ជាតិ
​​​ន​យោ​បាយ​ជាតិ​
លទ្ធផលចុងក្រោយ សម្ដេច ហ៊ុន សែន និងភរិយា អវិជ្ជមានកូវីដ-១៩
18, Nov 2020 , 11:08 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នៅតែអវិជ្ជមានកូវីដ-១៩ នៃការតេស្តសុខភាពលើកចុងក្រោយ នៅថ្ងៃទី១៨ វិច្ឆិកានេះ។ នេះជាការអះអាងរបស់សម្ដេច ហ៊ុន សែន នៅលើហ្វេសប៊ុក ដោយបានបន្ថែមថា សម្ដេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅឡើងវិញ នាថ្ងៃទី១៩ វិច្ឆិកា ។


ដ្បិត​លទ្ធផល​សម្ដេច ហ៊ុន សែន និង​ភរិយា អវិជ្ជមាន​កូ​វីដ​-១៩ ក្តី ប៉ុន្តែ​កម្ពុជា​ក៏​នៅតែ​រង់ចាំ​អ៊ុត​លទ្ធផល​មនុស្ស​១៨០២​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដោយផ្ទាល់​និង​ប្រយោល​ដែរ​។ បើតាម​សម្ដេច ហ៊ុន សែន ការបិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នេះ នឹង​អាច​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​។​
 
​ចំពោះ​ពេលវេលា​នៃ​ការបិទ​បញ្ចប់​នេះ គឺ​រង់ចាំ​លទ្ធផល​តាម​ដំណាក់កាល​នីមួយៗ ដោយ​ក្នុងនោះ​លទ្ធផល​អ្នកធ្វើ​តេស្ត​នៅ​ភ្នំពេញ ១៥៦៩​នាក់ (​មាន​ជនជាតិ​ហុង​គ្រី​ចំនួន​៥​នាក់​) ,​ខេត្តកណ្តាល ៦៧​នាក់ ,​ខេត្តពោធិសាត់ ៤០​នាក់ ,​ខេត្តព្រៃវែង ២៣​នាក់ និង​ខេត្តកំពង់ធំ ៣​នាក់ ដែល​ក្រសួងសុខាភិបាល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៩ វិច្ឆិកា ។ លទ្ធផល​អ្នកធ្វើ​តេស្ត​នៅ​ខេត្តកំពង់ឆ្នាំង​១១​នាក់ នឹងត្រូវ​ប្រកាស ថ្ងៃទី​២១ វិច្ឆិកា ។ ចំណែក​អ្នកធ្វើ​តេស្ត​នៅ​ខេត្ត​កែប ១៨​នាក់ ,​ខេត្ត​ព្រះសីហនុ ៤០​នាក់ ខេត្តកំពង់ចាម​១​នាក់ នឹងត្រូវ​បង្ហាញ​លទ្ធផល​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​។ រីឯ​លទ្ធផល​អ្នកធ្វើ​តេស្ត​នៅ​ខេត្តព្រះវិហារ ២០​នាក់ ខេត្តរតនគិរី​១០​នាក់ នឹងត្រូវ​ប្រកាស​នា​ថ្ងៃទី​២៥ វិច្ឆិកា​។​
 
​ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ការដែល​យើង​អាច​ប្រកា​សបិទ​បញ្ចប់​បាន គឺ​នៅត្រង់​យើង​គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត​១៨០២​នាក់​នៅតាម​រាជធានី ខេត្ត​ចំនួន​១១ ដែលមាន​ការពាក់ព័ន្ធ​ការធ្វើ​តេស្ត​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​រយៈពេល​១៤​ថ្ងៃ ដែល​បញ្ហា​នេះ​។ ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​»​។​
 
​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី ក៏​ប្រាប់​ឲ្យ​ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែល​មិនទាន់​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ប្រឈម និង​ការបារម្ភ​នានា​។ មិនតែប៉ុណ្ណោះ​សម្ដេច ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​តាមដាន​មើល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​តឹងរឹង​ផងដែរ​។

«​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​» គឺ​សំដៅលើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្ម​ហុង​គ្រី ។ លោក Peter Szijjarto ត្រូវបាន​គេ​រកឃើញ​មាន​កូ​វីដ​-១៩ នៅពេល​ទៅដល់​ប្រទេស​ថៃ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា លោក Peter Szijjarto មាន​ជំងឺ​កូ​វីដ​-១៩ នេះ រដ្ឋាភិបាល បានប្រកាស​ឲ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់​ធ្វើតេស្ត​សុខភាព​ភ្លាមៗ​។ លើសពីនេះ​សម្ដេច ក៏​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល និង​អាជ្ញាធរ​បន្ត​ស្វែងរក​ពាក់ព័ន្ធ​ដោយ​ប្រយោល​ពិនិត្យ​សុខា​ភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​។​
 
«​ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ពិតជា​ធំធេង​នឹង​ស្មុ​គ្រ​ស្មាញ​ក្នុងការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រោះ​វា​ទាក់ទង​ដល់​មនុស្ស​ច្រើន​នឹង​រាជធានី​ខេត្ត ស្រុក ខ័​ណ្ឌ ក្រុង ឃុំ សង្កាត់ និង​ភូមិ​ជាច្រើន​ដែល​លំបាក​ដល់​ការស្វែងរក​។ ប៉ុន្តែ​ដោយ​ការដឹកនាំ​ត្រឹមត្រូវ មានការ​ខិតខំ មាន​សាមគ្គីភាព​និង​សហ​ការណ៍​ល្អ​យើង​អាចធ្វើ​បាន​ដោយ​រកឃើញ​គ្រប់​មនុស្ស​ពាក់ព័ន្ធ​មិនឱ្យ​បាត់ដាន​ដែលជា​មូលហេតុ​ឆ្លង​ចូល​សហគមន៍​បង្ក​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​យើង​»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន​។​
 
​សម្រាប់​ប្រមុខ​រដ្ឋាភិបាល ការគ្រប់គ្រង​ស្ថានការណ៍​នេះ​បាន ដោយសារ​តែមាន​ការសហកា​រ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា​៖«​បទពិសោធន៍​ជោគជ័យ​របស់​យើង​នៅពេលនេះ​ក៏ដូចជា​ពេលកន្លងមក​គឺ​ស្ថិតនៅលើ​ល្បឿន​នៃ​ការគ្រប់គ្រង​សភាពការណ៍​ទាន់ពេល​នឹងមាន​កិច្ចសហការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​មុខសញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ទាំង​ផ្ទាល់ ទាំង​ប្រយោល​យក​សំណាក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​»​។​
 
​ការធ្វើ​តេស្ត​៣​លើក​កន្លងមក គឺមាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ វិជ្ជមាន​កូ​វីដ​-១៩ រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ហើយ កាលពី​ថ្ងៃទី​១៦ វិ​ច្ឋិ​កា​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣០៤​នាក់ ដោយ​ក្នុងនោះ មាន​៣០៤​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​៕
 
​ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com