ភ្នំពេញ៖ ៣ឆ្នាំហើយ ដែលគណបក្សសង្គ្រោះជាតិ(CNRP) ត្រូវបានតុលាការកំពូលសម្រេចរំលាយ ក្រោមហេតុផលថា បក្សនេះបាន«គប់គិតជាមួយបរទេស» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដោយខុសច្បាប់រដ្ឋធម្មនុញ្ញ។ ការសម្រេចរបស់តុលាការនេះ ធ្វើឡើងតាមសំណើរបស់ក្រសួងមហាផ្ទៃ ដែលបានយកករណីរបស់លោក កឹម សុខា ដែលជាប់សង្ស័យថាប្រព្រឹត្តអំពើក្បត់ជាតិ ទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល។ ៣ឆ្នាំក្រោយរំលាយបក្ស ក្តីសង្ឃឹមរបស់CNRP ស្ថិតនៅលើផ្លូវតូចចង្អៀត?
១០៩៥ថ្ងៃហើយ ដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ រហូតដល់ពេលនេះ គ្មានពន្លឺនៃក្តីសង្ឃឹមថា គណបក្សនេះរស់ឡើងវិញ ដូចសេចក្តីថ្លែងការណ៍នានារបស់អតីតមេដឹកនាំនៃគណបក្សនេះឡើយ។ មេដឹកនាំ មន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិខ្លះ នៅតែទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានយោបាយ ជាពិសេសឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ ពួកគេ ក៏ស្នើទៅសហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានដំណោះស្រាយលើបញ្ហាទាំងនេះ។
សហគមន៍អន្តរជាតិ តែងតែចេញមុខរិះគន់ និងថ្កោលទោសតុលាការ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ជុំវិញការរំលាយបក្សសង្គ្រោះជាតិ រួមទាំងដំណើរការក្តីលោក កឹម សុខា ផង។ ប៉ុន្តែអន្តរជាតិក៏ផ្អាកនិយាយបញ្ហានយោបាយកម្ពុជា មួយរយៈចុងក្រោយនេះដែរ។ សម្រាប់រដ្ឋាភិបាលកម្ពុជា ការរិះគន់របស់អន្តរជាតិទាំងនោះ គ្រាន់តែជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់កម្ពុជា។
ផ្លូវនយោបាយរបស់មេបក្សប្រឆាំង ស្ថិតនៅលើផ្លូវតូចចង្អៀត
«ខ្មោចងាប់ហើយ មិនអាចរស់ឡើងវិញទេ»។ នេះជាសាររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានឆ្លើយតបទៅនឹងសហគមន៍អន្តរជាតិ និងទៅអ្នកនយោបាយបក្សសង្គ្រោះជាតិកន្លងមក។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន ចង់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនចាប់បដិសន្ធិឡើងវិញ នៅក្នុងឆាកនយោបាយកម្ពុជាឡើយ។
ដ្បិតគណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញ ប៉ុន្តែអ្នកនយោបាយបក្សប្រឆាំង ដែលត្រូវបានហាមឃាត់សកម្មភាពនយោបាយ៥ឆ្នាំនេះ អាចសុំធ្វើសកម្មភាពខ្លួនវិញបាន តាមរយៈការស្នើសុំសម្បទានយោបាយពីរដ្ឋាភិបាល ដែលនឹងត្រូវស្នើសុំបន្តទៅព្រះមហាក្សត្រ។
