ជាតិ
កសិករជាង១ម៉ឺនគ្រួសារក្នុងស្រុកចំនួន៣នៅបន្ទាយមានជ័យទទួលបានស្បៀង និងស្រូវពូជ 11, Nov 2020 , 7:59 am
× កសិករចំនួន ១១,១៦៩គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ ទទួលបានគ្រាប់ពូជ និងស្បៀងពីរដ្ឋាភិបាល ដើម្បីស្ដារឡើងវិញនូវដំណាំស្រូវដែលបានខូចខាត។ កម្មវិធីចែកស្បៀងនេះ បានធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ហ៊ុន ម៉ាណែត តំណាងសម្ដេច ហ៊ុន សែន។
ពលរដ្ឋ ទាំង ១១,១៦៩គ្រួសារ ដែលចូលរួមកម្មវិធីចែកស្បៀងនេះ គឺមកពីស្រុកចំនួន៣ គឺស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណផ្សារចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ គ្រោះធម្មជាតិទឹកជំនន់ បានធ្វើឲ្យដំណាំស្រូវប្រមាណ ២៨ម៉ឹនហិកតា និងដំណាំផ្សេងៗ ប្រមាណជាង ៩ម៉ឺនហិកតាទូទាំងប្រទេសត្រូវជន់លិច។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះជាងគេ ដោយខេត្តទាំង៣នេះ ត្រូវការពូជស្រូវប្រមាណ ៣ពាន់តោន ដើម្បីស្ដារឡើងវិញនូវដំណាំស្រូវដែលបានខូចខាតកន្លងមក។
សម្រាប់ខេត្តបន្ទាយមានជ័យ គ្រោះទឹកជំនន់កន្លងមកបានធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង ៤ម៉ឺនគ្រួសារ លិចដំណាំស្រូវជាង ៧ម៉ឺនហិកតា ប៉ះពាល់ដំណាំផ្សេងៗជាង ១ម៉ឺនហិកតា និងបណ្ដាលឲ្យពលរដ្ឋ ២៦នាក់ស្លាប់។
សូមបញ្ជាក់ថារាជធានី-ខេត្តចំនួន២០ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រួមមាន ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម។ ក្នុងនោះបានធ្វើឲ្យដំណាំកសិកម្មប្រមាណ ៣៨ម៉ឺនហិកតាបានជន់លិច ប៉ះពាល់ពលរដ្ឋប្រមាណ ៦០ម៉ឺននាក់ និងមនុស្សចំនួន ៤៤នាក់បានបាត់បង់ជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com