COVID-19
ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន និងភរិយា នៅតែអវិជ្ជមានកូវីដ-១៩ នៃការធ្វើតេស្តសុខភាពលើកទី៣ 14, Nov 2020 , 12:16 pm
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានធ្វើតេស្តសុខភាពជាលើកទី៣ហើយ ដោយលទ្ធផលអវិជ្ជមានកូវីដ-១៩ ។ នេះបើតាមសាររបស់សម្ដេចនៅលើហ្វេសប៊ុក នៅថ្ងៃទី១៤ វិច្ឆិកានេះ។
ក្រៅពីសម្ដេច ក៏បានរដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាល និងអ្នកសារព័ត៌មាន រួមទាំងអ្នកប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ចំនួន១៧៣០នាក់ទៀត ដែលត្រូវធ្វើតេស្តលើសំណាក នៅថ្ងៃនេះដែរ។ «ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលត្រូវបន្តធ្វើចត្តាឡីស័ក រហូតដល់ថ្ងៃទី១៨ វិច្ឆិកា ទើបត្រូវធ្វើតេស្តជាលើកចុងក្រោយ។
កន្លងមកក្រសួងសុខាភិបាល បានធ្វើតេស្តចំនួន២លើកមកហើយ លើអ្នកពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto។ ការធ្វើតេស្តទាំងពីរលើកនេះ គឺរកឃើញមនុស្ស៤នាក់ មានកូវីដ-១៩ ក្នុងនោះរួមមានលោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា, លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម រួមទាំងអង្គរក្សម្នាក់។
ជុំវិញព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមន្ត្រី ក៏ដូចជាអ្នកពាក់ព័ន្ធបន្តការធ្វើចត្តាឡីស័ក និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវដើម្បីបង្ការហានិភ័យ និងឆ្លងចូលសហគមន៍។
បច្ចុប្បន្នកម្ពុជាមានអ្នកជំងឺកូវីដ-១៩ចំនួន៣០២នាក់ ក្នុងនោះជាសះស្បើយចំនួន២៨៩៕
© រក្សាសិទ្ធិដោយ thmeythmey.com