COVID-19
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជំនួយជិត២៣០លានដុល្លារ ដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិបត្តិCOVID-19 07, Nov 2020 , 4:29 pm
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាទឹកប្រាក់ចំនួន២៥,៣ពាន់យ៉េន(ប្រមាណ២២៩,៧លានដុល្លារអាមេរិក)ដល់ កម្ពុជា សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាពិសេស គឺដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩(COVID-19)។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទិ៦វិច្ឆិកា ឆ្នាំ២០២០។
ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា ក្នុងចំណោមថវិកាទាំងជិត២៣០លានដុល្លារនេះ មាន២,៧លានដុល្លារ ជាជំនួយឥតសំណង សម្រាប់គាំទ្រកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលផ្តល់ឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់អង្គភាពខាងលើ តាមរយៈការផ្តល់សម្ភារ យានយន្តសម្រាប់ការពារសន្តិសុខដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។
ដោយឡែក ថវិកាចំនួន២២៧លានដុល្លារទៀត ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យកម្ពុជានោះ គឺជាឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩។ តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(IMF) ឥណទាននេះ នឹងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាលំនឹងភាពសកម្មភាពនៃសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំពារសង្គម។
សម្រាប់ឥណទាននេះគឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណងប្រមាណ៤៥លានដុល្លារ កន្លងមក ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការធ្វើឱ្យប្រសើរឡើងវិញនូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប។ បើតាមស្ថានទូចជប៉ុនប្រចាំកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com