ជាតិ
បទសម្ភាសន៍
រថយន្ត
រថយន្ត ROLLS-ROYCE ប្រភេទ Silver ម៉ូ​ឌែ​ល Spur Mark II ដ៏​កម្រ
09, Nov 2020 , 7:19 pm        
រូបភាព
​យានដ្ឋាន Electric Motors Club កំពុង​ជួសជុល​រថយន្ដ​បុរាណ​មួយ​ដ៏​ថ្លៃ​ណាស់​។ គឺជា​ឡាន​ម៉ាក ROLLS-ROYCE ប្រភេទ Silver ម៉ូ​ឌែ​ល Spur សេរី Mark II ផលិត​ឆ្នាំ​១៩៨៩​។ មិនមែន​តែ​តម្លៃ​រថយន្ត​នោះទេ​ដែល​ថ្លៃ តម្លៃ​ជួសជុល​ក៏​ថ្លៃ​ដែរ​។ លោក ស្រ៊ាង អភិរក្ស ដែលជា​អ្នកគ្រប់គ្រង​បណ្តាញ​សង្គម​របស់​យានដ្ឋាន EMC ពន្យល់ថា មូលហេតុ​ដែល​តម្លៃ​ជួលជុល​រថយន្ត ROLLS-ROYCE​ថ្លៃ គឺ​ដោយសារតែ​ការចំណាយ​ពេល​ដោះដូរ​គ្រឿងបន្លាស់​យូរ និង​គ្រឿងបន្លាស់​ក៏មាន​តម្លៃ​ថ្លៃ​។ សូមជម្រាបថា រថយន្ត ROLLS-ROYCE ប្រភេទ Silve ម៉ូ​ដែល​Spur Mark II មានតែ ១,៦៥៨ គ្រឿង​ប៉ុណ្ណោះ​ទូទាំង​ពិភពលោក​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស្រ៊ាង អភិរក្ស  ដូចតទៅ​៖
 
 សូមជម្រាបថា ពី​សេរី Mark I ដល់​សេរី​ចុងក្រោយ Mark IV ROLLS-ROYCE បាន​ផលិត​រថយន្ដ​ប្រភេទ Silver​ទាំង​ម៉ូ​ឌែ​ល Spur និង​ម៉ូ​ឌែ​ល Spirit ដែល​ស្រដៀង​គ្នា ចំនួន ១៩,៣៤០​គ្រឿង ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩៨​។ សេរី Mark II បាន​ផលិត​ចំនួន ២,៨៦៦​គ្រឿង ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣​។ ក្នុងនោះ​មាន Spur Mark II មាន​១,៦៥៨​គ្រឿង​។ ចំនួន​ទាំងអស់នេះ វា​តិច​ណាស់​។ 
 
​ព្រោះតែ​តម្លៃ​ថ្លៃ ROLLS-ROYCE មិន​លក់​ច្រើន​ទេ​។ ហើយ​មាន​រោងចក្រ​តែមួយ​ប៉ុណ្ណោះ ដែល​ស្ថិតនៅ​ប្រទេស​អង់គ្លេស​។ ក្នុង​មួយថ្ងៃ រោងចក្រ​នោះ​ផលិត​រថយន្ដ​បាន ១៥​គ្រឿង យ៉ាងច្រើន​បំផុត​។ ម៉ូ​ឌែ​ល Spur ខុសពី​ម៉ូ​ឌែ​ល Spirit ត្រង់​ថា​វា​វែង​ជាង ៦៨ មី​លី​ម៉ែត្រ​។ ROLLS-ROYCE Silver Spur មាន​បណ្ដោយ​ត្រឹម ៥,៣៣៨ មី​លី​ម៉ែត្រ​។ គួរ​កំណត់ថា​ឡាន ROLLS-ROYCE Silver Spur មាន​ម៉ាស៊ីនកំដៅ​ក្នុង​កៅអី​! ហើយ​វា​បំពាក់​ម៉ាស៊ីន​ដែល​ខ្លាំង (V8) ដោយសារតែ​រថយន្ដ​នេះ​ធ្ងន់​ណាស់ : ២៥៨៥​គីឡូក្រាម (២​តោន​កន្លះ​)​។ ពីមុន​ទូទាំងប្រទេស​មាន​រថយន្ដ ROLLS-ROYCE បុរាណ​តែមួយ​គ្រឿង​គត់​! គឺជា​កម្ម​សិទ្ធ​របស់​ស​ណ្ឋា​គារ វិ​រតន៍ នៅ​ទីក្រុង​សៀមរាប ហើយ​គឺជា​ប្រភេទ Silver ម៉ូ​ឌែ​ល Shadow ដែល​ត្រូវបាន​ផលិត​នា​ឆ្នាំ​១៩៧៦​។ ប៉ុន្តែ​មកដល់ពេលនេះ​មាន​យ៉ាងហោច ២​គ្រឿង នៅ​ក្រុង​សៀមរាប និង​២​គ្រឿង នៅ​រាជធានី​ភ្នំពេញ​។ 


 
​ម៉ាក​រថយន្ដ​អង់គ្លេស ROLLS-ROYCE មានតែ​ឡាន​តម្លៃ​ថ្លៃ​ណាស់​ប៉ុណ្ណោះ​។ ម៉ូ​ឌែ​ល​ថោក​ជាងគេ​មានតម្លៃ​ចាប់ពី ១ ១៦៦ ០០០ ០០០ ៛ ហើយ​ម៉ូ​ឌែ​ល​ថ្លៃ​ជាងគេ​មានតម្លៃ​ចាប់ពី ២ ១៦២ ០០០ 000 ៛​។ ROLLS-ROYCE មាន​ហាង​លក់​មួយកន្លែង​នៅ​ប្រទេស​កម្ពុជា តាំងពី ឆ្នាំ​២០១៥​។ រហូតដល់​សព្វថ្ងៃនេះ មាន​រថយន្ដ​ម៉ាក ROLLS-ROYCE ទំនើប ៨០​គ្រឿង នៅ​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន ROLLS-ROYCE ត្រូវបាន​បង្កើត​ឆ្នាំ​១៩០៦​។ ក្រៅពី​រថយន្ដ ក្រុមហ៊ុន​នេះ ក៏​ផលិត​ម៉ាស៊ីន​សម្រាប់​យន្ដហោះ​ដែរ​។ តាំងពី​ឆ្នាំ​១៩៩៨ ROLLS-ROYCE ជា​កម្មសិទ្ធិ របស់​ក្រុម​អាឡឺម៉ង់ BMW ។ 




 

© រក្សាសិទ្ធិដោយ thmeythmey.com