ជាតិ
ក្រសួងពាណិជ្ជកម្ម លើក​ពេល​រៀបចំ​ពិព័រណ៍​នៅ​ខេត្តសៀមរាប និង​ព្រះវិហារ​
16, Nov 2020 , 11:25 am        
រូបភាព
ពិ​ព៍រណ៍​, សៀមរាប​, ព្រះវិហារ​, លើក​ពេល​, ព័ត៌មាន
ពិ​ព៍រណ៍​, សៀមរាប​, ព្រះវិហារ​, លើក​ពេល​, ព័ត៌មាន
​ដោយ​៖ ប៉ូ សុភា 

​ភ្នំពេញ​៖ ពិព័រណ៍​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥ នៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ត្រូវបាន​ផ្អាក​សិន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩  ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ។​


​ក្រសួងពាណិជ្ជកម្ម ប្រកាស​លើក​ពេល​រៀបចំ​ពិព័រណ៍​ផលិតផល​នេះ ទៅ​ពេល​ក្រោយ​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ថមថយ​សិន មុននឹង​ក្រសួង​ចេញ​ការសម្រេច​រៀបចំ​ការតាំង​បង្ហាញ​ផលិតផល​ជាថ្មី​។​
 
​ការរៀបចំ​ពិព័រណ៍​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ២១ ដល់​២៤ ខែ​វិច្ចិកា និង​នៅ​ខេត្តព្រះវិហារ ថ្ងៃទី​២៣​ដល់​២៦​ខែ វិច្ចិកា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បន្ត​គំរាមកំហែង​នោះ ទើប​ក្រសួង​សម្រេច​ផ្អាក​សិន​។​
 
​កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣០២​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​២៨៩ ខណៈ​អ្នកជំងឺ​១៣​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
 
​ដោយឡែក​មនុស្ស​ជាង​១​ពាន់​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​។ ពួកគេ​ទាំងនោះ ជា​អ្នក​ប្រាស្រ័យ​នឹង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ វិច្ឆិកា​។​លោក Peter Szijjarto ត្រូវបាន​គេ​រកឃើញ​មាន​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ ក្រោយ​ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​។​
 
​មនុស្ស​ជាង​១​ពាន់​នាក់ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នោះ រួមមាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ,​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ,  លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​, ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​, លោកស្រី​ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​ម​ន្រី្ត​ជាន់ខ្ពស់​តាម​ស្ថាប័ន​នានា​, ក្រុម​អង្គរក្ស និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ជាដើម​។ មិនតែប៉ុណ្ណោះ​បុគ្គលិក​តាម​គ្រឹះស្ថានសិក្សា មាតាបិតា​សិស្ស ក៏ត្រូវ​តាមដាន​ពិនិត្យ​សុខភាព​រក​ជំងឺ​កាច​សាហាវ​នេះដែរ​។​
 
​អ្នក​ទាំងនោះ បានធ្វើ​បាន​តេស្ត​សុខភាព​៣​លើក​មកហើយ គឺ​អវិជ្ជមាន​កូ​វីដ​-១៩ លើកលែងតែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ មាន​កូ​វីដ​-១៩ ក្នុងនោះ​រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។​
 
​ជុំវិញ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មន្ត្រី ក៏ដូចជា​អ្នកពាក់ព័ន្ធ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក បន្ត​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ត្រឹមត្រូវ ដើម្បី​បង្ការ​ហានិភ័យ និង​ឆ្លង​ចូល​សហគមន៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com