កីឡាជាតិ
ជាតិ
ក្រុមបច្ចេកទេស​ចិន នឹង​មក​សិក្សា​វប្បធម៌​ខ្មែរ ដើម្បី​បន្ស៊ី​ជាមួយ​បច្ចេកវិទ្យា ក្នុង​ពិធី​បើក​បិទ​កីឡា​ស៊ី​ហ្គេម​
18, Nov 2020 , 8:59 am        
រូបភាព
ដោយ:
​ក្រុមបច្ចេកទេស​ជំនាញ​របស់​ចិន ដែល​ជួយ​កម្ពុជា​រៀបចំ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ នឹង​មក​ប្រទេស​កម្ពុជា​នៅ​ខែធ្នូ ឆ្នាំ​២០២០ នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២(CAMSOC)​ដែល​បាន​អះអាងថា ចាប់ពី​ឆ្នាំ​២០២១​កម្ពុជា​នឹង​រៀបចំ​ប្លង់​លម្អិត​នៃ​ការសម្តែង ដើម្បី​ធ្វើ​ឲ្យ​ពិធី​បើក​បិទ​កាន់តែ​អស្ចារ្យ​។
 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បន្ត​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ដើម្បី​ពិភាក្សាគ្នា​ពាក់ព័ន្ធ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។ កិច្ចប្រជុំ​ចង្អៀត​ដែល​ផ្តោតលើ​តែ​បញ្ហា​បច្ចេកទេស​នេះ បាន​ជជែក​គ្នា​លើ​ការបង្កើត និង​ចាក់​បញ្ចាំង​ទស្សនីយភាព ការសម្តែង​សិល្ប​វប្បធម៌ ប្រពៃណី និង​ការសម្តែង​ក្បាច់គុន​នានា​ជាដើម​។ 
 
​ការត្រៀមខ្លួន​ទទួល​ក្រុម​ជំនាញការ​បច្ចេកទេសរ​បស់​ចិន ដែល​ជួយ​កម្ពុជា​រៀបចំ​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ក៏​ស្ថិតក្នុង​របៀបវារៈ ដែល​លើក​យកមក​ពិភាក្សាគ្នា​ក្នុង​កិច្ចប្រជុំ​ខាងលើ​ផងដែរ​។ បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រុម​ជំនាញការ​បច្ចេកទេស​ចិន​ទាំងនោះ នឹង​មក​កម្ពុជា​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​។ 
 

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ CAMSOC, រូបថតពី Cambodia SEA Games 2023 

​ការ​មក​កម្ពុជា​របស់​ក្រុម​ជំនាញការ​បច្ចេកទេស​ចិន​នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី​របស់​កម្ពុជា ធានា​ធ្វើយ៉ាងណា​ឲ្យ​វា​ស៊ី​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន និង​ងាយស្រួល​រៀបចំ​ប្រព័ន្ធ​ភ្លើង​ហ្វា​ជាដើម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន ដែល​បាន​បន្ថែមថា គណៈកម្មការ​វប្បធម៌​នៃ CAMSOC ជា​អ្នកធ្វើការ​ជាមួយ​ក្រុមបច្ចេកទេស​ចិន​។  
 
​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​នៃ CAMSOC បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​ទទួលបន្ទុក​ពិធី​បើក​បិទ សិក្សា​ស្វែងយល់​ពី​របៀបវារៈ នៃ​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម កីឡា​អាស៊ី និង​អូឡាំពិក ដែល​ប្រទេស​ដទៃ​ធ្លាប់ធ្វើ​កន្លងមក ដ្បិត​កម្ពុជា​ចង់​ឲ្យ​ពិធី​បើក​បិទ​ក្លាយជា​កម្មវិធី​ដ៏​អស្ចារ្យ​ដាច់​គេ​នៅ​តំបន់​អាស៊ាន​។  
 

លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC, រូបថតពី Cambodia SEA Games 2023 

​បើតាម​លោក វ៉ា​ត់ ចំរើន នៅ​ដើមឆ្នាំ​២០២១ កម្ពុជា​នឹង​រៀបចំ​ប្លង់​លម្អិត​ពាក់ព័ន្ធ​ការហ្វឹកហាត់​សម្តែង ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ​ដដែល​នឹងមាន​ការហ្វឹកហាត់​ស៊ាំ​ទ្រង់ទ្រាយ​ធំ​រួមគ្នា​។ សកម្មភាព​បែបនេះ នឹង​បន្ត​រៀបចំ​រហូតដល់​ឆ្នាំ​២០២៣ ដ្បិត​ការធ្វើ​បែបនេះ គឺ​ដើម្បី​ធានាថា កម្ពុជា​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕  
 

Tag:
 វ៉ា​ត់ ចំរើន​
  CAMSOC
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com