ទោះជាមានការអនុគ្រោះនយោបាយបែបនេះក្តី ប៉ុន្តែច្រកទ្វារនយោបាយសម្រាប់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅតែតូចចង្អៀតនៅឡើយ។ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ជាមួយបទចោទប្រកាន់ជាង១០ពីរដ្ឋាភិបាលកម្ពុជានោះ ប្រកាសដាច់អហង្ការថា លោកមិនសុំសិទ្ធិធ្វើនយោបាយវិញឡើយ។ លោក សម រង្ស៊ី យល់ថា ការសុំសិទ្ធិវិញនេះ ស្មើនឹងទទួលស្គាល់ថា គណបក្សខ្លួនខុសច្បាប់។ ចំណែកលោក កឹម សុខា ដែលកំពុងស្ថិតនៅដំណើរការរឿងក្តីពីបទ«គប់គិតជាមួយបរទេស»នេះ ក៏នៅរក្សាភាពស្ងៀមស្ងាត់ដែរ។
និយាយរឿងច្រកផ្លូវនយោបាយនេះ សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសដាច់ណាត់ថា គ្មានការបើកផ្លូវចរចានយោបាយជាមួយមេដឹកនាំគណបក្សប្រឆាំងឡើយ។ មិនតែប៉ុណ្ណោះសម្ដេច ក៏បានលេងនយោបាយក្តៅ ដោយសម្រេចបិទជើងហោះហើរ រួមទាំងលែងផ្ដល់សុពលភាពលិខិតឆ្លងដែន ដល់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ដែលនៅក្រៅប្រទេសផងដែរ ខណៈលោក កឹម សុខា កំពុងជាប់ក្តីក្ដាំក្នុងស្រុក។
ត្រង់ចំណុចនេះ អ្នកវិភាគលើកឡើងថា សម្ដេច ហ៊ុន សែន អាចនឹងលេងនយោបាយធីបលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងចោល។ អ្នកវិភាគ មើលឃើញទៀតថា មេដឹកនាំកម្ពុជាបច្ចុប្បន្ន នឹងបំបាត់វត្តមានដៃគូប្រឆាំងជាង២០ឆ្នាំរបស់ខ្លួននេះ ដោយងាកទៅលេងនយោបាយជាមួយក្រុមនយោបាយផ្សេងៗទៀតនៅក្នុងស្រុក រួមទាំងលោក កឹម សុខា ផងដែរ។
ក្នុងន័យនេះ អ្នកវិភាគ យល់ឃើញថា ការវិវត្តនយោបាយ បន្ទាប់ពីកូវីដ-១៩ ស្ងប់ស្ងាត់នោះ គឺដំណើរការក្តីលោក កឹម សុខា នឹងឈានដល់ការសម្រេចទោសទណ្ឌពីតុលាការ ។ ក្រោយតុលាការចេញសាលក្រមផ្ដន្ទាទោសហើយនោះ ប្រមុខរដ្ឋាភិបាល នឹងមានសិទ្ធិក្នុងការស្នើសុំលើកលែងទោសឲ្យលោក កឹម សុខា ដែលអាចឲ្យមេដឹកនាំអតីតបក្សប្រឆាំងដ៏ធំមួយនេះ មានសិទ្ធិធ្វើនយោបាយវិញ ហើយជំនួសវត្តមានលោក សម រង្ស៊ី ទៀតផង។ នេះបើតាមការយល់ឃើញរបស់ក្រុមតាមដានសង្គមនយោបាយកម្ពុជា។
ទោះមានការយល់ឃើញបែបនេះក្តី ប៉ុន្តែស្ថានភាពនយោបាយនៅកម្ពុជា តែងតែមានការប្រែប្រួលដោយពិបាកស្មាន។ សាធារណជនប្រហែលជាចាំបានហើយថា លោក សម រង្ស៊ី ត្រូវបានតុលាការខ្មែរកាលពីឆ្នាំ២០១១ កាត់ទោសឲ្យជាប់ពន្ធនាគារជាង១០ឆ្នាំ ពីបទដកតម្រុយបង្គ្រោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រាខេត្តស្វាយរៀង ផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារសារធារណៈ ។ ប៉ុន្តែលោក សម រង្ស៊ី ក៏ទទួលការលើកលែងទោសពីព្រះមហាក្សត្រវិញ តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។
ដូច្នេះការដោះស្រាយបញ្ហានយោបាយនៅកម្ពុជា គឺអាស្រ័យលើ «អណ្ដាតអ្នកនយោបាយ» ប៉ុណ្ណោះ។ សម្ដេច ហ៊ុន សែន ធ្លាប់លើកឡើងបែបនេះ។
ជំហរលោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ!
