COVID-19
កីឡាជាតិ
ជាតិ
NOCC រៀបចំ Sport for All ដើម្បី​បំផុស​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​
17, Nov 2020 , 8:29 pm        
រូបភាព
ដោយ:
​ខេត្តកំពង់ធំ​បានក្លាយ​ជាទី​តាំង សម្រាប់​រៀបចំ​កម្មវិធី​កីឡា​ដើម្បី​ទាំងអស់គ្នា​(Sport for All) ដែលជា​គម្រោង​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ក្នុង​ដំណើរ​ឆ្ពោះទៅ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ ក្រៅពី​បំផុស​ឲ្យ​យុវជន​ចូលរួម​លេង​កីឡា កម្មវិធី​នេះ ក៏បាន​បញ្ជ្រាប​ពី​វិធានការ​បង្ការ និង​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ 
 
Sport for All ជា​ឈ្មោះ​កម្មវិធី​មួយ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​រៀបចំឡើង​ដើម្បី​បំផុស​ការលេង​កីឡា​ដល់​យុវជន និង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​«​ប្រជាជន​ម្នាក់​លេង​កីឡា​១​មុខ​»​។ យុទ្ធនាការ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​លេង និង​ហាត់​កីឡា ដើម្បី​ពង្រឹង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។​


 
​ការអភិវឌ្ឍ​វិស័យ​កីឡា​ឲ្យ​កាន់​មាន​ភាព​ផុសផុល និង​រីកចម្រើន និង​បណ្តុះ​ធនធាន​កីឡាករ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​យុទ្ធនាការ​«​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​»​ផងដែរ​។ «​គោលបំណង​សំខាន់​មាន​ពីរ គឺ​ដើម្បី​បំផុស​ការចូលរួម​លេង​កីឡា​ឲ្យ​ស្របតាម​គុណ​តម្លៃ​នៃ​ចលនា​អូឡាំពិក និង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដើម្បី​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ អនុប្រធាន​គម្រោង​នៃ NOCC​។  
 
​ក្រៅពី​កម្មវិធី​សំណួរចំឡើយ​ពាក់ព័ន្ធ​គុណ​តម្លៃ​អូឡាំពិក និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សិស្សានុសិស្ស ដែល​ចូលរួម​កម្មវិធី​កីឡា​ដើម្បី​ទាំងអស់គ្នា បាន​ចូលរួម​លេងល្បែង​កម្សាន្ត និង​កីឡា​ជាច្រើន​ប្រភេទ​។ ល្បែង​កម្សាន្ត និង​កីឡា​ទាំងនោះ​រួមមាន​ទាត់​បាល់​១១​ម៉ែត្រ រត់ប្រណាំង បាល់ទាត់ បាល់ទះ ជិះ​កង់ ចងជើង​ដើរ​ជា​ក្រុម លោក​ឆ្លង​កង​អូឡាំពិក សំ​ហាត់ប្រាណ​បែប​អា​អេ​រ៉ូ​ប៊ិក បង្វិល​កង​រត់​ជា​ក្រុម ល្បែង​អប់រំ​សាមគ្គី​ជា​ក្រុម និង​សកម្មភាព​សំ​បរិស្ថាន​។  
 


​ការបញ្ជ្រាប​ការយល់ដឹង​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក ក៏ត្រូវ​បានដាក់​បញ្ចូល​ក្នុង​របៀប​វារ​នៃ​កម្មវិធី​កីឡា​ដើម្បី​ទាំងអស់គ្នា​ដែរ​។ ជាក់ស្តែង​ក្រុមការងារ​នៃ​ចលនា​នេះ បាននាំគ្នា​ជិះ​កង់​ជាមួយ​សិស្សានុសិស្ស​ជុំវិញ​ភូមិ​មួយចំនួន​ក្នុង​ខេត្តកំពង់ធំ ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​បើតាម​លោក ញ៉ា​ន សុខ​វិសាល ប្រធាន​នាយកដ្ឋាន​ទំណាក់ទំនង​អន្តរជាតិ​នៃ NOCC កម្មវិធី Sport for All បាន​ប្រព្រឹត្តទៅ​ក្រោម​ការ​រឹតបណ្តឹង​ផ្នែក​សុវត្ថិភាព និង​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល តាមរយៈ​ការ​វាស់​កម្តៅ ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព បាញ់​អាល់កុល និង​លាងដៃ​ជាមួយ​សាប៊ូ ជែ​ល និង​អាល់កុល​ជាដើម​។  
 
​កម្មវិធី​កីឡា​ដើម្បី​ទាំងអស់គ្នា ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​បណ្តុះ​វិជ្ជា​មាន​សិស្សានុសិស្ស​ជាង​១​ពាន់​នាក់​ចូលរួម​។ ពួកគេ​ទាំងនេះ​មកពី​សាលា​បឋម អនុ​វិទ្យា និង​វិទ្យាល័យ​នានា ដែល​នៅក្បែរនោះ​៕  
 

មន្ត្រី NOCC និងសិស្សានុសិស្សនាំគ្នាជិះកង់ ដើម្បីផ្សព្វផ្សាយពីពិធីបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩


សកម្មភាពបាញ់អាល់កុលលាងដៃដល់សិស្សានុសិស្ស


សកម្មភាពរើសសំរាមរបស់មន្ត្រីរៀបចំកម្មវិធី Sport for All និងសិស្សានុសិស្ស 
 

Tag:
 NOCC
  ប៊ុ​យ សុ​ភ័​ណ្ឌ​
  ញ៉ា​ន សុខ​វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com