អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គលេខាធិការអាស៊ាន៖ RCEP មិនមែនជាគំនិតដឹកមុខដោយចិនឡើយ
15, Nov 2020 , 7:39 pm        
រូបភាព
ដោយ:
ប្រទេសសមាជិកអាស៊ានទាំងដប់ និងដៃគូសន្ទនារបស់ខ្លួនប្រាំប្រទេសផ្សេងទៀត នៅថ្ងៃ១៥ វិច្ឆិកា ២០២០ បានចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( The Regional Comprehensive Economic Partnership ) ឬហៅកាត់ថា RCEP។ នេះ ជាគឺជាសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មមួយដ៏ធំរបស់អាស៊ាន ជាមួយនឹងដៃគូរបស់ខ្លួន គិតចាប់តាំងពីការកកើតអង្គការក្នុងតំបន់មួយនេះ។
 
បើត្រលប់ទៅចុងឆ្នាំ២០១៩ វិញ ដែលជាពេលអាស៊ាន និងដៃគូសន្ទនារបស់ខ្លួន បើកកិច្ចប្រជុំចរចា និងពិភាក្សាលើសេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់លើកទី៣នោះ មានការចោទប្រកាន់ជាច្រើន ថា RCEP គឺជាគំនិតផ្តួចផ្តើមដឹកនាំដោយចិន ដែលការលើកឡើងនេះ ត្រូវបានអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ចាត់ទុកថា មិនត្រឹមត្រូវឡើយ។ 
 
តាមកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Jakarta Post ចុះថ្ងៃ៧ វិច្ឆិកា ២០១៩ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានអះអាងថា ការចោទថា RCEP មានចិននៅពីក្រោយ គឺជាមិនត្រឹមត្រូវនោះទេ ដ្បិត RCEP មិនមែនជាគំនិតផ្តួចផ្តើមនាំមុខដោយចិននោះឡើយ។ លោកអគ្គលេខាធិការ ពេលនោះអះអាងថា RCEP មានឬសគល់ពីអាស៊ាន ហើយអាស៊ាន ក៏បានដាក់ជជែកលើតុរួម និង ជាលទ្ធផលទទួលបានការឯកភាព និងគាំទ្រពីភាគីជុំវិញ។
 
ក្នុងកិច្ចសម្ភាសន៍ដដែលនោះ លោកអគ្គលេខាធិការ ដែលជាអតីតរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មព្រុយណេរូបនេះ បានរៀបរាប់ថា ចេតនាដំបូងរបស់ RCEP គឺត្រឹមតែជាក្របខណ្ឌពាណិជ្ជកម្មសេរីអាស៊ានបូកបី ដែលជាកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយនឹងចិន ជប៉ុន និងកូរ៉េខាងត្បូងនោះទេ។ ក៏ប៉ុន្តែក្រោយមក មហិច្ឆតាអាស៊ាន កាន់តែរីកធំ ដោយបានបញ្ចូលដៃគូសន្ទនា ដែលមានដូចជា ឥណ្ឌា អូស្ត្រាលី និងណូវែលហ្សេឡង់។ 
 
លោកបន្ថែមថា អាស៊ាន បានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសដៃគូសន្ទនាដាច់ដោយឡែករួចទៅហើយ ក៏ប៉ុន្តែក្នុងផ្នត់គំនិតរបស់អាស៊ាន វា នឹងកាន់តែល្អ នៅពេលភាគីពាក់ព័ន្ធទាំងអស់នេះ ស្ថិតក្រោមឆ័ត្រតែមួយក្នុងការពង្រីកកិច្ចសហប្រតិបត្តការពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែនៅក្នុងតំបន់។
 
សម្រាប់លោកអគ្គលេខាធិការ ការលើកឡើង និងចោទប្រកាន់ពីឥទ្ធិពលចិនលើកិច្ចព្រមព្រៀង RCEP របស់បណ្តាសារព័ត៌មានលោកខាងលិច មិនមែនជារឿងចម្លែកឡើយ។ មិនចម្លែកនោះត្រង់ថា ចិន គឺជាភាគីមួយ ដែលធំជាងគេនៅក្នុងកិច្ចព្រមព្រៀងនេះ ដូច្នេះលោក មិនជំទាស់ទេ។ ក៏ប៉ុន្តែលោក សង្កត់ថា ទំហំមិនអាចកំណត់ពីភាពជាម្ចាស់ឡើយ ពោលគឺ RCEP គឺជារបស់អាស៊ានយ៉ាងពិតប្រាកដ។ 
 
គួរជម្រាបជាថ្មីថា RCEP  គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដែលផ្តើមស្នើឡើងជាផ្លូវការក្នុងឆ្នាំ២០១២ ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបង្កើតឡើង ដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី ។
 
ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និង ដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូវែលសេឡង់។ ក្នុងឆ្នាំ២០១៩ ឥណ្ឌា បានប្រកាសដើរចេញពីការចរចា ក្រោមហេតុផលថា កិច្ចព្រមព្រៀងនេះ អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេស។
 
មុននឹងមកដល់ការចុះហត្ថលេខាផ្លូវការថ្ងៃ១៥ វិច្ឆិកា ២០២០នេះ អាស៊ាន និងដៃគូ គ្រោងនឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់ ដោយសារសមាជិករបស់ RCEP មួយចំនួននៅមិនឯកភាពលើប្រការដែលត្រូវអនុវត្ត ដែលបានប៉ះពាល់លើផលប្រយោជន៍ក្នុងស្រុករបស់ខ្លួន៕
 

Tag:
 អាស៊ាន
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com