រថយន្ត
អន្តរជាតិ
រថយន្ត​ផ្លូវការ​ប្រធានាធិបតី​អាមេរិក ដែល​សុទ្ធតែ​រៀបចំ និង​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​សម្ងាត់
16, Nov 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
លោក ដូ​ណា​ល់ ត្រាំ  ប្រធានាធិបតី​អាមេរិក និង​ស្ត្រី​ទី​១ Melania  ប្រើប្រាស់​រថយន្ត Cadillac ដែលមាន​ឈ្មោះថា «The Beast» សម្រាប់​មុខតំណែង​របស់ខ្លួន​។ រថយន្ត​ប្រធានាធិបតី​អាមេរិក គ្រប់គ្រង​ដោយ​ភ្នាក់ងារ​សម្ងាត់​អាមេរិក ដែល​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​សុវត្ថិភាព​ដ៏​ខ្ពស់​។ តាម​កំណត់ត្រា​របស់ The Quint រថយន្ត Lincoln K Sunshine Special គឺជា​រថយន្ត​ទី​១​សម្រាប់​ប្រធានាធិបតី​អាមេរិក បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៣៩​មក​។​
 
​លោក Franklin D.Roosevelt ប្រធានាធិបតី​ទី​៣២​របស់​សហរដ្ឋអាមេរិក មាន​រថយន្ត​ប្រធានាធិបតី​ប្រើប្រាស់​ផ្លូវការ​ដំបូង​គេ​បំផុត គឺ Lincoln K Sunshine Special ពី​ឆ្នាំ​១៩៣៩ ដល់​ឆ្នាំ​១៩៤២​។ ក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ Pearl Harbour នៅ​ឆ្នាំ​១៩៤១ រថយន្ត​ដើម្បី​បំពាក់​ឧបករណ៍​ការពារ​បន្ថែ​ម ជាមួយនឹង​ទ្វារ​ពាស​ដែក និង​សំបក​កង់ការពារ​គ្រាប់​។​




 
​នៅ​ឆ្នាំ​១៩៤២ រថយន្ត Lincoln Custom ក្លាយជា​រថយន្ត​ទី​ពីរ​សម្រាប់​ប្រធានាធិបតី​ដែល​ត្រូវបាន​ផលិតឡើង​នា​សម័យ​សង្គ្រាមលោកលើកទី​២ ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​លោក Franklin D.Roosevelt ហើយ​បន្ទាប់មក​គឺ​លោក Harry Truman ប្រធានាធិបតី​ទី​៣៣​របស់​អាមេរិក​។​
 
​ឈានដល់​ឆ្នាំ​១៩៥០ លោក Harry Truman បន្ត​ជ្រើសរើស Lincoln ជំនួស Ford​។ រថយន្ត Lincoln Cosmopolitan ត្រូវបាន​បំពាក់​ឧបករណ៍​ជាច្រើន ជាពិសេស​នៅ​ផ្នែក​ខាងលើ ដើម្បី​ឲ្យ​ពលរដ្ឋ​មើលឃើញ​ពី​ភាព​អស្ចារ្យ​នៃ​រថយន្ត​សម្រាប់​ប្រធានាធិបតី​។​
 
​ចន្លោះ​ពី​ឆ្នាំ​១៩៦១ ដល់​ឆ្នាំ​១៩៧២ រថយន្ត Lincoln Continental ក្លាយជា​រថយន្ត​ទី​៤​សម្រាប់​ប្រធានាធិបតី​អាមេរិក ជាមួយនឹង​កូដ SS-100-X ដែល​ផ្តល់​ដោយ​ក្រុម​ភ្នាក់ងារ​សម្ងាត់ ហើយក៏​ជា​រថយន្ត​តែមួយ​ដែល​ត្រូវបាន​ប្រើប្រាស់​នៅពេលដែល​លោក​ប្រធានាធិបតី John F. Kennedy ត្រូវបាន​បាញ់សម្លាប់​នៅ​ឆ្នាំ​១៩៦៣​។​


 
​លោក Ronald Reagan ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដែល​បាន​ប្រើប្រាស់​រថយន្ត Cadillac Fleetwood សម្រាប់​មុខតំណែង​ខ្លួន​នៅ​ឆ្នាំ​១៩៨៣​។ វា​ជា​ប្រភេទ​រថយន្ត​ពាស​ដែក ដែលមាន​កញ្ចក់​ការពារ​គ្រាប់ និង​ប្រព័ន្ធ​ហ្វ្រាំង​ទំនើប មិន​ចាញ់​ម៉ូ​ដែល Lincoln នោះឡើយ​។​
 
​នៅ​ឆ្នាំ​១៩៨៩ ម៉ូ​ដែល Lincoln បាន​វិល​ត្រឡប់មកវិញ​សម្រាប់​ប្រធានាធិបតី​អាមេរិក ហើយ Lincoln Town Car ក៏​ជា​រថយន្ត​ផ្លូវការ​ចុងក្រោយ​ផងដែរ​។ រថយន្ត​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រជ្ជកាល​លោក George H.W. Bush​។​
 
