ជាតិ
សេដ្ឋកិច្ច
ឯកអគ្គរដ្ឋទូត​រុស្ស៊ី ថា ក្រុមហ៊ុន​ជាច្រើន កំពុង​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​
05, Nov 2020 , 10:59 pm        
រូបភាព
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅក្នុងជំនួបលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣ វិច្ឆិកា ២០២០
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅក្នុងជំនួបលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣ វិច្ឆិកា ២០២០
​ភ្នំពេញ​៖ ក្រុមហ៊ុន​រុស្ស៊ី​ជាច្រើន ចាប់អារម្មណ៍​លើ​ការវិនិយោគ​នៅ​កម្ពុជា ។ នេះ​ជាការ​លើកឡើង​របស់លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៣ វិច្ឆិកា​។​

​បំណង​ដែល​អ្នកវិនិយោគ​រុស្ស៊ី ចង់​ទុន​រកស៊ី​នៅ​កម្ពុជា ដោយសារ​ពួកគេ​មើលឃើញ​ពី​សក្ដានុពល​សេដ្ឋកិច្ចកម្ពុជា​។ ក្រសួង​សេដ្ឋកិច្ច បាន​ស្រង់​សម្តី​លោក Anatoly Borovik យ៉ាង​ដូច្នេះ​ថា​៖«​មាន​ក្រុមហ៊ុន​ជាច្រើន ទាំង​ក្រុមហ៊ុន​ធំ និង​មធ្យម កំពុងមាន​ចំណាប់អារម្មណ៍ និង​ស្វែងរក​កាលានុវត្តភាព ក្នុងការ​ដាក់ទុន​វិនិយោគ និង​ប្រកប​ធុរកិច្ច​នៅ​កម្ពុជា​។ នាពេលខាងមុខ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នឹងមាន​ការកើនឡើង​ជា​បន្តបន្ទាប់​»​។​
 
​លោក អូន ព័ន្ធមុន្នីរ័ត្ន អះអាងថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។ «​ស្វាគមន៍​វិនិយោគ​ពី​រុស្ស៊ី មក​ដាក់ទុន​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​កំណើនសេដ្ឋកិច្ច​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​។​
 
​បើតាម​លោក អូន ព័ន្ធមុន្នីរ័ត្ន ទោះបីជា​ក្នុង​បរិបទ​កូ​វីដ​-១៩ ក្តី ក៏​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​-​រុស្ស៊ី នៅតែ​ដំណើរការ​ទៅមុខ​ដោយ​រលូន ជាពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និង​វប្បធម៌​។​
 
​លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា បាន​អះអាងថា រដ្ឋាភិបាល​ខ្លួន នឹង​បន្ត​ជួយ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ក៏ដូចជា​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ទៅ​សិក្សា​នៅ​រុស្ស៊ី ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ និង​ជំនួយ​បច្ចេកទេស​ជាដើម​។​
 
​គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​រុស្ស៊ី មាន​ជាង​៥៥​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩​។ ភាគី​ទាំងពីរ រំពឹងថា ទំហំ​ពាណិជ្ជកម្ម នឹង​កើនឡើង​ទៀត នៅ​ឆ្នាំ​២០២០៕

Tag:
 សេដ្ឋកិច្ច​
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com