ជាតិ
ភ្នំនាងកង្រី នៅតែជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញនៅកំពង់ឆ្នាំង 07, Nov 2020 , 12:39 pm
× រមណីយដ្ឋានភ្នំនាងកង្រី ជាតំបន់ទេសចរណ៍មួយស្ថិតនៅក្នុងឃុំពីរ គឺឃុំពោធិ និងឃុំត្រងិលក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រមណីយដ្ឋានភ្នំនាងកង្រី មានសម្រស់ព្រៃភ្នំ និងទឹកទន្លេនៅជាប់ជើងភ្នំយ៉ាងទាក់ទាញ ជាពិសេសទេសចរអាចទៅកម្សាន្តបានគ្រប់រដូវកាល។ នេះបើតាមគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង។
រមណីយដ្ឋានភ្នំនាងកង្រី មានទស្សនីយភាពធម្មជាតិយ៉ាងទាក់ទាញដែលមានរូបរាងភ្នំយ៉ាងចម្លែកគឺរាងដូចមនុស្សដេក។ នៅលើភ្នំនាងកង្រី មានដើមឈើតូចធំជាច្រើនប្រភេទ ជើងភ្នំមានទន្លេយ៉ាងធំល្វឹងល្វើយ ដែលអាចឲ្យទេសចរជិះទូកកម្សាន្ត និងងូតទឹកលេងបានគ្រប់រដូវកាល។ អ្នកទេសចរក៏អាចមើលសម្រស់ភ្នំនាងកង្រី ពីត្រើយម្ខាងនៃទន្លេផ្សារក្រោមផងដែរ។
ក្រៅពីមានសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ទេសចរក៏អាចសិក្សាពីវប្បធម៌ និងប្រវត្តិនៃភ្នំមួយនេះបាន ក្រៅតែពីបានដឹងតាមរយៈរឿងព្រេងបុរាណខ្មែរ។
សូមជម្រាបផងដែរថា ទេសចរដែលចង់ទៅកម្សាន្តនៅភ្នំនាងកង្រី ត្រូវឆ្លងតាមដងទន្លេសាបតាមកំពង់ផែទេសចរណ៍ ដើមពោធិ៍ផ្សារក្រោម ។ ទេសចរត្រូវធ្វើដំណើរទៅដល់ចំណុចកំពង់ហាវ ឬកំពង់បឹង រួចបន្តដំណើរឆ្លងកាត់ភូមិ៤ គឺ ភូមិពោធិ៍អណ្ដែត កំពង់បឹង កែងតាសុក និងអណ្ដូងរនុក ហើយកាត់តាមច្រកភ្នំត្របែក ទៅដល់ដើមពោធិ៍ធំមួយ ឈ្មោះថា ពោធិ៍ដំណាក់ បត់ឆ្វេងដើរកាត់តាមវាលស្រែចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ទើបដល់ភ្នំនាងកង្រី។ នេះបើតាមគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំងដដែល៕
Tag:
ភ្នំនាងកង្រី
កំពង់ឆ្នាំង
ទេសចរណ៍
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com