ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះខ្សត់ភ្ញៀវព្រោះកូវីដ-១៩ តែភ្នំសន្ទុកនៅតែទទួលបានភ្ញៀវជារឿយៗ
14, Nov 2020 , 9:59 pm        
រូបភាព
កំពង់ធំ៖ ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩នៅកម្ពុជាមក រមណីយដ្ឋានភ្នំសន្ទុក ក៏មិនខុសពីរមណីយដ្ឋានដទៃទៀតដែរ គឺធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក។ តែទោះជាយ៉ាងណាក៏ដោយ ភ្ញៀវក្នុងស្រុកនៅតែបន្តទៅទស្សនាភ្នំសន្ទុកដែលជារមណីយដ្ឋានវប្បធម៌ធម្មជាតិ ជាហូរហែរក្នុងចំនួនតិចតួច ដែលការណ៍នេះ បានជួយជីវភាពអ្នកលក់ដូរនំចំណីបន្តិចបន្ទួច នៅលើភ្នំនិងនៅជើងភ្នំដែរ។

តទៅនេះសូមអញ្ជើញប្រិយមិត្ត អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖




ភ្នំសន្ទុកគឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦។ ជាប់ផ្លូវជាតិលេខ៦យើងនឹងឃើញមានខ្លោងទ្វារធំមួយមានកំពូល៣ ដោយផ្ទាំងខាងឆ្វេងដៃដែលនៅក្បែរនោះសរសេរថា រមណីយដ្ឋានភ្នំសន្ទុក។ ដើម្បីបានទៅដល់ភ្នំសន្ទុក គេត្រូវទិញសំបុត្រតម្លៃ១ពាន់រៀនក្នុងម្នាក់។ យើងត្រូវធ្វើដំណើរលើផ្លូវលំក្រាលកៅស៊ូស្ដើងៗ ដែលខូចដោយអន្លើទៅហើយ។ ទៅដល់ជើងភ្នំ ផ្លូវចាប់ផ្ដើមក្រាលដោយបេតុង ដែលអាចឱ្យងាយស្រួយក្នុងការធ្វើដំណើរបន្តិច។ 
 
ផ្លូវបត់បែនដូចពោះលូន អមដោយរុក្ខជាតិតូចធំ និងថ្មភ្នំគ្រប់សណ្ឋាន បាននាំអ្នកដំណើរដែលជិះឡានឬជិះម៉ូតូបានទៅដល់កំពូលភ្នំ ដោយក្ដីសប្បាយរីករាយ ព្រោះសម្រស់ធម្មជាតិ។ ទោះជាយ៉ាងណា បើគេចង់ដើរឡើងភ្នំក៏បាន ដោយមានផ្លូវមួយទៀតសម្រាប់អ្នកថ្មើជើង។ 
   ថ្ម​ពពកហោះ 

នៅទីនេះមានកន្លែងគោរពបូជាតាមបែបព្រះពុទ្ធសាសនា និងកន្លែងបន់ស្រន់តាមជំនឿរបស់ខ្មែរ។ លោកតាអាចារ្យ ចេង ស៊ុយ ជន្មាយុ៨០ឆ្នាំ ជាប្រធានគណៈកម្មការ ដែលបានមកកាន់ការនៅក្នុងវត្តស្ថិតលើកំពូលភ្នំសន្ទុកនេះតាំងពីឆ្នាំ១៩៩៣ បានប្រាប់សារព័ត៌មានថ្មីៗថា នៅទីនេះមានភ្ញៀវក៏ដូចជាពុទ្ធបរិស័ទចូលមកទស្សនាច្រើន នៅថ្ងៃបុណ្យជាតិធំៗដូចជាចូលឆ្នាំថ្មី ភ្ញុំបិណ្ឌ បុណ្យអំទូក និងបុណ្យកឋិនជាដើម។
 
