លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យសមត្ថកិច្ចយកដីកា ទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីហៅមនុស្ស៦៧នាក់ថែមទៀត ឲ្យចូលរួមសវនាការ។
លោក សំ សុគង់ មេធាវីដែលតែងការពារក្តីឲ្យមេដឹកនាំនិងសកម្មជនក្រុមប្រឆាំង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែវិច្ឆិកាថា អ្នកទាំង៦៧នាក់ក្រោយនេះ ក៏រងបទចោទដូចអ្នកមុនៗដែរ គឺជាទូទៅ បទរួមគំនិតក្បត់ [ជាតិ] និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោក ផ្តល់ព័ត៌មានថា ការបើកសវនាការជំនុំជម្រះលើអ្នកទាំង៦៧នាក់នោះ តុលាការ គ្រោងធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២០ (លោកមិនចាំថ្ងៃ)។
ជាមួយគ្នានេះ លោក អះអាងថា ក្នុងចំណោមអ្នកដែលត្រូវតុលាការកោះហៅពីបទរួមគំនិតក្បត់ [ជាតិ] និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម មានប្រមាណ៣០ទៅ៤០ភាគរយ ដែលកំពុងរស់នៅក្នុងប្រទេស ហើយពួកគេ សុខចិត្តចួលរួមសវនាការតាមការកោះហៅ។ លោក ប្រាប់ថា អ្នកដែលកំពុងនៅក្នុងស្រុកទាំងនោះ បានទាក់ទងទៅលោកតាមទូរស័ព្ទ ហើយសុំពឹងលោក ធ្វើជាមេធាវី និងផ្តល់ដំណឹងពីការស្ម័គ្រចិត្តចូលរួមសវនាការនេះ។
លោកមេធាវី មានប្រសាសន៍ថា៖«អ្នកនៅក្នុងស្រុក មានតិចទេ ពួកគាត់ មិនដឹងទៅណា សុខចិត្តនៅជួបជុំគ្រួសារ [ក្នុងស្រុក] ហើយសុខចិត្តចូលរួមសវនាការ ដើម្បីបញ្ជាក់ពីភាពគ្មានកំហុសរបស់ពួកគាត់»។
យ៉ាងណា លោកមេធាវី យល់ថា សំណុំរឿងនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងរឿងច្បាប់ ដូច្នេះ គួរតែដោះស្រាយតាមផ្លូវនយោយបាយ ទើបប្រសើរជាង ដោយគួរតែទម្លាក់បទចោទចេញពីពួកគេ។ ម្យ៉ាងទៀត លោក ជឿថា ពួកគេ ពុំបានព្រឹត្តអំពើដូចការចោទប្រកាន់ឡើង។ លោក ទាញហេតុផលថា ការជួបជុំ ការបញ្ចេញមតិ ការសរសេរ ឬ ការបង្ហោះសារលើបណ្តាញសង្គមកន្លងមក គឺជាសិទ្ធិរបស់ពួកគេ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា រួមទាំងសន្ធិសញ្ញាអន្តរជាតិផ្សេងៗ។
ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បកស្រាយតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៦ ខែវិច្ឆិកាថា ការកោះហៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងនោះ គឺដោយសារតែពួកគេ ធ្វើសកម្មភាពបម្រើឧបាយកលខុសច្បាប់របស់មេដឹកនាំខ្លួន។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា សមត្ថកិច្ច បានយកដីកាទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិម្តងរួចមកហើយ ដោយដីកានោះ គឺកោះហៅមនុស្ស៥៩ ក្នុងនោះមានទាំងលោក សម រង្ស៊ី ផងដែរ ឲ្យចូលរួមសវនាការពីបទរួមគំនិត [ជាតិ]។ លោកមេធាវី សំ សុគង់ បានឲ្យដឹងថា តុលាការ គ្រោងបើកសវនាការជំនុំជម្រះលើអ្នកទាំង៥៩នាក់នោះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមលោកមេធាវី សំ សុគង់ ដែលធ្លាប់មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗកន្លងមក រាល់អ្នកដែលត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] ពាក់ព័ន្ធនឹងហេតុការណ៍តែមួយដូចគ្នា គឺការប្រកាសគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយអ្នកខ្លះទៀត បានបបួលអ្នកដទៃ ឲ្យគាំទ្រដែរនិងចាំទទួលលោក សម រង្ស៊ី។ប៉ុន្តែ លោកសម រង្ស៊ី ពុំបានវិលមកតាមគ្រោងទុកឡើយ ដោយលោក ចោទថា រដ្ឋាភិបាលកម្ពុជា បានហាមក្រុមហ៊ុនយន្តហោះ មិនឲ្យដឹកលោក ខណៈរដ្ឋាភិបាល ឆ្លើយតបថា លោក មិនហ៊ានមកដោយខ្លួនឯង។
រដ្ឋាភិបាល ចាត់ទុក គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី កាលនោះ ថា ដើម្បីមកធ្វើរដ្ឋប្រហារ។ លោក សម រង្ស៊ី បានប្រកាសផែនការលើកទី២ ថា លោក នឹងវិលមកកម្ពុជាក្នុងពេលឆាប់ៗនេះ ប៉ុន្តែ លោក ពុំទាន់បង្ហាញពេលវេលាជាក់លាក់នោះទេ។
ក្រៅពីនេះ លោក សម រង្ស៊ី និងភរិយារបស់លោក គឺ អ្នកស្រី ជូឡុង សូមួរ៉ា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់៧នាក់ទៀតរបស់លោក រួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ត្រូវបានតុលាការ ចេញដីកាដោយឡែកផ្សេងទៀត កោះហៅឲ្យចូលរួមសវនាការពីបទឧបឃាត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ សវនាការនេះ មិនបានយ ដោយតុលាការ សម្រេចពន្យារពេល ខណៈពួកគេទាំងអស់គ្នា ដែលជាជនជាប់ សុទ្ធតែស្ថិតនៅក្រៅប្រទេស។
ក្នុងចំណោមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មានអ្នកខ្លះ ដូចជាលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ ជាដើម ជាប់ពីបទឧបឃាតផងនិងបទរួមគំនិតក្បត់ [ជាតិ]។ បទឧបឃាត សំដៅលើក្រុមណាមួយ ដែលផ្តើមគំនិតនិងរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ហើយបទរួមគំនិតក្បត់ [ជាតិ] គឺសំដៅលើជន ដែលចូលរួមគាំទ្រឬចូលរួមអនុវត្តគម្រោងនោះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
បទឧបឃាត មានចែងក្នុងមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត រីឯ បទរួមគំនិតក្បត់ [ជាតិ] មានចែងក្នុងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្ត ជាអ្នករាជការសាធារណៈ ត្រូវជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ។ នេះបើតាមការបំភ្លឺរបស់ក្រសួងយុត្តិធម៌កន្លងមក៕