COVID-19
ជាតិ
ប្រធាន​សមាគម​សណ្ឋាគារ​កំពុង​បារម្ភ​ពី​ជោគវាសនា​នៃ​វិស័យ​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប​
31, Oct 2020 , 3:03 pm        
រូបភាព
​សៀមរាប​៖ វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​វិស័យ​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប​បិទទ្វារ​ទាំងស្រុង​។ ប្រតិបត្តិ​ករ​ទេសចរ កំពុង​រង់ចាំ​ការវិលត្រឡប់​របស់​ភ្ញៀវទេសចរ​ឡើងវិញ​ដោយ​អន្ទះសា និង​បារម្ភ​ពី​ជោគវាសនា​នៃ​សណ្ឋាគារ​របស់​ពួកគេ ថា​មិនដឹង​អាច​ទ្រាំ​ដល់​ពេលណា​នោះទេ​។ ប្រធាន​សមាគម​សណ្ឋាគារ​ប្រចាំខេត្ត​សៀមរាប លោក ពី​យ៉ូ​ត ដាវី​ដ​ហ្សា​យា (David-Jaya PIOT) លើកឡើងថា ម្ចាស់​សណ្ឋាគារ​ភាគច្រើន​កំពុង​ប្រឹងប្រែង​ធ្វើឱ្យ​អាជីវកម្ម​ពួកគេរ​ស់ប​ន្ត​ទៀត បើទោះបី​ត្រូវ​រង​ការខាតបង់​យ៉ាងណាក្ដី​ក្នុង​កាលៈទេសៈ​នេះ​។​
 
​សូម​ស្ដាប់​បទ​សម្ភាស​ជា​វីដេអូ រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ជាមួយ​លោក យ៉ូ​ត ដាវី​ដ​ហ្សា​យា (David-Jaya PIOT) នា​ពិធី​កិច្ចប្រជុំ​ប្រចាំខែ​របស់​សមាគម​សណ្ឋាគារ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ តុលា ដែល​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ម្លិះ ខេត្តសៀមរាប 
 
​បើតាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​សណ្ឋាគារ​ប្រចាំខេត្ត​សៀមរាប នៅ​ខេត្តសៀមរាប​មាន​អាជីវកម្ម​ពាក់ព័ន្ធ​ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាដើម ជាង​៣០០​កន្លែង​។ នាបច្ចុប្បន្ន​នេះ សណ្ឋាគារ​ដែល​បើក​ដំណើរការ​ឡើងវិញ មាន​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ ហើយ​ចំណូល​ដែល​ពឹង​លើ​ទេសចរ​ក្នុងស្រុក​មិនអាច​ផ្គត់ផ្គង់​ការចំណាយ​ប្រចាំថ្ងៃ​បានឡើយ​។ លោក យ៉ូ​ត ដាវី​ដ​ហ្សា​យា បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖« អ្នកខ្លះ​ខ្ចីលុយ​ពី​ធនាគារ លក់​អចលនទ្រព្យ ...​ដើម្បី​ទប់ទល់​មិនឱ្យ​អូ​តែ​ល (​សណ្ឋាគារ​) បិទទ្វារ​»​។​
 
​បន្ថែម​ពីនេះ ក្នុងនាម​ជា​ប្រតិបត្តិការ​ទេសចរណ៍​មួយរូប ដែលមាន​គ្រួសារ​បើក​អាជីវកម្ម​សណ្ឋាគារ​តាំងពី​ឆ្នាំ ១៩៩៣ មក លោក យ៉ូ​ត ដាវី​ដ​ហ្សា​យា ប្រាប់ថា លោក​មានការ​សោកស្ដាយ​ជាខ្លាំង​ដែល​ឃើញ​វិស័យ​សណ្ឋាគារ​នៅក្នុង​ខេត្តសៀមរាប ប៉ះពាល់​ខ្លាំង​ជាង​បណ្ដា​ខេត្ត​ដទៃ​យ៉ាង​ដូច្នេះ​។ យ៉ាងណា លោក​កោតសរសើរ​ចំពោះ​ម្ចាស់​សណ្ឋាគារ​មួយចំនួន ដែល​ប្រឹងប្រែង​រក្សា​សណ្ឋាគារ​ឱ្យ​បន្ដ​រស់​ឡើងវិញ ដើម្បី​ជួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ពិសេស​ជួយ​ដល់​បុគ្គលិក​។​
 
​ក្នុង​កិច្ចប្រជុំ​ដែលមាន​ម្ចាស់​សណ្ឋាគារ និង​អ្នកគ្រប់គ្រង​សណ្ឋាគារ ក្នុង​ជុំវិញ​ខេត្តសៀមរាប ចូលរួម​ប្រមាណ​ជាង​១០០​នាក់ អភិបាលរង​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ទាំងអស់​ឱ្យមាន​ការអត់ធ្មត់​ក្នុង​កាលៈទេសៈ​នេះ ដ្បិតថា នេះ​ជា​បញ្ហា​សម្រាប់​សកលលោក​។ លោក​បាន​ជុំវិញ​ឱ្យ​វិស័យ​ឯកជន រិះរក​មធ្យោបាយ​ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​បង្កើត​កញ្ចប់​ទស្សនា​ផ្សេងៗ​។ លើសពីនេះ លោក​អភិបាលរង ក៏​ស្នើឱ្យ​វិស័យ​ឯកជន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ ដើម្បី​ដឹង​សុខទុក្ខ​ពីគ្នា ក៏ដូចជា​រិះរក​ដំណោះស្រាយ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​ជាដើម​។​ល​៕
 
 

Tag:
 ​៖ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​
  សមាគម​សណ្ឋាគារ​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com