បើទោះបីជាបច្ចុប្បន្នភ្ញៀវធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩ក៏ដោយចុះ ក៏ភ្ញៀវជាតិនៅតែមកទស្សនានៅរមណីយដ្ឋាននេះជាហូរហែរដែរ ប៉ុន្តែក្នុងចំនួនតិច។
តាអាចារ្យដែលមានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ចេង ស៊ុយ ប្រាប់ពីកន្លែងគោរពបូជាតាមបែបព្រះពុទ្ធសាសនា និងទីកន្លែងបន់ស្រន់តាមបែបអបីយជំនឿ៖«ផ្នែកអបីយជំនឿនិងអរូបីយហ្នឹង យើងពិបាកនឹងសន្និដ្ឋាន។ ពីដើមមកដែលគេថាស័ក្ដិសិទ្ធិហ្នឹង មានដោយប្រការខ្លះទេ មិនមែនសុទ្ធតែបាន  ឬសុទ្ធតែមិនបាននោះទេ។ ប៉ុន្តែអ្នកដែលមកបន់ស្រន់ហ្នឹង ឃើញថាបានដូចបំណងច្រើន ដែលមិនបានដូចបំណងវាតិច។ ភ្ញៀវដែលមកគោលដៅធំនៅក្នុងភ្នំសន្ទុកនេះ នៅផ្នែបារមីខាងអមនុស្ស គឺលោកតាក្រហមក តេជោមាស តេជោយ៉ត ជំទាវស្រែន គឺគេតែងចូលកន្លែងហ្នឹង គេគោរពច្រើន។ ផ្នែកព្រះពុទ្ធសាសនាគេមកគោរពកន្លែងព្រះវិហារ ប្រាសាទ និងកន្លែងព្រះបាទ»។   
   លោក​តាអាចារ្យចេង ស៊ុយ 

នៅក្នុងប្រាសាទតម្កល់ព្រះពុទ្ធ៤ទិស ក៏មានថ្មអណ្ដែត ដែលអាចទាក់ទាញភ្ញៀវទេសចរផងដែរ ហើយលោកអាចារ្យប្រាប់ពីប្រវត្តិថ្មអណ្ដែតនេះ៖«បើតាមប្រវត្តិដែលដឹងពីតាដែលគាត់យកមកហ្នឹង នៅមុនរដ្ឋប្រហារ ព្រះសង្ឃមួយអង្គនៅខេត្តរតនៈគិរីជាអ្នកថែរក្សាថ្មនេះ។ រហូតដល់ព្រះអង្គសុគត ហើយជួនពេលរដ្ឋប្រហារ សិស្សរបស់ព្រះសង្ឃអង្គនោះបានរក្សាថ្មនោះបន្ត។ ថ្មនេះបានមកដល់ទីនេះ គឺកូនសិស្សនោះបាននិម្មិតឃើញ ថាថ្មនេះគាត់មិនអាចរក្សាបន្តទៀតបានទេ គឺត្រូវឱ្យយកមកទុកនៅភ្នំសន្ទុកនេះ។ ខ្ញុំមិនដឹងដែរថាហេតុអ្វីថ្មនេះអណ្ដែត ប៉ុន្តែបើយើងមើលឃើញរបៀបអណ្ដែត ថ្មនេះមានប្រហោងដូចជាសម្បុកកណ្ដៀរ»។
 
មកចាប់អារម្មណ៍មន្ត្រីរក្សាសន្តិសុខ នៅរមណីយដ្ឋានភ្នំសន្ទុកវិញម្ដង។ លោក សៀក រង្សី វ័យ៥០ឆ្នាំ ជាប្រធាននគរបាលទេសចរណ៍ភ្នំសន្ទុក ដែលបានធ្វើការនៅទីតាំងនេះ១៧ឆ្នាំមកហើយនោះ កំពុងអង្គុយលើកៅអីជ័រពណ៌ក្រហម នៅក្រោមដើមឈើធំមួយ ជិតរោងសម្រាកលំហែរនៅខាងមុខព្រះវិហារ។
 
