ជាតិ
សង្គមជាតិ
កសិករ​ខេត្តបាត់ដំបង​ចំនួន​២៥៥​គ្រួសារ ទទួលបាន​ពូជ​បន្លែ និង​កូន​ត្រី ពី​ក្រសួងកសិកម្ម​
30, Oct 2020 , 7:59 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ ក្រោយ​ជួប​វិបត្តិ​នៃ​គ្រោះទឹកជំនន់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានផ្ដល់​ពូជ​បន្លែ កូន​ត្រី ចំណី​ត្រី និង​តង់ ទៅ​គ្រួសារ​ចំនួន​២៥៥​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទំនន់​នេះ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


​ពលរដ្ឋ​ចំនួន​២៥៥​គ្រួសារ ក្នុងស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ទទួលបាន​ពូជ​បន្លែ​-​ពូជ​ម្នាស់ កូន​ត្រី​អណ្ដែង ចំណី​ត្រី និង​តង់ ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ការចុះ​ចាយ​ជូន ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។ 
 
​ក្នុងនោះ កសិករ​ចំនួន​២០០​គ្រួសារ ទទួលបាន​ពូជ​បន្លែ​ចំនួន​៦​មុខ ដោយ​មួយ​គ្រួសារ​ទទួលបាន​ពូជ​បន្លែ​ចំនួន​១​ឃី​ដ​។ ចំណែកឯ ពលរដ្ឋ​ចំនួន​៥​គ្រួសារ​ផ្សេងទៀត​ទទួលបាន អង្ករ​ចំនួន​២៥​គីឡូក្រាម និង​ពូជ​ផ្លែ​ម្នាស់​ចំនួន​២​ពាន់​ដើម ក្នុង​មួយ​គ្រួសារ​។ រីឯ​ពលរដ្ឋ​ចំនួន​៥០​គ្រួសារ​ទៀត ទទួលបាន​ពូជ​កូន​ត្រី​អណ្ដែង​ពី​ក្រសួងកសិកម្ម​ផងដែរ​។​
 
​សូមបញ្ជាក់ថា ការចុះ​ចាយ​ពូជ​ដំណាំ និង​ពូជ​កូន​ត្រី ដល់​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​នេះ គឺជា​យុទ្ធនា​ការស្ដារ​ដំណាំ​ស្រូវ និង​ដំណាំ​កសិកម្ម​ឡើងវិញ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​អនុវត្ត​ឡើង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤​គឺ ខេត្តសៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង​។ កន្លងមកនេះ ក្រសួងកសិកម្ម បាន​ចុះ​ចាយ​ជូន​ពូជស្រូវ និង​ពូជ​ដំណាំ ដល់​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​បន្ទាយមានជ័យ​រួចមកហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com