ជាតិ
សង្គមជាតិ
វៀតណាម៦នាក់ និងខ្មែរម្នាក់ ស្លាប់ក្នុងហេតុការណ៍ក្រឡាប់ឡាននៅសៀមរាប
06, Nov 2020 , 10:24 am        
រូបភាព
សមត្ថកិច្ច ចុះទៅពិនិត្យកន្លែងក្រឡាប់រថយន្ត នៅម្តុំស្ពានត្នោត១ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប
សមត្ថកិច្ច ចុះទៅពិនិត្យកន្លែងក្រឡាប់រថយន្ត នៅម្តុំស្ពានត្នោត១ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប
មានករណីក្រឡាប់រថយន្តស្តារិច នៅម្តុំស្តានត្នោត១ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បណ្តាលឲ្យជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ បានបាត់បង់ជីវិត។ នេះបើតាមលោក ជឹម សុវណ្ណ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។


ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក ជឹម សុវណ្ណ ដែលកំពុងចុះទៅពិនិត្យមើលកន្លែងកើតហេតុ សន្និដ្ឋានជាបឋមថា រថយន្ត ដែលក្រឡាប់នោះ ប្រហែលជារថយន្តឈ្នួល ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លោក បន្តថា មូលហេតុ គឺដោយសារតែអ្នកបើកបរ អត់ងងុយ ហើយបើកក្នុងល្បឿនលឿន។

ប្រធានការិយាល័យចរាចរណ៍រូបនេះ បញ្ជាក់ថា ជនជាតិខ្មែរម្នាក់ដែលស្លាប់នោះ គឺជាអ្នកបើកបរ ហើយជនជាតិវៀតណាមទាំង៦នាក់ ដែលស្លាប់ មានក្មេងស្រីម្នាក់ និងបុរស៥នាក់។ ប៉ុន្តែ លោក អះអាងថា គ្មានអ្នករបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តនេះឡើយ។ លោក បន្ថែមថា អ្នកធ្វើដំណើរតាមរថយន្តស្តារិចនោះ គឺចេញពីវៀតណាម ក្នុងគោលបំណងទៅប្រទេសថៃ៕ 

Tag:
 ចរាចរណ៍
  ក្រឡាប់ឡាន
  ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com