ក្រោយបក្សសង្គ្រោះជាតិរំលាយ៣ឆ្នាំមកនេះ គេសង្កេតឃើញថា ផ្ទៃក្នុងគណបក្សនេះ ដែលមានមេដឹកនាំពីរគណបក្សច្របាច់បញ្ជូលគ្នាតែមួយ(គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស) កាលពីឆ្នាំ២០១២ កំពុងដើរជំហរផ្សេងគ្នា។ អ្នកខ្លះថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិបែកបាក់គ្នា ដោយសារម្នាក់នៅតែរក្សាជំហរវាយប្រហាររដ្ឋាភិបាល ឯម្នាក់ទៀតរក្សាភាពស្ងៀមស្ងាត់ និងបង្ហាញរូបភាពទន់ភ្លន់ទៅរដ្ឋាភិបាល។ ប៉ុន្តែអ្នកខ្លះនៅតែគិតថា សកម្មភាពបែបនេះ អាចជាយុទ្ធសាស្ត្ររបស់មេដឹកនាំទាំងពីរ។
ជាក់ស្ដែងនៅថ្ងៃខួប៣ឆ្នាំនៃការរំលាយបក្សនេះ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍តាមរយៈវីដេអូ១១នាទី ដោយចាត់ទុកការរំលាយគណបក្សសង្គ្រោះជាតិ ជាសេចក្តីសម្រេចបែបអត្តនោម័តរបស់តុលាការ។ លោក សម រង្ស៊ី ក៏ហៅការរំលាយបក្សខ្លួននេះថា ជាការប្លន់តំណែងបក្ស និងឆន្ទៈប្រជាពលរដ្ឋ ដែលគាំទ្របក្សខ្លួន ទៅចែកឲ្យគណបក្សដទៃ ដែលគ្មានការគាំទ្រ។ លោក សម រង្ស៊ី នៅតែអះអាងថា ខ្លួនមិនទទួលស្គាល់ការរំលាយបក្សឡើយ ដោយស្នើឲ្យអាមេរិក និងអន្តរជាតិបន្តអន្តរាគមន៍លើករណីចោទប្រកាន់លោក កឹម សុខា និងការរំលាយបក្សនេះ។
ងាកមកលោក កឹម សុខា វិញ គឺមិនមានសារនយោបាយអ្វី នៅក្នុងថ្ងៃនេះឡើយ។ ការមិនបញ្ចេញសារនេះ ទំនងជាលោក ចង់រក្សាភាពស្ងៀមស្ងាត់ និងមិនចង់ឆ្លើយតបលើបញ្ហានេះ។ ម្យ៉ាងទៀតលោក កឹម សុខា ក៏កំពុងជាប់រឿងក្តីក្តាំ ដែលស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការផង ជាពិសេសបម្រាមហាមធ្វើសកម្មភាពនានា ទាក់ទងនឹងរឿងនយោបាយ។ ប៉ុន្តែមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ តែងតែងអះអាងប្រាប់មហាជនថា «ខ្លួនប្រើនយោបាយបែបអហិង្សា» ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍប្រទេស។
ជំហរបែបអហិង្សារបស់លោក កឹម សុខា នេះ ក្លាយទៅជាលំអានមួយសម្រាប់ក្រុមមន្ត្រី និងសមាជិកដែលស្មោះស្ម័គ្រនឹងលោកយកទៅអនុវត្តតាម។ ក្រុមមន្ត្រីលោក កឹម សុខា ដែលរួមរស់នយោបាយជាមួយគ្នាជាយូរមកហើយនោះ ហាក់មិនសូវនិយាយអ្វីរិះគន់ និងវាយប្រហារលើរដ្ឋាភិបាលឡើយ។ សកម្មភាពក្រុមមន្ត្រីលោក កឹម សុខា ហាក់ផ្ទុយពីក្រុមមន្ត្រីដែលគាំទ្រលោក សម រង្ស៊ី ដែលនៅបន្តការតវ៉ាពីក្រៅប្រទេស និងរិះគន់វាយប្រហារមកលើការដឹកនាំរបស់សម្ដេច ហ៊ុន សែន។ ពាក្យ«របប ហ៊ុន សែន ផ្ដាច់ការ» គឺជាពាក្យរបស់ក្រុមលោក សម រង្ស៊ី រិះគន់រដ្ឋាភិបាលកម្ពុជា។
