អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឌូទើតេ លើកលែងទោសមេប៉ូលិសហ្វីលីពីនរឿងធ្វើខួបកំណើតពេលបិទប្រទេស
15, Nov 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន ឌូទើតេ និងអគ្គស្នងការជាតិហ្វីលីពីន Debold Sinas ។ រូបភាព៖ Filipino Times
ប្រធានាធិបតីហ្វីលីពីន ឌូទើតេ និងអគ្គស្នងការជាតិហ្វីលីពីន Debold Sinas ។ រូបភាព៖ Filipino Times
ដោយ:
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្កោ ឌូទើតេ បានប្រកាសលើកលែងទោសមេប៉ូលិសជាតិហ្វីលីពីនទើបតែងតាំងថ្មី ពាក់ព័ន្ធរឿងដែលលោកធ្វើខួបកំណើតអំឡុងពេលបិទប្រទេសកាលពីខែឧសភា។ លើសពីរួចទោស លោក ឌូទើតេ ក៏លើកសរសើរគុណសម្បត្តិមេប៉ូលិសនេះទៀតផង។  
ក្នុងសុន្ទរកថាថ្នាក់ជាតិមួយ នៅថ្ងៃទី ១៤ ខែវិច្ឆិកា លោក ឌូទើតេ បានថ្លែងការពារលោក Debold Sinas ដែលទើបដំឡើងតំណែងថ្មីថ្មោងពីស្នងការប៉ូលិសប្រចាំរដ្ឋធានី ម៉ានីល ឲ្យក្លាយជាអគ្គស្នងការប៉ូលិសជាតិ កាលពីចន្ទសប្ដាហ៍នេះ។
 
មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំរូបនេះ ថែមទាំងបានលើកសរសើរពីគុណសម្បត្តិរបស់មេប៉ូលិសជាតិថ្មីនេះ ទោះបីជាមានការផ្ទុះកំហឹងលើបណ្ដាញសង្គមហ្វីលីពីនលើអភ័យឯកសិទ្ធិពិសេសដែលបុគ្គលរូបនេះទទួលបាន។ កាលធ្វើជាស្នងការប៉ូលិសក្រុងម៉ានីល លោក Sinas បានដឹកនាំប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់លោកឌូទើតេ ដែលធ្វើឲ្យមនុស្សរាប់ពាន់នាកបាត់បង់ជីវិត។
 
«ប្រសិនបើលោក [Sinas] បានប្រព្រឹត្តបទល្មើសណាមួយនោះ លោកត្រូវបានប្រកាសលើកលែងទោសរួចរាល់ហើយ»។ លោកប្រធានាធិបតី ឌូទើតេ និយាយដូច្នេះ មុននឹងបន្ថែមថា លោកអត់ទោសកំហុសឡើយនៅពេលគេធ្វើខួបដោយមិនឲ្យលោកដឹងមុននោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
 
លោក Sinas ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ទាក់ទិនរឿងធ្វើខួបកំណើតលោកជាមួយមន្ត្រីប៉ូលិសផ្សេងទៀតកាលពីខែឧសភា ទោះជាហ្វីលីពីនកំពុងអនុវត្តចំណាត់ការបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយក៏ចំពេលដែលប៉ូលិសបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ដែលល្មើសវិធានការចត្តាឡីស័កផងដែរ។ ក្រោយមក លោក Sinas បានចេញមុខសុំទោសសាធារណជនសម្រាប់ការធ្វើឲ្យពួកគេភិតភ័យ ដោយសារការធ្វើខួបកំណើតរបស់លោកជាមួយក្រុមការងារ។ 
 
ម្យ៉ាងវិញទៀត ការតែងតាំងលោក Sinas ទៅដឹកនាំកងកម្លាំងប៉ូលិស ២០ម៉ឺននាក់របស់ហ្វីលីពីន រងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមសិទ្ធិមនុស្ស ដោយសារតែប្រវត្តិដឹកនាំសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលធ្វើឲ្យជនសង្ស័យគ្រឿងញៀនរាប់ពាន់នាក់ត្រូវបានបាញ់សម្លាប់អំឡុងប្រតិបត្តិការនេះ៕ 
 
  
 
  
 
 

Tag:
 ហ្វីលីពីន
  រ៉ូឌ្រីហ្កោ ឌូទើតេ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com