​ឈានដល់​អណ​ត្តិ​លោក Bill Clinton នៅ​ឆ្នាំ​១៩៩៣ រថយន្ត Cadillac Fleetwood ក៏បាន​វិលត្រឡប់​មកវិញ​ផងដែរ ជាមួយនឹង​ការ​បន្ទាន់​សម័យ​បន្ថែម ជាពិសេស​ការ​តម្លើង​ម៉ាស៊ីន  V8 ៧.៤ លីត្រ ពី​ម៉ូ​ដែល​រថយន្ត Chevrolet​។ វា​ត្រូវបាន​ចាត់ទុកជា​រថយន្ត​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប​ផងដែរ ដែល​អាច​ភ្ជាប់​ទូរ​សព្ទ អ៊ី​ន​ធ័​រ​ណិ​ត និង​ប្រព័ន្ធ​ផ្កាយរណប​។​


 
​ការបំពាក់​បច្ចេកវិទ្យា​កាន់តែ​បោះជំហាន​ទៅមុខ​បន្ថែមទៀត នៅលើ​រថយន្ត Cadillac DeVille នៅ​ឆ្នាំ​២០០១ ក្នុង​អាណត្តិ​លោក George W.Bush​។ ក្រោយពី​ជា​រថ​ពាស​ដែល រថយន្ត​នោះ មាន​កញ្ចក់​ការពារ​គ្រាប់ និង​អាច​មើល​ច្បាស់​នៅពេល​យប់​ថែម​ទៀតផង​។​
 
​នៅ​ឆ្នាំ​២០០៥ រថយន្ត Cadillac DTS ត្រូវ​ច្នៃ​ដោយផ្ទាល់​ដៃ​ពី​ក្រុម​ភ្នាក់ងារ​សម្ងាត់​។ រថយន្ត​នេះ ត្រូវបាន​ប្រើប្រាស់​ឆ្លង​ពី​លោក George W.Bush បន្តទៅ​លោក Barack Obama​។ ព័ត៌មាន​សម្ងាត់​ជាច្រើន​ទៀត​ទាក់ទង​នឹង Cadillac DTS Presidential State Car នេះ មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​នោះឡើយ​។​
 
​ប៉ុន្តែ​សម្រាប់​ការសម្ពោធ​តំណែង​ក្នុង​អណ​ត្តិ​ទី​១​របស់ខ្លួន​នៅ​ឆ្នាំ​២០០៩ លោក Barack Obama បាន​ប្រើប្រាស់​រថយន្ត Cadillac One ហើយ​ត្រូវបាន​ប្រើប្រាស់​បន្ត​ក្នុង​អណ​ត្តិ​របស់លោក​ប្រធានាធិបតី Donald Trump នាពេល​បច្ចុប្បន្ន​។ រថយន្ត​នេះ អាច​រារាំង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​។​
 
​នៅ​ឆ្នាំ​២០១១ លោក អូ​បា​ម៉ា មាន​ប្រភេទ​រថយន្តក្រុង​មួយទៀត គឺ Ground Force One ដែល​យកឈ្មោះ​តាម​យន្តហោះ​ប្រធានាធិបតី Air Force One​។ រថយន្ត​ពណ៌​ខ្មៅ​ដ៏​ទំនើប​ដែលមាន​ប្រវែង​ជិត១៤​ម៉ែត្រ​នេះ ប្រើប្រាស់​សម្រាប់​លោក​ប្រធានាធិបតី​ផ្ទាល់ រួមទាំង​សហសេវិក​របស់លោក​នៅ​សេត​វិមាន​។​
 
​បច្ចុប្បន្ននេះ The Beast គឺជា​រថយន្ត​ផ្លូវការ​របស់លោក ដូ​ណា​ល់ ត្រាំ ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន Cadillac The Beast មានតម្លៃ​មួយ​លាន​ដុល្លារ​កន្លះ ផលិត​ដោយ​យ៉ាង​ពិសេស​ដោយ​បំពាក់​បច្ចេកវិទ្យា​ទំនើប ពាស​ដែក​ដែល​អាច​ទប់ស្កាត់​ការវាយប្រហារ​គ្រាប់កាំភ្លើង និង​គ្រាប់បែក​មួយចំនួន​ផង ព្រមទាំង​ការវាយប្រហារ​អាវុធ​គីមី និង​ជីវសាស្ត្រ​ដែរ​។ កញ្ចក់​រថយន្ត​នេះ មាន​កម្រាស់​ជិត​៧​សង់ទីម៉ែត្រ ឯ​តួខ្លួន​វិញ​មាន​បន្ទះ​ការពារ​កម្រាស់​២០​សង់ទីម៉ែត្រ​ឯណោះ​។​
 
​នៅ​ខាងក្នុង The Beast  ក៏មាន​បំពាក់​ប្រព័ន្ធ​ទំនាក់ទំនង​ល្អ​ពិសេស ប្រព័ន្ធ​អុកស៊ីសែន និង​ការផ្គត់ផ្គង់​ឈាម​សម្រាប់​ប្រធានាធិបតី​។ និយាយ​ពី​ទម្ងន់​វិញ រថយន្ត​នេះ មាន​ទម្ងន់​ដល់​ទៅ​៩​ពាន់​គីឡូក្រាម ហើយ​អាច​ផ្ទុក​មនុស្ស​បាន​៧​នាក់​ផងដែរ​។ ក្នុង​លក្ខខណ្ឌ​សន្តិសុខ គេ​តែង​ឃើញ The Beast ចំនួន​ពីរ​បើក​បន្តបន្ទាប់​គ្នា ដោយ​មួយ​ដឹក​ប្រធានាធិបតី​អាមេរិក​៕
 
 
 

















© រក្សាសិទ្ធិដោយ thmeythmey.com