បទយកការណ៍ / បទសម្ភាសន៍
អន្តរជាតិ
នយោបាយអន្តរជាតិ
លោកបណ្ឌិត កា ម៉ាធុល៖ លោក បៃឌិន នឹងស្ដារឥទ្ធិពលអាមេរិកឡើងវិញ តាមរយៈ«នយោបាយពហុភាគីនិយមបែបកៀងគ» (ភាគ១) 10, Nov 2020 , 9:30 pm
លោកបណ្ឌិត កា ម៉ាថុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
× ភ្នំពេញ៖ ដ្បិតមិនទាន់មានការប្រកាសផ្លូវការក្តី ប៉ុន្តែលោក ចូ បៃឌិន ត្រូវបានគេសន្និដ្ឋានទុកមុនថា នឹងក្លាយជាប្រធានាធិបតីទី៤៦ របស់អាមេរិក តាមរយៈសំឡេងគាំទ្រ២៩០អង្គតំណាងសភាអាមេរិក ខណៈដែលលោក ដូណាល់ ត្រាំ ទើបតែមានសំឡេង២១៤។ លោក ចូ បៃឌិន ជាអ្នកនយោបាយការទូតជើងចាស់មួយ ដែលមានបទពិសោធន៍ និងទស្សនវិស័យវែងឆ្ងាយ។ ក្នុងអាណត្តិជាប្រធានាធិបតីទិ៤៦នេះ លោក បៃឌិន នឹងអាចស្ដារឥទ្ធិពលអាមេរិកឡើងវិញ តាមរយៈ«គោលនយោបាយពហុភាគីនិយមបែបកៀងគរ»។ នេះជាការមើលឃើញរបស់លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោក កា ម៉ាធុល មើលឃើញថា លោក បៃឌិន នឹងចូលខ្លួនមកដោះស្រាយបញ្ហាធំៗជាច្រើន ដែលបន្សល់ទុកពីរដ្ឋបាលលោក ដូណាល់ ត្រាំ ដូចជា បញ្ហាកូវីដ-១៩, សេដ្ឋកិច្ច និងការរើសអើងពូជសាសន៍ក្នុងប្រទេស។
មិនតែប៉ុណ្ណោះ ក៏មានបញ្ហាទំនាក់ទំនងអន្តរជាតិផ្សេងទៀតផងដែរ រួមមាន ការជួសជុលផ្លូវចិត្តសម្ព័ន្ធអាមេរិកឡើងវិញ ដែលរដ្ឋបាលលោក ត្រាំ បានបង្កការអាក់អន់ចិត្តដល់ពួកគេកន្លងមក។ ជាពិសេសការត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងធំៗផ្សេងទៀត ដែលលោក ត្រាំ បានដកខ្លួនចេញដែរនោះ មានដូចជា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ , កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង , កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក និងអង្គការសុខភាពពិភពលោកជាដើម។ បញ្ហាទាំងនេះ កំពុងរង់ចាំលោក បៃឌិន ដោះស្រាយ។
សូមលោក-អ្នកនាង ស្តាប់កិច្ចសម្ភាសលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖
បើតាមលោក កា ម៉ាធុល , លោក បៃឌិន នឹងចូលខ្លួនដោះស្រាយបញ្ហាទាំងនេះ តាមរយៈគោល «នយោបាយពហុភាគីនិយមបែបកៀងគ» ដោយប្រមែប្រមូលសម្ព័ន្ធមិត្ត និងប្រទេសលទ្ធិប្រជាធិបតេយ្យមកកៀកខ្លួន ដើម្បីពង្រឹងឥទ្ធិលអាមេរិក ក៏ដូចជាទប់ស្កាត់ឥទ្ធិពលចិនលើឆាកអន្តរជាតិ។ លោក ម៉ាធុល មើលឃើញថា លោក បៃឌិន នឹងអាចដោះស្រាយបញ្ហាទាំងនេះបាន ព្រោះលោកមានបទពិសោធន៍ និងទស្សនវិស័យវែងឆ្ងាយ ។ ត្រង់ចំណុចនេះលោក ម៉ាធុល បានសង្កត់ធ្ងន់ថា លោក បៃឌិន ជាមនុស្សពូកែសម្របសម្រួល, ចេះធ្វើអន្តរាគមន៍ និងម៉ឹងម៉ាត់ ដោយចេះធ្វើការសម្រេចចិត្តច្បាស់លាស់។
អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញដូច្នេះថា៖«នៅពេលនេះ លោក បៃឌិន នឹងប្រើសមត្ថភាពពិតប្រាកដក្នុងនាមប្រធានាធិបតី ក្នុងការដោះស្រាយបញ្ហាក្នុងពិភពលោក ដោយពិភពលោកសព្វថ្ងៃនេះ កំពុងតែខ្ទិចខ្ទាំដោយសារតែលោកប្រធានាធិបតី ត្រាំ។ អ៊ីចឹងខ្ញុំជឿថា លោកត្រូវប្រើពេលវេលា ហើយនឹងសមត្ថភាពដ៏សមស្របរបស់លោក នឹងអាចដោះស្រាយបញ្ហាពិភពលោក»។
ងាកមកនិយាយបញ្ហាប្រទាញប្រទង់អំណាចជាមួយចិនវិញ លោក កា ម៉ាធុល នៅតែមើលឃើញថា រដ្ឋបាលលោក បៃឌិន ក៏មិនខុសពីមេដឹកនាំអាមេរិកមុនៗដែរ ពោលគឺលោក បៃឌិន នឹងមិនបន្ធូរដៃឱ្យចិនទេ ។ បើតាមលោក ម៉ាធុល , លោក បៃឌិន នឹងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តខ្លួន ដើម្បីរាំងខ្ទប់ឥទ្ធិពលចិន។
ដ្បិតលោក បៃឌិន នឹងរាំងខ្ទប់ឥទ្ធិពលចិនក្តី ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ នឹងដើរគោលនយោបាយការបរទេសកៀកចិន ដើម្បីទាញផលប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអាមេរិកឡើងវិញ។ នេះជាការបញ្ជាក់របស់លោក ម៉ាធុល ដែលបានបន្ថែមថា ចិន និងអាមេរិក នៅតែត្រូវការគ្នា ដើម្បីទាញប្រយោជន៍ពីគ្នាទៅវិញទៅមក៕
Tag:
កាម៉ាថុល
បៃឌិន
ភូមិសាស្ត្រនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com