កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​កំពុង​សម្លឹង​គ្រូបង្វឹក​បរទេស​៤​រូប ដើម្បី​ជំនួស​តំណែង​លោក ស៊ុំ វណ្ណា ដែល​ឡើងជា​នាយក​បច្ចេកទេស​ក្លិប​
17, Nov 2020 , 11:19 am        
រូបភាព
លោក ស៊ុំ វណ្ណា ត្រូវបានតែងតាំងឲ្យធ្វើជានាយកបច្ចេកក្លិបភ្នំពេញក្រោន, រូបថតពីក្លិបភ្នំពេញក្រោន
លោក ស៊ុំ វណ្ណា ត្រូវបានតែងតាំងឲ្យធ្វើជានាយកបច្ចេកក្លិបភ្នំពេញក្រោន, រូបថតពីក្លិបភ្នំពេញក្រោន
​លោក ស៊ុំ វណ្ណា ឡើងជា​នាយក​បច្ចេកទេស​ភ្នំពេញ​ក្រោ​ន ក្រោយ​កាន់តំណែង​ជា​គ្រូបង្វឹក រយៈពេល​២​ឆ្នាំ​។ បច្ចុប្បន្ន ក្លិប កំពុង​ពិចារណា​លើ​សមាសភាព​គ្រូបង្វឹក​បរទេស​៤​រូប ដែល​ត្រូវ​មក​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​នៅ​រដូវ​កាល​ឆ្នាំ​២០២១​។​
 
​គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន​លោក ស៊ុំ វណ្ណា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្នុង​ចេតនា​បង្ហាញ​ពី​ការចែក​ផ្លូវ​គ្នា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​។ ពាក់ព័ន្ធ​បញ្ហា​នេះ​លោក កែវ សុខ​ង​ន អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​ន​ទទួលស្គាល់ថា ក្លិប​ពិតជា​មាន​គម្រោង​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​រូបនេះ​ពិតប្រាកដ​មែន ។​
 
​អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទោះបី​ក្លិប​ចែកផ្លូវ​ជាមួយ​លោក ស៊ុំ វណ្ណា ក្នុង​តំណែង​ជា​គ្រូបង្វឹក​ក៏ពិតមែន ប៉ុន្តែ​លោក​នឹង​បន្ត​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​ក្នុង​តំណែង​ជា​នាយក​បច្ចេកទេស​ក្លិប​ភ្នំពេញ​ក្រោ​ន​។ 
 
​បងប្រុស​បង្កើត​របស់​កីឡាករ កែវ សុខ​ផេង រូបនេះ​បាន​អះអាង​បន្ថែមថា ក្លិប​ភ្នំពេញ​ក្រោ​ន​កំពុង​ពិចារណា​លើ​សមាសភាព​គ្រូបង្វឹក​បរទេស​ចំនួន​៤ ដែល​ត្រូវ​មក​ជំនួស​តំណែង​លោក ស៊ុំ វណ្ណា​។ គ្រូបង្វឹក​ទាំង​៤​រូបនោះ​ភាគច្រើន​មកពី​ក្រៅប្រទេស​រួម​កូរ៉េខាងត្បូង អ៊ុយ​ក្រែ​ន និង​ថៃ​ជាដើម​។ 

លោក ស៊ុ វណ្ណា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូ​ជំនួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែលមាន​លោក Leonardo Vitorino ជា​គ្រូបង្វឹក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្រោយមក​គ្រូបង្វឹក​កម្រិត A-License រូបនេះ បាន​ឡើងកាន់តំណែង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ជំនួស​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​។ 
 
​ក្រោយ​ដឹកនាំ​ជួយ​ភ្នំពេញ​ក្រោ​ន​ឲ្យ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ គ្រូបង្វឹក​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​កាយ និង​កីឡា​នៅ​សាធារណរដ្ឋ​គុយបា​ឆ្នាំ​២០១០ រូបនេះ ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​ពេញសិទ្ធិ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​។ ក្រោយ​ការដឹកនាំ​របស់ លោក ភ្នំពេញ​ក្រោ​ន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល និង​លេខ​៤​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ 
 
​មុន​មក​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន បុរស​រៀន​ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​រូបនេះ ធ្លាប់​ដឹកនាំ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ស៊ីម៉ាក់​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​ពាក់កណ្តាល​អាជីប​ធី​អិន​កណ្តាល​៕​
 
 

Tag:
 បាល់ទាត់​
  ស៊ុំ វណ្ណា​
  កែវ សុខ​ង​ន
© រក្សាសិទ្ធិដោយ thmeythmey.com