ទោះបីជាមានអ្នកស្មោះស្ម័គ្រជាមួយមេដឹកនាំទាំងពីររៀងៗខ្លួនក្តី ប៉ុន្តែក៏នៅមានមន្ត្រីបក្សខ្លួន ដែលជាប់បម្រាមនយោបាយនោះ សម្រេចសុំសិទ្ធិធ្វើសកម្មភាពវិញដែរ។ មកដល់ពេលនេះ មានមន្ត្រីបក្ស១៤នាក់ហើយ ក្នុងចំណោម១១៨នាក់ ដែលទទួលបានសម្បទានយោបាយវិញ ពីព្រះមហាក្សត្រ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងចំណោមមន្ត្រីទាំង១៤នាក់នោះ មួយចំនួនបានស្នើសុំបង្កើតគណបក្សនយោបាយខ្លួនឯង និងអ្នកខ្លះបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សផ្សេងៗ។ លោក គង់ គាំ សម្រេចទៅចូលរួមសកម្មភាពនយោបាយជាកូនប្រុសពៅខ្លួនម្នាក់ទៀត គឺលោក គង់ មូនីកា ដែលប្រធានគណបក្សឆន្ទៈខ្មែរ ខណៈលោក គង់ បូរ៉ា ដែលជាកូនប្រុសលោក គង់ គាំ និងលោកស្រី លី ស្រីវីណា ដែលទើបទទួលបានសិទ្ធិនយោបាយថ្មីៗនេះ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពេលសម្រេចចិត្តសុំធ្វើនយោបាយវិញហើយនោះ លោក គង់ គាំ ក៏តែងតែចេញមុខរិះគន់ពីផលអវិជ្ជមាននៃការដឹកនាំរបស់លោក សម រង្ស៊ី មិនតិចដែរ។
ចំណែកលោក រៀល ខេមរិន្ទ ក៏សម្រេចចិត្តទៅបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា «គណបក្សខ្មែរអភិរក្សនិយម»។ រីឯលោក ជីវ កត្តា និងលោក កង គឹមហាក់ ទៅបង្កើតឈ្មោះ «គណបក្សខ្មែរស្រលាញ់ជាតិ»។ ពួកគេ សុទ្ធតែអះអាងថា ការសុំសិទ្ធិធ្វើនយោបាយនេះ ដោយសារតែខ្លួនចង់ជួយដោះស្រាយបញ្ហាសង្គម ខណៈដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
ដោយឡែកមន្ត្រីបក្សប្រឆាំងផ្សេងទៀត រួមមានលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ,លោក អ៊ូ ច័ន្ទរ័ត្ន ,លោក ច័ន្ទ សិលា ,លោកស្រី ទេព សុទ្ធី, លោក យឹម សុវណ្ណ, លោក សុន ឆ័យ , លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈុន ជាដើមនោះ កំពុងតែនៅស្ងាត់ស្ងៀម។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានយកករណីរបស់លោក កឹម សុខា ដែលត្រូវបានសង្ស័យថាប្រព្រឹត្តអំពើក្បត់ជាតិ ទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល ដើម្បីធ្វើជាភស្តុតាងដាក់ទៅតុលាការ កាលពីឆ្នាំ២០១៧ ។ ក្រសួងមហាផ្ទៃ យល់ថា គណបក្សសង្គ្រោះជាតិ ក៏អាចជាប់ទាក់ទងនឹងអំពើក្បត់ជាតិ ដូចលោក កឹម សុខា ដែរ ទើបបានជាសុំឲ្យតុលាការកំពូលរំលាយចោល ហើយថែមទាំងសុំឲ្យដកសិទ្ធិពីថ្នាក់ដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះ។ នៅថ្ងៃទី១៦ វិច្ឆិកា ២០១៧ តុលាការ ក៏សម្រេចតាមសំណើក្រសួងមហាផ្ទៃ។ បច្ចុប្បន្ននេះ លោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណើការរឿងក្តី «គប់គិតជាមួយបរទេស»។ ដំណើរការក្តីលោក កឹម សុខា បានផ្អាកបណ្ដោះអាសន្នសិន ដោយសារការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាពិភពលោក៕