កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនកំពុងសម្លឹងគ្រូបង្វឹកបរទេស៤រូប ដើម្បីជំនួសតំណែងលោក ស៊ុំ វណ្ណា ដែលឡើងជានាយកបច្ចេកទេសក្លិប 17, Nov 2020 , 11:19 am
លោក ស៊ុំ វណ្ណា ត្រូវបានតែងតាំងឲ្យធ្វើជានាយកបច្ចេកក្លិបភ្នំពេញក្រោន, រូបថតពីក្លិបភ្នំពេញក្រោន
× លោក ស៊ុំ វណ្ណា ឡើងជានាយកបច្ចេកទេសភ្នំពេញក្រោន ក្រោយកាន់តំណែងជាគ្រូបង្វឹក រយៈពេល២ឆ្នាំ។ បច្ចុប្បន្ន ក្លិប កំពុងពិចារណាលើសមាសភាពគ្រូបង្វឹកបរទេស៤រូប ដែលត្រូវមកដឹកនាំក្រុមភ្នំពេញក្រោននៅរដូវកាលឆ្នាំ២០២១។
គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក ស៊ុំ វណ្ណា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានសរសេរសារលើទំព័រហ្វេសប៊ុក ក្នុងចេតនាបង្ហាញពីការចែកផ្លូវគ្នាជាមួយក្លិបភ្នំពេញក្រោន។ ពាក់ព័ន្ធបញ្ហានេះលោក កែវ សុខងន អ្នកចាត់ការក្រុមភ្នំពេញក្រោនទទួលស្គាល់ថា ក្លិបពិតជាមានគម្រោងចែកផ្លូវជាមួយគ្រូបង្វឹករូបនេះពិតប្រាកដមែន ។
អតីតកីឡាករភ្នំពេញក្រោនរូបនេះបានប្រាប់សារព័ត៌មានថ្មីៗថា ទោះបីក្លិបចែកផ្លូវជាមួយលោក ស៊ុំ វណ្ណា ក្នុងតំណែងជាគ្រូបង្វឹកក៏ពិតមែន ប៉ុន្តែលោកនឹងបន្តរួមរស់ជាមួយភ្នំពេញក្រោនក្នុងតំណែងជានាយកបច្ចេកទេសក្លិបភ្នំពេញក្រោន។
បងប្រុសបង្កើតរបស់កីឡាករ កែវ សុខផេង រូបនេះបានអះអាងបន្ថែមថា ក្លិបភ្នំពេញក្រោនកំពុងពិចារណាលើសមាសភាពគ្រូបង្វឹកបរទេសចំនួន៤ ដែលត្រូវមកជំនួសតំណែងលោក ស៊ុំ វណ្ណា។ គ្រូបង្វឹកទាំង៤រូបនោះភាគច្រើនមកពីក្រៅប្រទេសរួមកូរ៉េខាងត្បូង អ៊ុយក្រែន និងថៃជាដើម។
លោក ស៊ុ វណ្ណា ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូជំនួយក្លិបភ្នំពេញក្រោន ដែលមានលោក Leonardo Vitorino ជាគ្រូបង្វឹកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រោយមកគ្រូបង្វឹកកម្រិត A-License រូបនេះ បានឡើងកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសគ្រូបង្វឹកសញ្ជាតិប្រេស៊ីលនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
ក្រោយដឹកនាំជួយភ្នំពេញក្រោនឲ្យបញ្ចប់ចំណាត់ថ្នាក់លេខ៦ក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ គ្រូបង្វឹករៀនចប់បរិញ្ញាបត្រផ្នែកអប់រំកាយ និងកីឡានៅសាធារណរដ្ឋគុយបាឆ្នាំ២០១០ រូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបភ្នំពេញក្រោនពេញសិទ្ធិនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ ក្រោយការដឹកនាំរបស់ លោក ភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងក្របខណ្ឌលីគកំពូល និងលេខ៤ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន។
មុនមកចូលរួមជាមួយភ្នំពេញក្រោន បុរសរៀនចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានមនុស្សនៅសាកលវិទ្យាល័យបញ្ញាសាស្ត្ររូបនេះ ធ្លាប់ដឹកនាំក្រុមបៀលប្រាយយូណាយធីត ស៊ីម៉ាក់យូណាយធីត វេស្ទើនភ្នំពេញ និងក្រុមពាក់កណ្តាលអាជីបធីអិនកណ្តាល៕
Tag:
បាល់ទាត់
ស៊ុំ វណ្ណា
កែវ សុខងន
© រក្សាសិទ្ធិដោយ thmeythmey.com