ជាតិ
ឈប់សម្រាក​៤​ថ្ងៃ ជាង​១៦​ម៉ឺន​នាក់​ទៅលេង​សៀមរាប ហើយ​ជាង​៤០​ម៉ឺន​នាក់​នៅ​លេង​ក្នុង​រាជធានី​ភ្នំពេញ​
02, Nov 2020 , 10:19 pm        
រូបភាព
ដោយ:
​មាន​ភ្ញៀវទេសចរ​ជាង ៦៤​ម៉ឺន​នាក់ បាន​ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃ​ឈប់សម្រាក​រយៈពេល​៤​ថ្ងៃ​មកនេះ ក្នុងនោះ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​។ ក្រៅពីនេះ ក្រសួងទេសចរណ៍ ក៏បាន​ឲ្យ​ដឹង​ដែរ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ៤០​ម៉ឺន​នាក់ ក៏បាន​ចេញ​ដើរ​កម្សាន្ត​នៅពេល​រាត្រី នៅ​តំបន់​មួយចំនួន​ផងដែរ រួមមាន​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង​ជាដើម​។​
 
 
​នៅ​ថ្ងៃ​ឈប់សម្រាក​នាឱកាស​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ព្រះ​រាជពិធី​បុណ្យអុំទូក រយៈពេល ៤​ថ្ងៃ​មកនេះ  មាន​ភ្ញៀវទេសចរ​ជាង ៦៤​ម៉ឺន​នាក់ បាន​ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​។  
 
​របាយការណ៍​ដដែល ខេត្តសៀមរាប នៅតែ​ជា​គោលដៅ​ពេញនិយម​ជាងគេ សម្រាប់​ភ្ញៀវទេសចរ ដោយ​នៅក្នុងពេល​ឈប់សម្រាក​រយៈពេល​៤​ថ្ងៃ​មកនេះ ដោយ​ខេត្ត​នេះ​ទទួលបាន​អ្នកទេសចរ ជាង​១៦​ម៉ឺន​នាក់​។ ក្រសួងទេសចរណ៍ ឲ្យ​ដឹង​ទៀតថា ខេត្តកំពត ទទួលបាន​ទេសចរ​ច្រើន​លំដាប់​ទី​២ ដែលមាន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​។ បន្ទាប់មក គឺ​ខេត្ត​ព្រះសីហនុ មាន​ទេសចរ​ទៅលេង​ជាង​៥​ម៉ឺន​នាក់ ខណៈ​ខេត្តកណ្តាល​មាន​ជិត​៥​ម៉ឺន​នាក់​ដែរ​។ 


 
​តាម​របាយការណ៍​ដដែល ទេសចរ​ជិត​៤​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅក្នុង​ខេត្ត​កែប និង​ប្រមាណ​៤​ម៉ឺន​នាក់ ដើរលេង​កម្សាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ​។ មណ្ឌលគិរី និង​កោះកុង ទទួលបាន​ទេសចរ ប្រមាណ​២​ម៉ឺន​នាក់​រៀងខ្លួន នៅក្នុង​រយៈពេល​ឈប់សម្រាក​បុណ្យអុំទូក និង​ព្រះ​រាជពិធី​គ្រង​រាជសម្បត្តិ​នេះ​។​
 
«​ពុំ​មានការ​ប្រារព្ធ​ពិធី​អុំទូក​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត គួបផ្សំ​នឹង​បញ្ហា​ទឹកជំនន់​ផង ជាហេតុ​អ្នកទេសចរ​ឆ្នាំនេះ មានការ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​»​។ នេះ​ជាការ​ពន្យល់​របស​ក្រសួងទេសចរណ៍​។  
 
​បើតាម​ក្រសួងទេសចរណ៍​ដោយសារ​ឆ្នាំនេះ​មាន​គ្រោះទឹកជំនន់ ធ្វើ​ឲ្យ​ស្ថានភាព​ផ្លូវ​មានការ​លំបាក​ទៅកាន់​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់ ដូច្នេះ​ខេត្ត​ទាំង ៤​នេះ​ទទួលបាន​អ្នកទេសចរ​ត្រឹម​ប្រមាណ​ជា ៤​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​ទេសចរ​ជាង​៦៤​ម៉ឺន​នាក់​នេះហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​វាយតម្លៃ​ដែរ​ថា មាន​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​៤០​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​ពេល​រាត្រី​នៅ​គោលដៅ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​នៅ​តំបន់​កោះ​ពេជ្រ​, ទស្សនា​កាំជ្រួច​នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង​, តំបន់​កម្សាន្ត​ជ្រោយចង្វារ​, និង​តំបន់​វិមាន​ឈ្នះ​-​ឈ្នះ​ជាដើម​។​
 
​ពាក់ព័ន្ធ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ត្រូវ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​៕


 
 

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com