កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ដែល​បើក​ឲ្យ Mercedes ឈ្នះ​ជើងឯក F1 ជា​លើក​ទី​៧
16, Nov 2020 , 7:19 pm        
រូបភាព
Lewis Hamilton បាន​ក្លាយជា​ជើងឯក​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula One ពិភពលោក​ឆ្នាំ ២០២០ និង​ជា​លើក​ទី​៧​ក្នុង​អាជីព ស្មើ​កំណត់ត្រា Michael Schumacher ក្រោយ​ឈ្នះ​ការប្រណាំង​នៅ​ទីលាន​ប្រទេស​តួ​ក​គី ក្នុង​កម្មវិធី Turkish Grand Prix​។​


Hamilton ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បាន​អបអរ​ជ័យជម្នះ​លើក​ទី​៩៤​ក្នុង​អាជីព នា​ការប្រណាំង​រថយន្ត F1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប នៅឯ​ទីលាន Istanbul Park ប្រទេស​តួ​ក​គី​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ ការ​ឈ្នះ​ការប្រណាំង​ជា​លើក​ទី​១០​រដូវ​កាល​ឆ្នាំ​២០២០​នេះ បានធ្វើ​ឲ្យ​កំពូល​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស គ្រង​តំណែង​ជើងឯក​លើក​ទី​៧ ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​នៅសល់​ការប្រណាំង​៣​លើក​ទៀត​ក្តី​។​
 
​កំពូល​អ្នក​ប្រណាំង វ័យ​៣៥​ឆ្នាំ បាន​ប្រើ​ថេរវេលា ១​ម៉ោង ៤២​នាទី និង​១៩​វិនាទី ដើម្បី​បញ្ចប់​ទី​មុនគេ​ក្នុង​កម្មវិធី Turkish Grand Prix ដែលជា​ទីលានប្រណាំង​ទី​១៤​នេះ​រដូវ​កាល​២០២០​នេះ​។ កីឡាករ Sergio Perez ដែល​បើកបរ​ឲ្យ​ក្រុម Racing Point ធ្វើបាន​ចំណាត់ថ្នាក់​ទី​២ ខណៈ Sebastian Vettel បើកបរ​ឲ្យ Ferrari បញ្ចប់​ក្នុង​លេខ​រៀង​ទី​៣​។​
 
​ឆ្លងកាត់​ការប្រណាំង​១៤​លើក Hamilton មាន​ពិន្ទុ​នាំមុខ​ដាច់​គេ​ក្នុង​តារាង F1 មាន​៣០៧​ពិន្ទុ លើស មិត្ត​រួម​ក្រុម Mercedes កីឡាករ Valtteri Bottas ចំនួន ១១០​ពិន្ទុ​។ Max Verstappen ដែល​បើក​ឲ្យ Red Bull ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ មាន ១៧០​ពិន្ទុ ឯ Sergio Perez របស់​ក្រុម Racing Point នៅ​លេខ​៤ រកបាន​១០០​ពិន្ទុ​។​
 
Hamilton បានបង្ហាញ​ក្តីរំភើប​យ៉ាងខ្លាំង ក្រោយ​តាម​ស្មើ​កំណត់ត្រា​របស់​កំពូល​អ្ន​ក​ប្រ​ណាំ​អាល្លឺម៉ង់ Schumacher​។ លោក​និយាយ​ទៅកាន់​សមាជិក​ក្រុម​ក្រោយ​ចេញពី​រថយន្ត​ថា​៖« ជើងឯក​លើក​ទី​៧ ជា​រឿង​មិនអាច​នឹកស្មាន​ដល់ ប៉ុន្តែ​នៅពេលដែល​អ្នកធ្វើការ​ជាមួយ​ក្រុមមនុស្ស​ដ៏​អស្ចារ្យ​បែបនេះ អ្នក​ពិតជា​ទុកចិត្ត​គ្នា ហើយ​គ្មាន​អ្វីដែល​អ្នក​មិនអាច​ធ្វើបាន​ជាមួយគ្នា​បានទេ​»​។​
 
​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស​ដែល​មិនទាន់មាន​កិច្ចសន្យា​ជា​ក្រុម Mercedes នៅ​ឆ្នាំក្រោយ​បាន​បន្ថែមទៀតថា​រូបគេ​ពិតជា​ស្រឡាញ់ និង​ចង់​បន្ត​នៅទីនេះ​។ Hamilton ចង់​បន្ត​យុទ្ធនាការ F1 ដើម្បី​ការផ្លាស់ប្តូរ​បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​បរិស្ថាន​ផង​។​
 
Hamilton ឈ្នះ​ជើងឯក F1 ពិភពលោក​លើកដំបូង​ជាមួយ​ក្រុម McLaren ក្នុង​ឆ្នាំ ២០០៨ និង​ឈ្នះ​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩ និង​២០២០​នេះ សម្រាប់​ក្រុម Mercedes៕

Tag:
 Lewis Hamilton
  Formula One
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com