ជាតិ
សេដ្ឋកិច្ច
កូ​វីដ​-១៩ ធ្វើឱ្យ​ការវិនិយោគ​ឯកជន ធា្ល​ក់​ចុះ​ជិត​៦០​ភាគរយ នា​៨​ខែ​នេះ
12, Nov 2020 , 2:34 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៨​ខែ​មកនេះ កម្ពុជា​ទទួល​បានការ​វិនិយោគ​ពី​វិស័យ​ឯកជន បានត្រឹមតែ​១១៣​គម្រោង​ប៉ុណ្ណោះ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩(COVID-19) ។ តួ​នេះ បង្ហាញថា គម្រោង​វិនិយោគឯកជន​នៅ​កម្ពុជា ធ្លាក់ចុះ​រហូតដល់​៥៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច និង​សង្គម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​


​ក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​នេះ ទោះបី​គម្រោង​វិនិយោគ​ជារួម មានការ​ធ្លាក់ចុះ​ក្តី ប៉ុន្តែ​គម្រោង​វិនិយោគ​វិស័យ​ឧស្សាហកម្ម គឺ​បាន​កើន​ចំនួន​៨​គម្រោង​។​
​ថ្វី​ដ្បិត​ការវិនិយោគ​ឯកជន មានការ​ធ្លាក់ចុះ​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​រំពឹងថា ការវិនិយោគ​ពី​វិស័យ​ឯកជន​នៅ​កម្ពុជា រួមទាំង​ស្ថានភាព​សេដ្ឋកិច្ច​នឹងមាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ខណៈ​ការនាំចេញ​ទំនិញ​នានា ទៅ​ទីផ្សារ​អន្តរជាតិ នៅតែមាន​ការកើនឡើង​។​
 
​ការធ្លាក់ចុះ​នៃ​ការវិនិយោគ​ពី​វិស័យ​ឯកជន​នេះ គឺពាក់ព័ន្ធ​ចម្បង​ទៅលើ​បញ្ហា​កូ​វីដ​-១៩ ដែល​ប្រទេស​ធំៗ​ក្នុង​ពិភពលោក​ក៏បាន​រងគ្រោះ​ដូច​កម្ពុជា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ លោក លឹម ហេង ដោយ​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​រសៀល​ថ្ងៃទី​១១​វិច្ឆិកា​នេះ ថា​៖«​បច្ចុប្បន្ន​ដែល​ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក​ប្រកាស មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ហ្នឹង យើង​ឃើញថា​ភាគរយ​ក្រុមហ៊ុន​ក្នុងស្រុក​យើង​មួយចំនួន​ក៏បាន​ឡើងថ្លៃ​វិញ​ផងដែរ​»​។  
 
​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​រូបនេះ បន្ត​បង្ហាញ​នូវ​គំនិត​សុទិដ្ឋិនិយម​ដូច្នេះ​៖«​យើង​សង្ឃឹមថា​ក្រោយ​ការរកឃើញ​វ៉ាក់សាំង​ការពារ នឹងមាន​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា​យើង​ក៏​កាន់​មាន​ច្រើន​ផងដែរ​។ ព្រោះ​តាម​អ្វីដែល​ខ្ញុំ​ដឹង បច្ចុប្បន្ន​មាន​ទាំង​ក្រុមហ៊ុន​ប្រទេស​កូរ៉េ ទាំង​ជប៉ុន ទាំង​អាមេរិក និង​ទាំង​ចិន គឺ​កំពុងតែ​រង់ចាំ​សភាពការណ៍​កូ​វីដ​-១៩​នេះ ក្នុង​ការឈាន​ជើង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​»​។​
 
​លើសពីនេះ​ទៀត​លោក លឹម ហេង បាន​អះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​(CC-FTA) ដែល​នឹង​អនុវត្ត​ឡើង​នៅ​ដើមឆ្នាំ​២០២១​ខាងមុខនេះ នឹង​ជា​ចំណែក​មួយ​យ៉ាង​ធំ​ក្នុងការ​ទាក់ទាញ​វិនិយោគិន ពី​ប្រទេស​ចិន ពី​អាមេរិក និង​ពី​តំបន់​អឺរ៉ុប​បាន​កាន់តែច្រើន​នៅ​កម្ពុជា​។ 
 
​បើតាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច និង​សង្គម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០​នេះ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា គឺមាន​ចំនួន​១១, ៧១៤​លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង រហូតដល់​១៨​ភាគរយ​។ សម្រាប់​ទំនិញ​ដែលមាន​កំណើន​នាំចេញ​ខ្ពស់​នោះ មាន អង្ករ​បាន​កើនឡើង ២៣,១​ភាគរយ​, នាំចេញ​កង់ បាន​កើន​១៧​ភាគរយ​, គ្រឿងអគ្គិសនី បាន​កើន​២២,៣​ភាគរយ​, នាំចេញ​សណ្តែក​កើន​៥៩,៣​ភាគរយ​, គ្រាប់ស្វាយចន្ទី​កើន ជាង​១៦​ភាគរយ នាំចេញ​ចេក​កើន​ដល់​ជាង​១៥០​ភាគរយ  និង​ការនាំចេញ​មាស​របស់​កម្ពុជា​រហូត ជាង​៧០០​ភាគរយ​៕ 
 

Tag:
 វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com