កីឡាអន្តរជាតិ
អន្តរជាតិ
Mercedes ក្លាយជា​ជើងឯក F1 ផ្នែក​គ្រឿង​ម៉ាស៊ីន លើក​ទី​៧​ជា​កំណត់ត្រា​
02, Nov 2020 , 7:39 pm        
រូបភាព
Mercedes បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​បានឈ្នះ​ពានរង្វាន់​ផ្នែក​គ្រឿង​ម៉ាស៊ីន​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula One ចំនួន​៧​លើក​ជាប់​គ្នា​។ Lewis Hamilton និង Valtteri Bottas បាន​ជួយ Mercedes ទទួលលទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ ក្រោយ​អ្នក​ទាំងពីរ​បញ្ចប់​ក្នុង​ថ្នាក់​ទី​១​និង​ទី​២ នា​ការប្រណាំង F1 ក្នុង​កម្មវិធី Emilia Romagna Grand Prix​។​


​ម្ចាស់​ការពារ​តំណែង​ជើងឯក Lewis Hamilton បាន​អបអរ​ជ័យជម្នះ​លើក​ទី​៩៣​ក្នុង​អាជីព នា​ការប្រណាំង​រថយន្ត F1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប នៅឯ​ទីលាន Imola ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​។ ការ​ឈ្នះ​ការប្រណាំង​ជា​លើក​ទី​៩ នៅ​រដូវ​កាល​ឆ្នាំ​២០២០​នេះ ក៏​ធ្វើ​ឲ្យ Hamilton ឆ្ពោះទៅ​កាន់ការ​គ្រង​តំណែង​ជើងឯក​លើក​ទី​៧ របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។​
  


​កំពូល​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស វ័យ​៣៥​ឆ្នាំ​ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បាន​ប្រើ​ថេរវេលា ១​ម៉ោង ២៨​នាទី និង​៣២​វិនាទី ដើម្បី​បញ្ចប់​ទី​មុនគេ​ក្នុង​កម្មវិធី Emilia Romagna Grand Prix ជាទី​លាន​ទី​១៣​នេះ​។ មិត្ត​រួម​ក្រុម Mercedes កីឡាករ Valtteri Bottas ធ្វើបាន​ចំណាត់ថ្នាក់​ទី​២ ខណៈ Daniel Ricciardo ដែល​បើកបរ​ឲ្យ​ក្រុម Renault បញ្ចប់​ក្នុង​លេខ​រៀង​ទី​៣​។​
 
​ការទទួលបាន​ចំណាត់ថ្នាក់​ទី​១ និង​ទី​២​របស់ Hamilton និង Bottas នៅ​ទីលាន​ទី​១៣​នេះ បានធ្វើ​ឲ្យ Mercedes មាន​ពិន្ទុ​នាំមុខ​ដាច់​លើ​ក្រុម​ដទៃ ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់​ផ្នែក​គ្រឿង​ម៉ាស៊ីន​រដូវ​កាល​នេះ​ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​ការប្រណាំង​នៅសល់​៤​លើក​ទៀត​ក្តី​។ គិត​ទាំង​រដូវ​កាល​ឆ្នាំ​២០២០​នេះ Mercedes គ្រង​ជើងឯក​ផ្នែក​គ្រឿង​ម៉ាស៊ីន​ក្នុង​ព្រឹត្តិការណ៍ F1 ចំនួន​៧​លើក​ជាប់ៗ​គ្នា​ជា​កំណត់ត្រា​។​


 
Hamilton រកបាន​២៨២​ពិន្ទុ បូក​ជាមួយ Bottas អ្នក​ប្រណាំង​ហ្វាំ​ង​ឡង់​ដែលមាន​១៩៧​ពិន្ទុ ធ្វើ​ឲ្យ Mercedes មាន​ពិន្ទុសរុប​៤៧៩​ពិន្ទុ នាំមុខ​ក្រុម Red Bull មាន​ពិន្ទុសរុប​២២៦​ពិន្ទុ បន្ទាប់ពី​អ្នកបើកបរ​របស់​ពួកគេ Max Verstappen រកបាន​១៦២​ពិន្ទុ និង​កីឡាករ​ថៃ Alexander Albon មាន​៦៤​ពិន្ទុ​។​
 
​ស្របពេល Mercedes ទទួលបាន​ពិន្ទុ​ដាច់​គេ ប៉ុន្តែ​ក្រុម​ប្រណាំង Williams មិនទាន់​ទទួលបាន​ពិន្ទុ​រាប់​នៅឡើយ​។ យ៉ាងណា Williams ដែលមាន​កីឡាករ​ពីររូប Nicholas Latifi និង George Russell បានដាក់​គោលដៅ​យក​ពិន្ទុ F1 ឲ្យ​បាន​នៅ​រដូវ​កាល​នេះ​។​
 
​ដោយឡែក Hamilton នឹង​ឈ្នះ F1 ជា​លើក​ទី​៧​របស់ខ្លួន​នៅក្នុង​ការប្រណាំង​បន្ទាប់​ក្នុង​កម្មវិធី Tukish Grand Prix ប្រទេស​តួ​ក​គី​នៅ​ថ្ងៃទី​១៥​វិច្ឆិកា​តែម្តង ប្រសិនបើ Bottas មិនអាច​រារាំង​ឲ្យ​ដៃគូ​របស់គេ​រកបាន​ពិន្ទុ​លើស​ខ្លួន​ចាប់ពី​៧​ពិន្ទុ​ទេនោះ​៕
 


Tag:
 Mercedes
  Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com