ក្នុងឯកសណ្ដាននគរបាលទេសចរណ៍ពណ៌ប្រផេះ ហើយចងក្រវ៉ាត់កពណ៌ទឹកប៊ិក លោក រង្សី ប្រាប់ពីតួនាទីរបស់ខ្លួនដូច្នេះ៖«យើងការពារភ្ញៀវ ជូនភ្ញៀវ ហើយនឹងឃ្លាំមើលក្រែងមានបទល្មើសដូចជាពួកលូកហោប៉ៅ ចោរលួច ចោរប្លន់ ហើយយើងប្រាប់ពីទិសដៅដល់ភ្ញៀវទៅកន្លែងទស្សនា និយាយជារួមយើងការពារសុវត្ថិភាពរបស់ភ្ញៀវ។ ពេលខ្លះភ្ញៀវភ្លេចកាបូប គេអាចបន្លំយក»។ 
   លោក សៀក រង្សី ប្រធាននគរបាលទេសចរណ៍ភ្នំសន្ទុក
សម្រាប់កងកម្លាំងនគរបាលទេសចរណ៍ ដែលប្រចាំការនៅភ្នំសន្ទុកនេះមាន៤រូប ដែលចែកជា២ទីតាំងដោយ២រូបប្រចាំនៅកំពូលភ្នំ និង២រូបទៀតប្រចាំនៅជើងភ្នំ។ ក្រៅពីការពារសុវត្ថិភាពជូនភ្ញៀវពីចោរដែលជាមនុស្ស មន្ត្រីរក្សាសន្តិសុខនៅទីនេះ ក៏ការពារភ្ញៀវពីសត្វស្វាផងដែរ។ បើតាមប្រធាននគរបាលទេសចរណ៍ដដែល សត្វស្វានៅលើភ្នំសន្ទុកនេះពីដំបូងឡើយ មានតែប្រមាណ៧០ក្បាលប៉ុណ្ណោះ ដែលចាប់បានពីបទល្មើសខុសច្បាប់ ហើយយកមកលែងនៅទីនេះ ប៉ុន្តែបច្ចុប្បន្នកើនចំនួនច្រើន៖«កាលណាភ្ញៀវមក ហើយភ្ញៀវមិនដឹង គាត់កាន់ទូរសព្ទទៅជាមួយនំ ស្វាធំៗវាអាចដណ្ដើមយកទៅលើចុងឈើ រួចហើយវាទម្លាក់ចុះធ្វើឱ្យបែកទូរសព្ទនោះ។ ជួនកាលភ្ញៀវទៅថ្វាយបង្គំនៅខាងក្នុង វាយកស្បែកជើងទៅបាត់។ បើតាមការប៉ាន់ស្មាន ស្វានៅទីនេះមានប្រហែលជាចូល៦០០ក្បាលហើយ វាចែកជាក្រុម។ យើងប្រាប់ភ្ញៀវពីវិធីការពារ ដូចជាកុំឱ្យកាន់នំទៅជាមួយ បើគ្រាន់តែដើរវាមិនធ្វើអ្វីទេ ពេលខ្លះវាគ្រាន់តែដើរតាមទារនំស៊ីធម្មតា»។ 
 
ងាកចេញពីមន្ត្រីរក្សាសន្តិសុខ យើងទៅជួបអ្នកលក់ទំនិញបន្តិចបន្តួចនៅលើភ្នំម្ដង។ អ្នកស្រី ផុង ចាន់បុប្ផា បានប្រកបរបរលក់ទឹក ភេសជ្ជៈ ម្ជូរ និងនំចំណីសម្រាប់សត្វស្វាតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។ មានតែមុខរបរមួយនេះសម្រាប់ផ្គត់ផ្គង់ជីវភាព ស្ត្រីវ័យ៦០ឆ្នាំដែលទទួលបន្ទុកចិញ្ចឹមចៅ២នាក់រូបនេះ ត្អូញត្អែរពីមុខរបររបស់ខ្លួនដូច្នេះ៖«លក់បានប្រាក់បន្តិចបន្តួចគ្រាន់តែចិញ្ចឹមជីវិតហ្នឹង។ ថ្ងៃខ្លះមានភ្ញៀវច្រើន តែគេមិនទិញ តែជួនកាលមានភ្ញៀវតិចប៉ុន្តែគេទិញច្រើន។ ខ្ញុំលក់គ្រប់កន្លែង ខ្ញុំលក់នៅជិតវិហារ ជិតសាលាប្រជុំ។ កាលខ្ញុំលក់នៅក្រោម គឺសឹងថាលក់សុះកន្លែងអស់ទៅហើយ ដូចថានៅទីនេះគឹគេទើស ទៅទីនោះគេទើស ហើយគេឱ្យរើកន្លែងរហូត»។ 
   អ្នកស្រី ផុង ចាន់បុប្ផា អ្នក​លក់​ដូរ​នំចំណី​បន្តិច​បន្ទួចលើ​ភ្នំ​សន្ទុក 

