ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តាមរយៈភាពយន្តឯកសារស្ដីពីបញ្ហាសង្គម ផលិតករវ័យក្មេងចង់ឱ្យសាធារណជនចូលរួមដោះស្រាយ
01, Nov 2020 , 7:39 pm        
រូបភាព
ភ្នំពេញ៖ តាមរយៈភាពយន្តឯកសារផ្ដោតលើបញ្ហាសង្គម ដូចជាការចំណាកស្រុកខុសច្បាប់ អំពើហឹង្សាក្នុងគ្រួសារ កុមារមិនមានឱកាសក្នុងការសិក្សាអប់រំជាដើម ក្រុមផលិតករវ័យក្មេង ផលិតឡើងដើម្បីស្វែងរកការចូលរួមគិតពីសាធារណជន។ ភាពយន្តឯកសារទាំងនេះ កើតឡើងតាមរយៈគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ” របស់មជ្ឈមណ្ឌលបុប្ផាណា។ 

តទៅនេះសូមលោកអ្នក អញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីមេត្រី៖



ជាសិក្ខាកាមដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ ពីមជ្ឈមណ្ឌលបុប្ផាណា យុវជន ឌិន រ៉ូដា ដែលទើបតែមានអាយុ១៩ឆ្នាំ បានផលិតភាពយន្តឯកសារបង្ហាញពីបញ្ហាសង្គមមួយចំនួនរួចមកហើយ ពីក្នុងសហគមន៍ដែលគេរស់នៅ។ “ទំពាំងខ្វះទឹក” គឺជាចំណងជើងភាពយន្តឯកសារថ្មីមួយទៀត ដែល រ៉ូដា បានសហកាផលិតជាមួយដៃគូផ្សេងទៀត។ 
ភាពយន្តនេះផ្ដោតលើជីវីតរបស់កុមារពីររូប ដែលរស់នៅជាមួយជីដូនក្នុងជីវភាពទាល់ក្រ រហូតស្ទើររកអាហារទទួលទានមិនបាន។ ម្ដាយឪពុករបស់ពួកគេបានលះលែងគ្នា ហើយម្ដាយបានចំណាកស្រុកទៅធ្វើការឆ្ងាយផ្ទះ ដោយពុំសូវបានផ្ញើប្រាក់មកផ្ទះចិញ្ចឹមពួកគេឡើយ។ រាល់ថ្ងៃក្មេងទាំងពីរដែលមានអាយុប្រហែល១០ឆ្នាំនេះ ត្រូវទៅបេះត្រកួន រកក្ដាម ខ្យង និងកូនត្រីនៅបឹង ដើម្បីចិញ្ចឹមជីដូនចាស់ ដែលមានជំងឺជាប់ខ្លួនផង និងយកទៅលក់ខ្លះផង។ 

 
ជីវិតទីទាល់ក្រយ៉ាងនេះ ទំពាំងទាំងពីរមិនមានវាសនាបានចូលរៀនដូចក្មេងដទៃឡើយ ហើយនេះគឺជាអ្វីដែលផលិតករចង់បង្ហាញ៖«វាគឺជាបញ្ហាសង្គម ជាបញ្ហាជីវភាព និងសមត្ថភាពរបស់គាត់ គាត់មិនមានប្រាក់គ្រប់គ្រាន់ដើម្បីឱ្យកូនគាត់ទៅរៀន ហើយគាត់ត្រូវសម្រេចចិត្តថាចំណាកស្រុក។ ប្រសិនបើគាត់នៅ ក៏មិនមានអ្វីហូប អ៊ីចឹងមានតែទុកឱ្យកូនរបស់គាត់នៅជាមួយយាយចាស់ៗ។ នៅស្រុកភូមិរបស់ខ្ញុំភាគច្រើនគឺបែបហ្នឹង យើងជាអ្នកស្រែយើងធ្វើស្រែមិនបាន ហើយអ្នកខ្លះគាត់អត់មានស្រែធ្វើទេ»។
 
