ជាតិ
កសិករជាង១ម៉ឺនគ្រួសារនៅបាត់ដំបង ទទួលបានស្បៀង និងស្រូវពូជពីរដ្ឋាភិបាល 10, Nov 2020 , 7:59 am
× រដ្ឋាភិបាលបន្តចែកពូជស្រូវ និងស្បៀងដល់គ្រួសារកសិករដែលរងគ្រោះដោយទឹកជំនន់ចំនួន ១០,២០០គ្រួសារក្នុងខេត្តបាត់ដំបង ដើម្បីស្ដារឡើងវិញនូវដំណាំស្រូវដែលបានខូចខាត។ ពិធីចែកពូជស្រូវ និងស្បៀងនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងខេត្តបាត់ដំបង ដោយមានការចូលរួមពីសម្ដេច ស ខេង តំណាងសម្ដេច ហ៊ុន សែន។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា បច្ចុប្បន្ននេះ ទឹកជំនន់បានស្រកទៅវិញ ដែលបានបង្កលក្ខណៈងាយស្រួលដល់ខេត្ត ក្នុងការស្តារឡើងវិញនូវវិស័យកសិកម្មដែលរងការខូចខាត។ អភិបាលខេត្តបាត់ដំបងរូបនេះ បន្តថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរកសិកម្មខេត្ត បានចុះធ្វើការវាយតម្លៃ និងជាលទ្ធផល គ្រួសារដែលអាចស្តារឡើងវិញបានតាមការធ្វើកសិកម្មដំណាំស្រូវ មានចំនួន ១០,៥០០ គ្រួសារស្មើនឹង ១០,៥០០ ហិកតា នៃក្រុង-ស្រុកចំនួន៨ លើឃុំ ៤៨ស្មើនឹង ២៣១ ភូមិ។
តាមរយៈពិធីចែកពូជស្រូវ និងស្បៀងនេះ កសិករដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារ ទទួលបានពូជស្រូវ ១០០គីឡូក្រាម, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអីវ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស, ឃីត១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។
ថ្លែងនាឱកាសនោះ សម្តេច ស ខេង ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋអំពីស្ថានភាពនៃជំងឺកូវីដ-១៩ ដែលកំពុងតែមានការរាតត្បាតនៅលើសកលលោក ដើម្បីទប់ស្កាត់ជំងឺនេះបាន កត្តាសំខាន់ត្រូវអនុវត្តវិធានសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបានឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនយើង គ្រួសារ សហគមន៍និងប្រទេសជាតិយើងគ្មានជំងឺកូវីដ-១៩។
សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងបានប៉ះពាល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួន ៧២,៨២០គ្រួសារ ប៉ះពាល់ដំណាំស្រូវសរុប ១២៧,១៨៩ហិកតា បណ្ដាលឲ្យខូចដំណាំស្រូវ ៤២,៥១៧ហិកតា និងប៉ះពាល់ដំណាំផ្សេងៗ ៦៣,៥១៧ហិកតា និងមិនបណ្ដាលឲ្យមានមនុស្សបាត់បង់ជិវិតនោះទេ៕
Tag:
ជំនន់
ចែកស្រូវពូជ
© រក្សាសិទ្ធិដោយ thmeythmey.com