ជាតិ
សង្គមជាតិ
តូប​៧៥ ដែលមាន​ទឹកប្រាក់​៣៥​ម៉ឺន​ដុល្លារ ត្រូវបាន​ខូចខាត​ដោយសារ​អគ្គិភ័យ នៅ​ផ្សារ​ពពិល​ខេត្តព្រៃវែង​
05, Nov 2020 , 11:14 am        
រូបភាព
រូបភាពពីនាយកដ្ឋាន​នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​
រូបភាពពីនាយកដ្ឋាន​នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​
​​ភ្នំពេញ​៖ អគ្គិភ័យ​ដែល​បាន​ឆេះ​ផ្សារ​ពពិល ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី​៤ ខែវិច្ឆិកា បាន​បណ្តាល​ឲ្យ​តូប​លក់ដូរ​ចំនួន​៧៥​តូប ស្មើនឹង​៧០​ភាគរយ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​៣៥​ម៉ឺន​ដុល្លារ ត្រូវបាន​ខូចខាត​ទាំងស្រុង​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​នគរបាល​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាលជាតិ​។
 
​លោក ឈាង សុវណ្ណ​រ៉ា នាយករង​រដ្ឋបាលខេត្ត​ព្រៃវែង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​នេះ គឺ​ដោយសារ​ទុស្សេ​ខ្សែភ្លើង ដែល​កើតឡើង​នៅ​ម៉ោង​៩​យប់ នា​ថ្ងៃទី​៤ ខែវិច្ឆិកា និង​រលត់ទៅវិញ​នៅ​ម៉ោង​១២​កន្លះ​យប់ ឈានចូល​ថ្ងៃទី​៥ ខែវិច្ឆិកា​។ ក្នុង​អគ្គិភ័យ​នោះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២១​គ្រឿង​។ 
 
​លោក ឈាង សុវណ្ណ​រ៉ា បាន​បញ្ជាក់ថា អភិបាលខេត្ត​នឹង​រៀបចំ​គណៈកម្មាធិការ​ក្នុងការ​ដោះស្រាយ​ជូន​អាជីវករ​ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​។ លោក​បាន​រៀបរាប់​ដូច្នេះ​៖«​ខេត្ត​ទើបតែ​រៀបចំ​គណៈកម្មាធិការ​។ មានការ​បន្ត​យើង​នឹង​ជុំគ្នា​ទៀត​។ យើង​នឹង​ដោះស្រាយ​ជូន​គាត់​ឆាប់ៗ យើង​មិន​ទុកចោល​ការងារ​អ៊ីចឹង​ទេ គឺ​យើង​ត្រូវ​រៀបចំ​ឲ្យ​លឿន​»៕ 
 
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com