បើទោះបីជាវាគ្រាន់តែជាភាពយន្តឯកសារខ្លី ស្ដីពីជីវិតគ្រួសារមួយក៏ពិតមែន ប៉ុន្តែរឿងនេះបានបង្ហាញពីវិបត្តិសង្គម ដែលបានកើតមានស្ទើរតែគ្រប់ទីកន្លែង ដោយទាមទារឱ្យមនុស្សគ្រប់រូបរួមគ្នាគិត៖«ខ្ញុំចង់ឱ្យទាំងអស់គ្នាជួយឈឺឆ្អាលរឿងហ្នឹង ដូចថាយើងជួយឧបត្ថម្ភម្នាក់បន្តិចទៅ ឬក៏ធ្វើយ៉ាងម៉េចតាមតែយើងអាចជួយបាន។ មួយទៀតត្រូវបង្កើតការងារក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យពួកគាត់មានការងារធ្វើនៅក្នុងស្រុក ហើយមិនបាច់ចាំចំណាកស្រុកទៅឆ្ងាយផ្ទះ គាត់បាននៅជួបជុំបងប្អូន និងកូនចៅឱ្យមានភាពកក់ក្ដៅ។ សម្រាប់គ្រួសារខ្លះគាត់អត់មានលទ្ធភាព អ៊ីចឹងទៅគាត់ខ្ជិល គាត់តាមគ្នាថាធំហើយ ឯងរៀនធ្វើអ្វី ទៅថៃធ្វើចម្ការឆាប់បានលុយចូលផ្ទះជួយគ្រួសារ»។
 
ចំណែកអ្នកស្រី ហឿង ង៉ាស់ អាយុប្រហែល៣០ឆ្នាំ គឺជាជនជាតិដើមភាគតិចទំពួន មកពីខេត្តរតនគិរី ក្នុងស្រុកអូរជុំ ដែលជាតួអង្គមួយរូបក្នុងភាពយន្តឯកសារ។ មានកូន៣នាក់ប្រុស១ ស្ត្រីរូបនេះធ្លាប់បានស៊ូទ្រាំរស់នៅជាមួយប្ដី ដែលសេពគ្រឿងញៀន និងវាយធ្វើបាបគាត់យ៉ាងវេទនា។ អង្គុយក្នុងមជ្ឈមណ្ឌលបុប្ផាណា អ្នកស្រី ង៉ាស់ ដែលបានយកកូនស្រីអាយុ៤ឆ្នាំមកជាមួយផងនោះ បានប្រាប់ពីជីវភាពកាលគាត់មិនទាន់លែងលះជាមួយប្ដីយ៉ាងដូច្នេះ៖«យើងដាំសណ្ដែកបានប្រាក់១លាន គេយកជក់គ្រឿងញៀន លេងស្រី គេមិនចែកខ្ញុំទេ សល់តែ៥ពាន់រៀលគេឱ្យខ្ញុំ។ គេដើរផឹកដល់ម៉ោង១១ ដល់ម៉ោង១២ ឬដល់ម៉ោង៣។ អ្នកជិតខាងគេប្រាប់ខ្ញុំថាលែងទៅប្ដីហ្នឹង បើនៅយូរទៅ ប្រយ័ត្នគេធ្វើបាប ឬគេសម្លាប់នៅតាមចម្ការ ព្រោះប្ដីប្អូនឯងជក់គ្រឿងញៀនអ៊ីចឹង។ ខ្ញុំក៏ជឿបងប្អូនអ្នកជិតខាងហ្នឹងប្រាប់ ខ្ញុំគិតថាលែងក៏លែងទៅ ខ្ញុំមិនថាអ្វីទេ»។ 

  
 
ក្រោយពីបែកផ្លូវជាមួយប្ដី អំពើហឹង្សាក្នុងគ្រួសារត្រូវបានបញ្ចប់ ហើយស្រ្តីសម្បុរស្រអែម រាងតូចពាក់អាវយឺតកបត់ពណ៌សរូបនេះ ក៏បានទទួលផ្ទះ បន្ទប់ទឹក អង្ករមួយចំនួន និងប្រាក់ឧបត្ថម្ភខ្លះផង ពីអាជ្ញាធរមូលដ្ឋាន។ ទោះជាយ៉ាងណា ជីវិតដែលដើរតួជាម្ដាយផង ឪពុកផង ធ្វើឱ្យស្ត្រីមេម៉ារូបនេះនឹកតូចចិត្តខ្លះដែរ ប៉ុន្តែគាត់ក៏មិនបានសោកស្ដាយ ចំពោះការបំបែកភាពស្ងៀមស្ងាត់នេះដែរ៖«ពេលដែលគេផឹកស្រវឹងគេវ៉ៃ។ មានគ្នីគ្នាគេបបួលទៅជក់គ្រឿងញៀន ហើយគេត្រឡប់មកវិញ ដឹងតែគេវ៉ៃហើយ។ យើងមិនមាត់ ក៏គេដឹងតែវ៉ៃ។ ក្រោយពីលែងលះគ្នា ខ្ញុំមានសប្បាយចិត្តខ្លះ មិនសប្បាយចិត្តខ្លះ ព្រោះខ្ញុំមើលគេអ្នកមានប្ដី គេមានអ្វីៗសព្វគ្រប់ តែមើលមកខ្ញុំកូនក៏មិនទាន់ធំ ហើយហត់តែម្នាក់ខ្ញុំ»។
 
លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅក្រោយកម្មវិធីពិភាក្សាពីបទពិសោធន៍របស់យុវជន ដែលបានរៀនពីការផលិតភាពយន្តឯកសារថា ក្រុមការងាររបស់លោក បានព្យាយាមបង្ហាញពីបញ្ហារបស់សង្គម ដើម្បីឱ្យសាធារណៈជនបានដឹង និងចូលរួមគិត ចូលរួមដោះស្រាយ៖«រឿងអំពើហឹង្សាមិនមែនជារឿងអវិជ្ជមានទេ គឺជារឿងដែលយើងគួរពិចារណាថាតើ ឫសគល់នៃអំពើហឹង្សាហ្នឹង វាកើតមកពីណា ហើយអ្វីទៅជាដំណោះស្រាយនៃបញ្ហាហ្នឹង នេះហើយជារឿងដែលយើងជួយបន្លឺសំឡេង។ យើងលើកយកចំណុចណាដែលគេមិនទាន់ធ្វើ ដើម្បីជួយបំពេញលើចំណុចខ្វះខាត។ គឺយើងចង់បង្ហាញពីអ្វីដែលជាលក្ខណៈបុគ្គល ដើម្បីឱ្យគេឃើញថា មានរឿងអ៊ីចឹងកើតឡើងមែន»។ រូប៣
លោក សុភាព បញ្ជាក់បន្ថែម៖«តាមរយៈការធ្វើភាពយន្តឯកសារហ្នឹង យើងមិនមែនធ្វើភាពយន្តឯកសារអំពីបុគ្គលហ្នឹងទេ ប៉ុន្តែយើងធ្វើភាពយន្តឯកសារទៅលើបញ្ហាជាមួយបុគ្គលហ្នឹង។ ឧទាហរណ៍បងស្រីម្នាក់ ដែលរងអំពើហឹង្សាក្នុងគ្រួសារ ហើយការដែលមានអំពើហឹង្សាហ្នឹង វាឆ្លើយឆ្លងជាមួយនឹងគំនាបវប្បធម៌ ប្រពៃណីអីផងណា។ ទម្រាំតែគាត់យល់ឃើញថា អាណឹងគេធ្វើបាបគាត់ គាត់ពិបាកអ៊ីចឹងទៅ គាត់ចង់ទម្លាយ ដូច្នេះយើងគ្រាន់តែជួយគាត់ ដើម្បីឱ្យគាត់និយាយពីបញ្ហាដែលកើតឡើងចំពោះគាត់ ដើម្បីឱ្យមានដំណោះស្រាយសម្រាប់គាត់»។
 
មានកូនច្បងអាយុ១០ឆ្នាំរៀនថ្នាក់ទី២ ស្ត្រីជនជាតិដើមភាគតិចទំពួន ហឿង ង៉ាស់ មានដីធ្វើស្រែតូចល្មម ដើម្បីចិញ្ចឹមកូនទាំង៣នាក់។ បានមើលឃើញពីផលវិបាក លើជីវិតខ្វះចំណេះដឹង អ្នកស្រី ហឿង ង៉ាស់ ចង់ឱ្យកូនទាំង៣បានរៀនសូត្រខ្ពង់ខ្ពស់៖«បើមានសាលាខ្ញុំចង់ឱ្យគេ(កូន)រៀនទាំងអស់គ្នា ទាល់តែចប់បើសិនជាខ្ញុំមានប្រាក់ ខ្ញុំចង់ឱ្យកូនចេះដូចគេ។ ម៉ែហ្នឹងហើយមិនចេះអក្សរ កុំឱ្យដូចម៉ែត្រូវគេធ្វើបាប ពេលមានប្ដីក៏ប្ដីធ្វើបាប។ អ៊ីចឹងហើយខ្ញុំប្រាប់កូនថា កូនខំរៀនពេលកូនធំឡើង មើលតែម៉ែទៅ មានប្ដីក៏ប្ដីធ្វើបាប ហើយមិនមានបងប្អូនណាទេ»។  
 
