​សំណង​ឡើយ​។


​គម្រោង​ធ្វើ​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប បាន​ប៉ះពាល់​ផ្ទះ​និង​សំណង់​នានា​របស់​ពលរដ្ឋ​ជាង​៥​ពាន់​កន្លែង ដោយ​ក្នុងនោះ​មានផ្ទះ​ចន្លោះ​ពី ១៧០ ទៅ ១៨០​ខ្នង ត្រូវ​ប៉ះពាល់​ស្ទើរ​ទាំងស្រុង​។  នេះ​ជាការ​លើកឡើង​របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពី​ថ្ងៃទី​២០​តុលា​។ បើតាម​លោក ទៀ សីហា ផ្ទះ​និង​សំណង់​ដែល​បាន​ប៉ះពាល់​ទាំងនេះ ប្រជាពលរដ្ឋ​ភាគច្រើន​គឺ​ស្ម័គ្រចិត្ត ក្នុង​ការរុះរើ​ដោយផ្ទាល់​។ 
 
​សូម​អញ្ជើញលោក​-​អ្នកទស្សនា​វីដ​អូ​ខាងក្រោម​ដូចតទៅ​៖


​អ្នកស្រី ឡឹ​ក ង៉ិ​ក  ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កំពុង​មមាញឹក​ប្រមូល​ស្លឹក និង​មែន​ស្វាយ​ដែល​បាន​កាប់​ចោល​នៅមុខ​ផ្ទះ​យកមក​ដុតចោល ដើម្បី​ជួយ​សម្រួល​ដល់​ការដ្ឋាន​សាងសង់​ផ្លូវ​១​ខ្សែ​ក្នុងចំណោម​ផ្លូវ​ទាំង​៣៨​ខ្សែ​របស់​រដ្ឋាភិបាល​។​
 
«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ ព្រោះ​បាន​ផ្លូវធំ​ស្រឡះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឡឹ​ក ង៉ិ​ក ដោយ​ស្នាមញញឹម បើទោះបី​ការពង្រីក​ធ្វើ​ផ្លូវ​នេះ​បាន​ប៉ះពាល់​ដល់​របង​ផ្ទះ​ដែល​ស្ថិត​បណ្តោយ​ផ្លូវ​ប្រវែង​៧០​ម៉ែត្រ​មានតម្លៃ​ជាង​១​ម៉ឺន​ដុល្លារ នឹង​បាត់បង់​ផ្ទៃដី​នៅមុខ​ផ្ទះ​អស់​ជិត​៤​ម៉ែត្រ​ក៏ដោយ ក៏​ពលរដ្ឋ​វ័យ​៦៨​ឆ្នាំ​រូបនេះ នៅតែ​សប្បាយចិត្ត​ក្នុងការ​ខាតបង់​ទាំងនេះ ដើម្បី​ទទួលបាន​មកវិញ​នូវ​ផ្លូវ​ថ្មី ស្រស់ស្អាត ធំ​ទូលាយ សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់រូប នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ 
 
​សម្រាប់​អ្នកស្រី ចាន់ ស្រី​ពៅ វិញ គ្រាន់តែ​ឮដំណឹង​ធ្វើ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ភ្លាម គឺ​ចាប់ផ្តើម​ជួល​គេ​រុះ​រើស​របង និង​សំណាប​មុខផ្ទះ​របស់ខ្លួន​ភ្លាម មុននឹង​អាជ្ញាធរ​ជូនដំណឹង​ទៅទៀត​។ ពលរដ្ឋ​រស់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ វ័យ​៣៨​រូបនេះ និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ «​ព្រោះ​បង​សប្បាយចិត្ត នឹង​បាន​ផ្លូវថ្នល់​យើង​ធំ​អ៊ីចឹង​! ទីក្រុង​យើង​ស្អាត​!​។ ទោះបី​[​ផ្ទះ​]​យើង​ថយក្រោយ ក៏​វា​នៅមុខ​ផ្ទះ​យើង​ដដែល​»​។ 
 
