COVID-19
រថយន្ត
អន្តរជាតិ
ទុយ​នី​ស៊ី​តម្រូវ​ឲ្យ​មនុស្ស​ក្នុង​រថយន្ត​ឯកជន​ទាំងអស់​ពាក់​ម៉ាស​
02, Nov 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ការពាក់​ម៉ាស នៅពេល​ធ្វើដំណើរ​តាម​រថយន្ត គឺជា​លក្ខខណ្ឌ​តម្រូវ​របស់​រដ្ឋាភិបាល​ទុយ​នី​ស៊ីក្នុង​បរិបទ​កូ​វីដ​-១៩​។ ក្នុង​បទ​អ​ន្តា​គម​ន៍​មួយ​ជាមួយ​បណ្តាញ​ព័ត៌មាន​ជាតិ លោក Khaled Hayouni អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ទុយ​នី​ស៊ី បាន​សង្កត់​ជាពិសេស​ចំពោះ​រថយន្ត​ឯកជន​។​
 
​រថយន្ត​ឯកជន មាន​កន្លែង​ចង្អៀត ហើយ​អ្នកជិះ​នៅ​កៀក​គ្នា​យ៉ាងខ្លាំង ដោយ​មិនអាច​រក្សា​គម្លាត​សុវត្ថិភាព​បាន​នោះឡើយ​។ លោក Hayouni បានបញ្ជាក់​យ៉ាង​ដូច្នេះ​ទៅកាន់​ទូរទស្សន៍ Watania 1 ដើម្បី​បង្ហាញ​ពី​សារសំខាន់​នៃ​ការពាក់​ម៉ាស​ពេលធ្វើ​ដំណើរ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​លើកឡើងថា សម្រាប់​ការធ្វើដំណើរ​តែម្នាក់ឯង ការពាក់​ម៉ាស​មិនមែនជា​លក្ខខណ្ឌ​កំហិត​នោះឡើយ​។ លោក​បាន​អះអាងថា​យ៉ាង​ដូច្នេះ​ថា​៖ «​គោលបំណង​របស់​យើង គឺ​ដើម្បី​គាំពារ​សុខភាព​សាធារណៈ​»​។​
 
​កាលពី​ថ្ងៃទី​១០ ខែតុលា លោក Hichem Mechichi ដែលជា​ប្រមុខ​រដ្ឋាភិបាល​ទុយ​នី​ស៊ី បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ពាក់​ម៉ាស​នៅ​ទីសាធារណៈ ដោយ​អ្នក​មិន​គោរព​តាម​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​៦០​ឌី​ណា​ទុយ​នី​ស៊ី (DT) ដែល​ស្មើ​ជាង​២០​ដុល្លារ​អាមេរិក​។ 
 
​គិត​មកដល់ពេលនេះ ទុយ​នី​ស៊ី មាន​ករណី​ឆ្លង COVID-19 ជាង​៦​ម៉ឺន​ករណី ដែល​ក្នុងនោះ ស្លាប់​ជិត​១៤០០​នាក់ និង​សះស្បើយ​ជាង​៥០០០​នាក់ ដែល​មានន័យថា មនុស្ស​រាប់ម៉ឺន​នាក់​ទៀត​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

Tag:
 រថយន្ត COVID19
© រក្សាសិទ្ធិដោយ thmeythmey.com