រថយន្ត
អន្តរជាតិ
លោក បៃ​ឌិន បាន​សន្យា​ជាច្រើន​លើ​គម្រោង​ពង្រីក​រថយន្ត​អគ្គិសនី​នៅ​អាមេរិក​
09, Nov 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​លោក Joe Biden កន្លងមក​ធ្លាប់បាន​លើកឡើង​ពី​គម្រោង​ថវិកា​២​ទ្រី​លាន​ដុល្លារ​អាមេរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ដែល​ក្នុងនោះ ក៏មាន​ផ្តល់​អាទិភាព​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផងដែរ​។ ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​មួយចំនួន បាន​លើកឡើងថា ជ័យជម្នះ​របស់លោក បៃ​ឌិន និង​អ្នកស្រី ហារី​ស ក៏​ជា​ជ័យជម្នះ​ផ្នែក​វិទ្យាសាស្ត្រ​ផងដែរ​។​
 
​លោក ចូ បៃ​ឌិន វ័យ​៧៧​ឆ្នាំ​ដែលជា​អនាគត​ប្រធានាធិបតី​ទី​៤៦​របស់ បានប្រកាស​ពី​គម្រោងការ​ជាច្រើន​លើ​ការកសាង​ថាមពល​ស្អាត និង​រថយន្ត​បៃតង​។ យោងតាម​ការផ្សាយ​រប​ស់ Green Car Reports លោក បៃ​ឌិន  មាន​ចំណុច​មួយចំនួន​លើ​ការអភិវឌ្ឍន៍​រថយន្ត​អគ្គីសនី ដើម្បី​ផ្លាស់ប្តូរ​គន្លង​បច្ចុប្បន្ន​។​
 
​ការពិនិត្យ​ឡើងវិញ​នូវ​តម្រូវការ​សេដ្ឋកិច្ច​ប្រេង ជា​រឿង​ចាំបាច់ ដោត​លោក បៃ​ឌិន ត្រូវ​កែប្រែ​គោលការណ៍​មួយចំនួន​របស់លោក ដូ​ណា​ល់ ត្រាំ ហើយ​អាច​ប្រើប្រាស់​ធនធាន​ពី​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​សហរដ្ឋអាមេរិក (EPA) ដែលមាន​ស្រាប់ ដើម្បី​ស្តារឡើងវិញ​ទៅតាម​គោលការណ៍​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រហូតដល់​ឆ្នាំ​២០២៦​។ 
 
​ក្នុង​យុទ្ធនាការ​របស់ខ្លួន លោក បៃ​ឌិន បាន​ផ្តោត​ពង្រីក​ឥណទាន​ពន្ធ​រថយន្ត EV ដើម្បី​ឲ្យ​ក្រុមហ៊ុន​យានយន្ត​អាច​ដំណើរការបាន​យូរអង្វែង ខណៈ​ករណីនេះ ត្រូវបាន​រឹតត្បិត​ដោយ លោក​ត្រាំ និង លោក Larry Kudlow ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​។​


 
​ក្រុម​យុទ្ធនាការ​របស់លោក បៃ​ឌិន ក៏បាន​ប្រកាស​ពី​ការកាត់បន្ថយ​ការបំពុល​បរិយាកាស​ដើម្បី​ការពារ​សុខុមាលភាព​កុមារ​តាមរយៈ​ការផ្លាស់ប្តូរ​រថយន្ត​សាធារណៈ​ឲ្យ​ទៅជា​រថយន្ត​អគ្គិសនី​ទាំងអស់ ជាពិសេស​រថយន្ត​សិស្សសាលា​ប្រមាណ​៥០​ម៉ឺន​គ្រឿង​ដែល​បង្កើតឡើង​ដោយ​អាមេរិក​ផ្ទាល់ នឹង​ក្លាយជា​រថយន្ត​គ្មាន​ការបំពុល​បរិយាកាស​។​
​បន្ថែម​ពីលើ​នេះ ទៀត លោក បៃ​ឌិន បានលើកឡើង​ពី​ការបង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថានីយ៍​សាក​ថ្ម​រថយន្ត​អគ្គិសនី យ៉ាងហោចណាស់​៥០​ម៉ឺន​កន្លែង​នៅ​ទូទាំង​សហរដ្ឋអាមេរិក ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ និង​រដ្ឋាភិបាល​មូលដ្ឋាន​។​
 
​គោលដៅ​ផ្សេងៗ​ទៀត​របស់លោក បៃ​ឌិន មានដូចជា​ការកសាង​ភាព​ស្អាត​នៅ​ទីជនបទ តាម​គម្រោង Clean Power Plan ក្នុង​រជ្ជកាល​អូ​បា​ម៉ា ការជួយ​ផ្តល់​ហិរញ្ញវត្ថុ​លើ​ការកែប្រែ​ផលិតកម្ម​រថយន្ត EV ទៅជា​អគ្គិសនី និង​ការជួយ​អភិវឌ្ឍន៍​ក្រុម​យានយន្ត EV តូចៗ​របស់​អាមេរិក​ជាដើម​។​
 
​ម្ចាស់​ក្រុមហ៊ុន​យានយន្ត​អាមេរិក​មួយចំនួន បាន​លើកឡើងថា ពួកគេ​អាច​ស្រួល​និយាយ​ជាមួយ​លោក បៃ​ឌិន ដូច​កាលពី​សម័យកាល​លោក អូ​បា​ម៉ា ខណៈ​៤​ឆ្នាំកន្លងមក ពួកគេ​ហាក់ដូចជា​ប្រទាំង​ប្រទើស​ច្រើន​ជាមួយ​លោក​ត្រាំ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com