វិលមកផលិតករវ័យក្មេង ឌិន រ៉ូដា ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ក្នុងក្រុងសិរីសោភ័ណវិញ ក្រោយពីបានប្រឡូកក្នុងដំណើរការផលិតភាពយន្តឯកសារ ធ្វើឱ្យគេទទួលបានចំណេះដឹងកាន់តែច្រើនពីជីវភាព និងស្ថានភាពរស់នៅរបស់អ្នកភូមិ។ ថ្មីដ្បិតតែភាពយន្តឯកសាររបស់ រ៉ូដា មានត្រឹមក្នុងរង្វង់១០នាទី ប៉ុន្តែយុវជនរូបនេះ បានចំណាយពេលប្រហែល៤ខែ ដើម្បីធ្វើការងារនេះ ហើយគេសង្ឃឹមថាវានឹងជួយឱ្យមានការផ្លាស់ប្ដូរក្នុងសហគមន៍របស់ខ្លួន៖«បើសិនជាអាចទៅរួចខ្ញុំចង់ឱ្យមានការងារសម្រាប់អ្នកភូមិខ្ញុំធ្វើបានគ្រប់គ្នា ទោះគាត់មានចំណេះដឹងតិចតួច ក៏គាត់អាចរកប្រាក់ចិញ្ចឹមជីវិតរបស់គាត់ ដោយមិនបាច់ចំណាកស្រុកខុសច្បាប់។ ផលិតផលប្រចាំភូមិស្រុករបស់ពួកខ្ញុំ មានតែចម្ការនិងបន្លែអីហ្នឹង ប្រសិនបើចម្ការបន្លែហ្នឹងវាមិនបានផលឱ្យគាត់ចំណេញ គឺចប់តែម្ដង។ បានផលតិចហើយវាថោកទៀត អ៊ីចឹងខ្ញុំសង្ឃឹមថាគាត់(ភាគីពាក់ព័ន្ធ)នឹងជួយឱ្យបានឡើងថ្លៃ»។ 
 
 ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ មជ្ឈមណ្ឌលបុប្ផាណា ក៏ជួបបញ្ហាហិរញ្ញវត្ថុដូចស្ថានប័នផ្សេងៗទៀតដែរ។ ដើម្បីការពារសុវត្ថិភាព មជ្ឈមណ្ឌលនេះបានផ្អាកសកម្មភាពរបស់ខ្លួនប្រហែល៣ខែ ដូច្នេះហើយធ្វើឱ្យការងារមួយចំនួនត្រូវជាប់គាំង។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីមួយចំនួន នៅតែបន្តក្នុងទ្រុងទ្រាយតូច នេះបើតាមលោក សុភាព បញ្ជាក់៖«កម្មវិធីបណ្ដុះបណ្ដាលយុវជន យើងនៅតែបន្ត ព្រោះយើងធ្វើតាមអនឡាញ ជួនយើងជួបជំគ្នាក្នុងបន្ទប់ មានគ្រូនិងសិស្សតែ២ទៅ៣នាក់អ៊ីចឹងទៅ។ ចំពោះការផលិតភាពយន្តឯកសារ យើងបន្ថយជាទ្រុងទ្រាយធំ មានន័យថាយើងធ្វើតែទ្រុងទ្រាយតូចទេ។ នៅក្នុងដំណាក់កាលកូវីដ១៩នេះ យើងព្យាយាមធ្វើអ្វីមួយឱ្យវាសាមញ្ញ ចាយប្រាក់ហ្នឹងក៏តិចតួច កៀងគររកការជួយគាំទ្រហ្នឹង ក៏ព្យាយាមខ្លាំងណាស់ដែរ ព្រោះពិបាកក្នុងការរកជំនួយក្នុងដំណាក់កាលនេះ»។
 
កន្លងមកមជ្ឈមណ្ឌលបុប្ផាណា បានផលិតភាពយន្តផ្ដោតលើបញ្ហាសង្គមច្រើនមកហើយ ហើយវាត្រូវបានមនុស្សលើកយកទៅពិភាក្សាគ្នា។ តាមរយៈភាពយន្តឯកសារទាំងឡាយ ដែលបុប្ផាណាបានផលិត លោក ជា សុភាព ស្នើដល់សាធារណៈជន ចូលរួមមើលពីបញ្ហាដែលកំពុងកើតឡើង និងបន្លឺសំឡេងដើម្បីស្វែងរកដំណេះស្រាយជូនអ្នកដែលមានបញ្ហា៕ 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com