កីឡាជាតិ
ជាតិ
កីឡាករ កែវ សុខផេង ប្រកាសរកក្មេងម្នាក់ ដែលខ្លួនមិនបានចាប់ដៃ នៅពេលអបអរគ្រាប់បាល់ 17, Nov 2020 , 3:12 pm
សកម្មភាពកីឡាករ កែវ សុខផេង អបអរគ្រាប់បាល់ខ្លួន ហើយភ្លេចចាប់ដៃជាមួយក្មេងប្រុសរើសបាល់, រូបភាពពីហ្វេសប៊ុក សុខផេង
× កីឡាករ កែវ សុខផេង ប្រកាសរកក្មេងប្រុសរើសបាល់ម្នាក់ ដែលខ្លួនមិនបានចាប់ដៃជាមួយ ដោយសាររវល់អបអរគ្រាប់បាល់ ដែលខ្លួនរកបានក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិកាលពីពេលថ្មីៗ។ ការប្រកាសរកនេះ ព្រោះខ្សែប្រយុទ្ធរូបនេះ ចង់ជូនកាដូលើកទឹកចិត្តដល់ក្មេងប្រុសម្នាក់នោះ ជាថ្នូរនឹងកំហុសរបស់ខ្លួន។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបវិសាខា កែវ សុខផេង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការ រៀបរាប់ពីកំហុសមួយ ដែលខ្លួនបានធ្វើលើក្មេងប្រុសរើសបាល់ម្នាក់ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន រវាងក្រុមវិសាខាជាមួយណាហ្គាវើល កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
កំហុសដែលរូបគេបានធ្វើនោះ គឺខ្លួនភ្លេចចាប់ដៃជាមួយក្មេងប្រុសរើសបាល់ម្នាក់នោះ ដែលបានលើកដៃចង់ចាប់ដៃជាមួយខ្លួន។ ការខកខានចាប់ដៃរបស់ខ្សែប្រយុទ្ធរូបនេះ ទំនងជារូបគេមិនចាប់អារម្មណ៍ ឬមិនបានឃើញក្មេងប្រុសនោះលើកដៃស្វាគមន៍មករកខ្លួន ដោសសាររូបគេរវល់អបអរជាមួយគ្រាប់បាល់ ដែលខ្លួនរកបានឲ្យវិសាខានាំមុខ ១-០ លើណាហ្គាវើល។
សុខផេង បានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីសកម្មភាពក្មេងប្រុសរើសបាល់ម្នាក់លើកដៃរង់ចាំខ្លួនមកចាប់ជាមួយ ដោយសរសេររៀបរាប់ថា៖«ដោយសារអបអរភ្លេចខ្លួន បងសុំទោសដែលមិនបានចាប់ដៃប្អូន។ អ៊ីចឹងពុកម៉ែបងប្អូនណាដែលស្គាល់(ក្មេងប្រុសរើសបាល់)ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ដើម្បីជូនជាកាដូលើកទឹកចិត្ត»។
គ្រាប់បាល់មួយគ្រាប់របស់កីឡាករ កែវ សុខផេង បានរួមចំណែកជួយឲ្យវិសាខាយកឈ្នះណាហ្គាវើលក្នុងលទ្ធផល ២-០ ដើម្បីគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៤ប្រចាំឆ្នាំ២០២០ ជាលើកដំបូង។ ចំណែកក្រុមព្រៃវែងទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល ៤-២៕
Tag:
បាល់ទាត់
កែវ សុខផេង
© រក្សាសិទ្ធិដោយ thmeythmey.com