ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាក្សត្រ ប្រកាសឲ្យប្រើច្បាប់ បត្យាប័នកម្ពុជា-បារាំង, រដ្ឋាភិបាលថា ច្បាប់នេះគ្មានគោលដៅលើក្រុមបក្សប្រឆាំងឡើយ
15, Nov 2020 , 1:55 pm        
រូបភាព
រូបពីហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
រូបពីហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលកម្ពុជា និងបារាំង។ រដ្ឋាភិបាល អះអាងថា ច្បាប់នេះ គ្មានគោលដៅលើបក្សប្រឆាំងឡើយ។

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលកម្ពុជា និងបារាំងនេះ ត្រូវបានព្រឹទ្ធសភាអនុម័តកាលពីខែតុលា។ ព្រះមហាក្សត្រ បានចេញព្រះរាជក្រម នៅថ្ងៃទី១៤ វិច្ឆិកា យ៉ាងដូច្នេះថា៖«រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តអនុសញ្ញានេះ»។
 
ក្រសួងយុត្តិធម៌ ជាអ្នកតាក់តែងច្បាប់នេះ។ ច្បាប់នេះ ត្រូវបានសាធារណជនយល់ឃើញថា បង្កើតឡើងក្នុងគោលបំណងធ្វើទុក្ខបុកម្នេញ និងនាំយកក្រុមបក្សប្រឆាំងដែលកំពុងប្រឈមមុខក្តីក្តាំ ហើយគេចខ្លួនរស់នៅប្រទេសបារាំងនោះ មកកាត់ទោសនៅកម្ពុជាវិញ។
 
តែយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បដិសេធការលើកឡើងនេះ។ លោក ផៃ ស៊ីផាន អះអាងថា ការបង្កើតច្បាប់បត្យាប័នជាមួយបារាំងនេះ គឺគ្មានគោលដៅលើក្រុមបក្សប្រឆាំងឡើយ ប៉ុន្តែវាសម្រាប់បម្រើផលប្រយោជន៍ដល់ពលរដ្ឋខ្មែរគ្រប់រូបប៉ុណ្ណោះ។
 
ត្រង់ចំណុចនេះលោក ផៃ ស៊ីផាន ពន្យល់ថា ខ្លឹមសារច្បាប់នេះ គឺផ្ដោតលើបទល្មើសឧក្រិដ្ឋកម្ម ដែលឆ្លងដែនរវាងកម្ពុជានិងបារាំង ហើយក៏មិនមែនផ្ដោតលើរឿងនយោបាយនោះទេ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបកស្រាយដូច្នេះថា៖«នៅក្នុងនិយមន័យបត្យាប័នកម្ពុជា-បារាំងហ្នឹង បើយើងមើលឲ្យអស់ គឺសម្រាប់(អនុវត្ត)លើពួកឧក្រិដ្ឋកម្មទេ ដែលយើងប្រជុំឆ្លងចុះឆ្លងឡើងកន្លងមក។ ហើយក្នុងការបញ្ជូនមនុស្ស បើសិនជាអ្នកនោះ ស្ថិតនៅក្នុងរឿងនយោបាយ គេអត់បញ្ជូនមកទេ ព្រោះជាការអនុវត្តសិទ្ធិរបស់បារាំង ហើយខ្មែរក៏អ៊ីចឹងដែរ បើសិនជា(បារាំង) ទាមទារពីខ្មែរទៅវិញ បើសិនជារឿងនយោបាយ ដែលប៉ះពាល់ជីវិតរបស់គេ (អ្នកនយោបាយបារាំងរត់មកកម្ពុជា) ខ្មែរយើងអត់បញ្ជូនទៅវិញទេ ព្រោះវាជាសិទ្ធិរបស់ម្ចាស់ប្រទេស ដែលសម្រេចចិត្តថាបញ្ជូន ឬមិនបញ្ជូន។ ប៉ុន្តែប្រទេសនីមួយៗ គេតែងតែធ្វើច្បាប់បត្យាប័ននេះ»។
 
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា-បារាំង បានអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលទាំងពីរ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ មកម្ល៉េះ។ ក្រោយចុះហត្ថលេខាហើយ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមរៀបចំខ្លឹមសារច្បាប់ចប់ទាំងស្រុង មុននឹងអនុម័តកាលពីខែសីហា ឆ្នាំ២០២០។ បន្ទាប់ពីរដ្ឋាភិបាលអនុម័តហើយ ក៏បានបញ្ជូនទៅរដ្ឋសភា ពិនិត្យនិងអនុម័ត កាលពីថ្ងៃទី៦ តុលា មុននឹងព្រឹទ្ធសភា សម្រេចអនុម័ត នាថ្ងៃទី២៧ តុលា ឆ្នាំ២០២០៕ 
 

Tag:
 បត្យាប័ន
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com