ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កំឡុងពេល​សម្រក​ទម្ងន់ ដាច់ខាត​គួរ​កម្រិត ឬ​កុំ​ទទួលទាន​អ្វីខ្លះ​?
16, Dec 2020 , 8:59 pm        
រូបភាព
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​ទម្ងន់​រាងកាយ​។ ដូច្នេះ​ការដឹង​ពី​អាហារ​ចាំបាច់​គួរ ឬ​ត្រូវ​ចៀសវាង​កំឡុងពេល​សម្រក​ទម្ងន់ គឺ​សំខាន់​ណាស់​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារសម្រន់​ដែល​អ្នក​គួរ​តម ឬ​កម្រិត​ការទទួល​ទាន​កំឡុងពេល​សម្រក​ទម្ងន់ ៖
 
១. ទំពាំងបាយជូរ​
 
​ទោះបីជា​ផ្លែឈើ​នេះ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​កំឡុងពេល​សម្រក​ទម្ងន់​អ្នក​ចាំបាច់​គួរ​កម្រិត ឬ​ផ្អាក​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​សិន​ដោយ​វា​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ អ្នក​អាច​កាត់បន្ថយ​ទំពាំងបាយជូរ​មក​ត្រឹម​ពាក់កណ្ដាល​និង​ទទួលទាន​លាយ​ជាមួយ​ឈី​ស​ដែលមាន​ផ្ទុក​កាឡូរី​ទាប​។ ប្រូតេអ៊ីន​ក្នុង​ឈី​សនឹង​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
២. បា​យស​
 
​អាហារ​នេះ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​និង​ត្រូវបាន​រំលាយ​ឆាប់រហ័ស​ដោយ​រាងកាយ​។ ជា​លទ្ធផល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើនឡើង ហើយ​ធ្វើឱ្យ​អ្នក​កាន់តែ​ឃ្លាន​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ស្ករ ខ្លាញ ឬ​អំបិល​ខ្ពស់​។ កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ក៏​នឹង​បណ្ដាលឱ្យ​ថាមពល​រាងកាយ​ឆាប់​ថយចុះ​ផងដែរ​។ រាងកាយ​នឹង​ចាប់ផ្ដើម​ឃ្លាន​អាហារ​ដោយសារ​កង្វះ​ថាមពល​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ព្យាយាម​ទទួលទាន​បាយ​អង្ករសម្រូប​ជំនួស​វិញ​។​
 
៣. ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​
 
​ជាតិ​ផ្អែម​សិប្ប​និ​ម្ម​ត្តិ​ដែលមាន​ផ្ទុក​ក្នុង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​អាច​បណ្ដាលឱ្យ​រាងកាយ​ចាប់ផ្ដើម​ឃ្លាន​អាហារ​សម្បូរ​ជាតិ​ស្ករ​កាន់តែខ្លាំង​ពិបាក​នឹង​គ្រប់គ្រង​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ៗ ឬ​ទឹក​ធម្មតា​ឱ្យបាន​ច្រើន​ជំនួស​វិញ​។​
 
៤. អាហារ​កំប៉ុង​
 
​ភាគច្រើន​នៃ​អាហារ​កំប៉ុង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល ដើម្បី​អាច​រក្សាទុក​បានយូរ​។ សូ​ដ្យូ​ម គឺជា​សារធាតុ​ប្រឆាំង​ការបញ្ចុះ​ជាតិ​ទឹក​ដែល​មានន័យថា វា​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ដូច្នេះ​អ្នកនឹង​ជួបប្រទះ​អាកា​រៈ​ហើម ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល ហើយ​មើលទៅ​ធាត់​ទោះបីជា​អ្នក​ព្យាយាម​សម្រក​ទម្ងន់​យ៉ាងណាក៏ដោយ​។ លើសពីនេះទៅទៀត អាហារ​កំប៉ុង​មាន​ផ្ទុក​ជាតិ​កាឡូរី​ខ្ពស់ ប៉ុន្តែ​សារធាតុចិញ្ចឹម​ចាំបាច់​ទាប​បំផុត​ដែល​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព ក៏ដូចជា​ទម្ងន់​របស់​អ្នក​។​
 
៥. គ្រឿង​ស្រវឹង​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា ការទទួល​ទាន​គ្រឿង​ស្រវឹង គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព ក៏ដូចជា​កំឡុងពេល​សម្រក​ទម្ងន់​។ សូម្បីតែ​ការទទួល​ទាន​ស្រាក្រហម​ត្រឹម​កម្រិត​មធ្យម​ក៏​កើន​កាឡូរី​បន្ថែម​ដល់​ទៅ ២០០០ កាឡូរី​ក្នុង​រយៈពេល​មួយខែ​។ លើសពីនេះទៅទៀត រាងកាយ​នឹងមិន​អាចធ្វើ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ផ្សេងៗ​បានឡើយ ប្រសិនបើ​ជាតិ​អាល់កុល​មិន​ត្រូវបាន​កម្ចាត់​ចេញ ឬ​បន្សាប​អស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com