​បើតាម​អ្នកស្រី ចាន់ ស្រី​ពៅ ការពង្រីក​ធ្វើ​ផ្លូវ​ថ្មី​នេះ គឺ​បាន​ប៉ះពាល់​ដល់​មុខផ្ទះ​អ្នកស្រី​ផ្ទាល់​រហូត​ទៅដល់​៣​ម៉ែត្រ ដែល​ធ្វើឱ្យ​ទីធ្លា​ផ្ទះ​កាន់​តែមាន​ទំហំ​តូច​។ ថ្វី​ដ្បិត​ការពង្រីក​ផ្លូវ​ទាំងនេះ ប៉ះពាល់​ដល់​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន​ក្នុង​ការរុះ​រើស​របង និង​សំយាប ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី​នៅតែ​សប្បាយចិត្ត​ដែល​នឹង​ទទួលបាន​ផ្លូវ​ដ៏​ធំ​និង​ស្អាត​នៅក្នុង​ទីក្រុង​សៀមរាប ជាពិសេស​គឺ​នៅ​ចំ​មុខផ្ទះ​របស់​អ្នកស្រី​តែម្តង​។ 
 
«​កាលណា​គេ​ធ្វើ​ផ្លូវ​ស្អាត ផ្ទះ​របស់​យើង​ក៏​ល្អ​ដែរ​។ សមត្ថកិច្ច ឬក៏​ក្រសួង​ជំនាញ ធ្វើ​ផ្លូវ​ហ្នឹង យើង​អត់​មាន​អារម្មណ៍​ថា​ប៉ះពាល់​អ្វី​ទេ ផ្ទុយទៅវិញ​យើង​សប្បាយចិត្ត​ក្នុងការ​ធ្វើ​[​រុះ​រើស​] ដើម្បីឱ្យ​ផ្លូវធំ ផ្ទះ​យើង​ក៏​ស្អាត ទីក្រុង​យើង​ក៏​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់​ព​ល​រដ្ឋ​រូប​ទៀត​ដែល​លំនៅដ្ឋាន​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​ថ្មី ក្នុង​ក្រុង​សៀមរាប​។​
 
​លោក កែវ ពន្លឺ ដែល​កំពុង​រុះ​រើស​សំយាប​នៅមុខ​ផ្ទះ​ជាមួយនឹង​ក្រុមគ្រួសារ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​ការសាងសង់​ផ្ទះ​របស់ខ្លួន​ដូច្នេះ​៖«​ផ្ទះ​របស់ខ្ញុំ​ធំ​ក៏ពិតមែន ប៉ុន្តែ​ការសាងសង់​ខ្ញុំ​ចេញ​ហើយ​ស្រេច  ព្រោះ​ខ្ញុំ​មុននឹង​ធ្វើ​ខ្ញុំ​សុំច្បាប់​គេ​។​ខាង​សូ​រិ​យោ​ដី​បាន​ប្រាប់ថា អ្នកឯង​ធ្វើ​សំណង​ធ្ងន់ ដូច្នេះ​អ្នកឯង​ត្រូវធ្វើ​ចេញពី​បង្គោល​ភ្លើង​៥​ម៉ែត្រ អ៊ីចឹង​ខ្ញុំ​បានចេញ​ហើយ​ស្រេច ប៉ុន្តែ​សំយាប​មុខផ្ទះ​នេះ​[​ដែល​បាន​ប៉ះពាល់​នេះ​] គឺជា​សំណង​ស្រាល​ទេ ហើយ​នៅ​ណា​ដែល​រដ្ឋាភិបាល​ត្រូវការ គឺ​ខ្ញុំ​ប្រគល់ជូន​តែម្តង​»​។​
 
​កាលពី​ថ្ងៃទី​៤​កញ្ញា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​ការសម្រេច​កញ្ចប់​ថវិកា​កសាង​១៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការកសាង​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​។ សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំងនេះ ថ្ងៃទី​១៥​វិច្ឆិកា​ខាង​មុននេះ  ដោយ​អះអាងថា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ទាំង​៣៨​ខ្សែ​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ​-១៩៕ 
 
 
 
 

Tag:
 សង្គម​៖ ផ្លូវ​៣៨​ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com