អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ដូណាល់ ត្រាំ គ្មានវត្តមាន៣ឆ្នាំផ្ទួនគ្នាក្នុងជំនួបកំពូលអាស៊ាន
14, Nov 2020 , 3:22 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចាប់ដៃជាមួយថ្នាក់ដឹកនាំអាស៊ាន កាលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន ឆ្នាំ២០១៧ ។ រូបភាព៖ AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចាប់ដៃជាមួយថ្នាក់ដឹកនាំអាស៊ាន កាលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន ឆ្នាំ២០១៧ ។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី ១៤ ខែវិច្ឆិកា មិនបានចូលរួមជំនួបកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តទៅតាមអនឡាញ ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។ អវត្តមានលោកត្រាំក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំទី៣ហើយដែលលោកបានត្រឹមតែបញ្ជូនតំណាងរបស់លោកឲ្យទៅចូលរួម។
 
នៅមុខថ្នាក់ដឹកនាំអាស៊ានទាំង១០ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien គូសបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ សោកស្ដាយដែលលោកមិនអាចចូលរួមជំនួបកំពូលតាមអនឡាញនេះបាន តែសង្កត់ធ្ងន់ពីសារសំខាន់នៃចំណងទាក់ទងអាមេរិកជាមួយតំបន់នេះ។ 
 
«នៅអំឡុងពេលវិបត្តិសកលនេះ ភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-អាស៊ាន បានប្រែក្លាយកាន់តែសំខាន់ថែមទៀត ខណៈយើងធ្វើការរួមគ្នាដើម្បីប្រយុទ្ធជំងឺកូវីដ-១៩»។ លោក O’Brien ដែលតំណាងឲ្យលោកត្រាំ បានបញ្ជាក់បែបនេះ ក្នុងសុន្ទរកថាបើករបស់លោក។
 
បន្ថែមពីលើនេះ លោកទីប្រឹក្សា O’Brien ក៏បានលើកសរសើរអាស៊ានថាជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៤របស់សហរដ្ឋអាមេរិក ដោយទំហំពាណិជ្ជកម្មឡើងដល់ជាង ៣៥៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។
 
លោក ត្រាំ បានចូលរួមជំនួបកំពូលអាស៊ានក្នុងឆ្នាំ២០១៧ ដែលហ្វីលីពីនជាម្ចាស់ផ្ទះ។ ក៏ប៉ុន្តែលោកបានត្រឹមតែបញ្ជូនតំណាងលោកប៉ុណ្ណោះអំឡុងជំនួបកំពូល២ចុងក្រោយ ដែល២០១៨ នៅសិង្ហបុរី ហើយ២០១៩ នៅថៃ។ ចំណែក២០២០នេះគឺវៀតណាមជាម្ចាស់ផ្ទះ។ 
 
ដើម្បីលួងលោមថ្នាក់ដឹកនាំអាស៊ានកាលលោកអវត្តមាននៅថៃ លោកប្រធានាធិបតី ត្រាំ បានបង្កើតកិច្ចប្រជុំពិសេសមួយជាមួយអាស៊ានក្នុងទីក្រុង Las Vegas ក្នុងខែមីនា តែគម្រោងនេះ ត្រូវបានលុបចោលវិញដោយសារជំងឺកូវីដ-១៩។ 
 
ក្រៅពីចូលប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លោក O’Brien ក៏នឹងតំណាងលោកត្រាំចូលរួមជំនួបកំពូលអាស៊ី-បូព៌ា ដែលនឹងមានវត្តមានរបស់ថ្នាក់ដឹកនាំអាស៊ាន បូកនឹងចិន ជប៉ុន និងកូរ៉េខាងត្បូង។ ទោះគ្មានវត្តមានលោកត្រាំ សេតវិមានអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា តំបន់អាស៊ាន នៅតែសំខាន់សម្រាប់ទស្សនវិស័យ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ» របស់លោកត្រាំ ។
 
ខណៈអាមេរិកហាក់ឃ្លាតឆ្ងាយពីអាស៊ាន ឥទ្ធិពលរបស់ចិនកើនឡើងជាបន្តបន្ទាប់ ។ តួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សម្បើមមួយដែលប៉េកាំងជាអ្នកផ្ដួចផ្ដើម នឹងត្រូវចុះហត្ថលេខានាថ្ងៃទី ១៥ ខែវិច្ឆិកាស្អែកនេះក្នុងជំនួបកំពូលអាស៊ាន។ 
 
កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ដែលនឹងគ្របដណ្ដប់ស្ទើរ១ភាគរយ៣នៃសេដ្ឋកិច្ចពិភពលោកនេះ គឺរាប់បញ្ចូលប្រជាជាតិអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ចំណែក ឥណ្ឌា បានប្រកាសដកខ្លួនចេញកិច្ចចរចាកាលពីឆ្នាំមុន ហើយអាមេរិកគ្មានឈ្មោះក្នុងកិច្ចព្រមព្រៀងនេះឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com