មានកូន៨នាក់ ស្ត្រីចំណាស់មាឌធាត់ សម្បុរស្រអែម កាត់សក់ខ្លីត្រឹមករូបនេះ ត្រូវប្រយ័ត្នប្រយែងការពាររបស់របរពីសត្វស្វា ដូច្នោះហើយទំនិញទាំងអស់ត្រូវប្រមូលចូលក្នុងធុងទឹកកកធំពណ៌ក្រហមទាំងអស់ ហើយនៅពេលដែលភ្ញៀវត្រូវការទិញ ទើបគាត់បើកលក់ឱ្យគេ។ ធុងទឹកកកដែលបិទគម្របរួចហើយ នៅមិនទាន់ការពារពីសត្វស្វាបានឡើយ ហើយរាល់អ្នកលក់នៅទីនេះ ត្រូវតែយកសោទៅចាក់ធុងទឹកកកបន្ថែមទៀត ដោយមិនកិបឱ្យជាប់ទេ ធ្វើបែបនេះទើបស្វាមិនអាចបើកលួចរបស់របរបាន៖«ខ្ញុំគ្រាន់តែដាក់ថ្ពក់សោជាប់ធុងនេះ តែខ្ញុំមិនចាក់ទេព្រោះខ្លាចស្វាអាធំៗវាបើកយកអីវ៉ាន់យើង។ អ្នកលក់នៅទីនេះ គឺធ្វើបែបនេះទាំងអស់ តែបើយើងចង់ឱ្យភ្ញៀវមើលឃើញទំនិញរបស់យើង គឺមានតែយើងដាក់ក្នុងទូកញ្ចក់ ដែលស្វាមិនអាចយកបាន»។
 
ដាក់ធុងលក់ទំនិញនៅតាមកាំជណ្ដើរថ្មើរជើង នៅដំណាក់ជិតកំពូលភ្នំ ស្ត្រីសម្ដីរួសរាយរូបនេះ ប្រាប់ពីថ្ងៃដែលគាត់អាចលក់ដាច់បានច្រើនដូច្នេះ៖«ថ្ងៃខ្លះដាច់បាន១ម៉ឺនជាង ៧ពាន់ក៏មាន ជួនក៏បាន៣ទៅ៤ឬ៥ម៉ឺន ជួនបាន១០ម៉ឺនរៀលឡើង ប៉ុន្តែភាគតិចទេ១០ម៉ឺនហ្នឹង។ ភាគច្រើន៤ម៉ឺនឬ៣ម៉ឺន។ ៣ថ្ងៃនេះ បាន៣ទៅ៤ម៉ឺនរហូត។ សន្និដ្ឋានមិនកើត ជួនថ្ងៃសៅរ៍ឬអាទិត្យ លក់ដាច់ចាញ់ថ្ងៃធម្មតាក៏មាន។ តែយ៉ាប់ខ្លាំងតាំងពីកូវីដមក»។  
   ពុទ្ធបរិស័ទចូល​គោរព​បូជា​ក្នុង​ព្រះ​វិហារ​លើ​កំពូល​ភ្នំសន្ទុក

វិលមកលោក សៀក រង្សី ប្រធាននគរបាលទេសចរណ៍ភ្នំសន្ទុកវិញ លោកបានប្រាប់ពីផលលំបាកមួយចំនួនក្នុងការងាររបស់ខ្លួន ហើយលោកក៏បានស្នើសុំថ្លៃសាំងខ្លះផងដែរ សម្រាប់ការបំពេញការងារចុះឡើងភ្នំនេះ៖«ផលលំបាកយើងខ្វះវិទ្យុទាក់ទង ហើយយើងពិបាកផ្លូវធ្វើដំណើរឡើងចុះភ្នំ»៕
 
 


Tag:
 កំពង់ធំ
  ភ្នំ
  រមណីយដ្ឋាន
  ភ្នំសន្ទុក
© រក្សាសិទ្ធិដោយ thmeythmey.com