សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តើ​ជញ្ជាំង​ព្រំដែន​របស់លោក Trump មានជោគ​វាសនា​បែបណា​?
18, Nov 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ត្រៀម​ចុះហត្ថលេខា​លើ​ផ្លាក​សម្គាល់​នៃ​ការសាងសង់​ជញ្ជាំង​ព្រំដែន​នៅ​ទីក្រុង San Luis រដ្ឋ Arizona កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ត្រៀម​ចុះហត្ថលេខា​លើ​ផ្លាក​សម្គាល់​នៃ​ការសាងសង់​ជញ្ជាំង​ព្រំដែន​នៅ​ទីក្រុង San Luis រដ្ឋ Arizona កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​។​
ដោយ: VOA
​លោក ចូ បៃ​ដិ​ន (Joe Biden) ដែល​បាន​ត្រូវ​ព្យាករណ៍​ថា​នឹង​ក្លាយទៅជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋអាមេរិក បាន​សន្យាថា នឹង​បញ្ឈប់​ការកសាង​ជញ្ជាំង​ព្រំដែន​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ការណ៍​នេះ​នាំឱ្យមាន​សំណួរ​អំពី​អនាគត​សមិទ្ធិ​ដ៏​សំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ដើម្បី​បង្ក្រាប​ការធ្វើ​អន្តោប្រវេសន៍​ដោយ​គ្មាន​ការអនុញ្ញាត​នៅ​ព្រំដែន​ខាងត្បូង​ប្រទេស​។​
 
​លោក Matthew Hudak ជា​ប្រធាន​កង​យាមល្បាត​នៃ​ផ្នែក​ព្រំដែន Laredo​។ លោក​បាន​និយាយថា មាន​កុងត្រា​ដើម្បី​ចាប់​ផ្តើមកសាង​ជញ្ជាំង​ជិត ១១៣ គ​.​ម​. នៅក្នុង​តំបន់ Laredo នៃ​រដ្ឋ Texas ដែល​លាតសន្ធឹង​ជាង ២៧០ គ​.​ម​. នៃ​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​
 
​លោក Hudak បាន​ថ្លែងថា ជញ្ជាំង​មួយ​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧក្រិដ្ឋជន​ដែល​ប្រើប្រាស់​ព្រំដែន​ជា​វិធី​មួយ សម្រាប់​រកប្រាក់​ដោយ​ការជួញដូរ​មនុស្ស​និង​ការរត់ពន្ធ​។​
 
​លោក Hudak បាន​និយាយថា​៖ «​ការកសាង​ប្រព័ន្ធ​ជញ្ជាំង​...​បំបាត់​ការរក​កម្រៃ​សម្រាប់​អង្គការ​ឧក្រិដ្ឋ​ទាំងនេះ​។ ប្រាក់កាស​នេះ​មិនបាន​ត្រូវ​បញ្ជូនទៅ​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ ដើម្បី​ផ្គត់ផ្គង់​អាវុធ​និង​គ្រាប់រំសេវ ដែល​បាន​ត្រូវ​ប្រើ ដើម្បី​ធ្វើឱ្យ​រងគ្រោះ​ដល់​អ្នកជិតខាង​យើង នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន​»​។​
 
 
​ជោគវាសនា​នៃ​ជញ្ជាំង​ព្រំដែន​
 
​លោក Biden បាន​និយាយថា លោក​នឹងមិន​វាយបំបាក់​ជញ្ជាំង​ព្រំដែន​ដែល​លោក Trump បាន​កសាង​នោះទេ​។ ក៏ប៉ុន្តែ នៅក្នុង​មហាសន្និបាត​ជាតិ​រួមគ្នា កាលពី​ខែសីហា​មុន​នៃ​សមាគមជាតិ​នៃ​អ្នកកាសែត​ស្បែក​ខ្មៅ​និង​សមាគមជាតិ​នៃ​អ្នកសារព័ត៌មាន Hispanic (​អាមេរិក​ឡាទីន​) លោក Biden បាន​សន្យាថា «​នឹងមិន​មានការ​កសាង​ជញ្ជាំង​ព្រំដែន​មួយ​ហ្វី​ត​ទៀត​ក្នុង​រដ្ឋបាល​ខ្ញុំ​ទេ​»​។​
 
​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក ហៅ​កាត់​ថា ICE បាន​និយាយថា ខ្លួន​នឹង​សម្រេច​គោលដៅ​កសាង​ជញ្ជាំង​ព្រំដែន ៧២៤ គ​.​ម​. មិន​ហួស​ពី​ដំណាច់ឆ្នាំ ២០២០ ទេ​។​
 
​អ្នកស្រី Jessica Bolter ជា​អ្នកវិភាគ​ជំនួយ​ខាង​គោលនយោបាយ​នៃ​វិទ្យាស្ថាន​គោលនយោបាយ​ទេសន្តរប្រវេសន៍ ដែលជា​អង្គការ​ស្រាវជ្រាវ​មួយ​ខាង​គោលនយោបាយ មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី Washington D.C.​។​
 
​អ្នកស្រី​បាន​និយាយថា​៖ «​លោក​ប្រធានាធិបតី Trump នៅ​ជា​ប្រធានាធិបតី​នៅឡើយ ហើយ​លោក​កាន់តំណែង​នេះ រហូតដល់​ថ្ងៃទី​២០ ខែមករា​។ ដូច្នេះ​រហូតដល់​ពេលនោះ យើង​រំពឹងថា ការស្ថាបនា​ជញ្ជាំង​ព្រំដែន​មាន​ធ្វើ​តទៅទៀត​»​។​
 
​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន បាន​និយាយថា កុងត្រា​ភាគច្រើន​ត្រូវបាន​អនុម័ត ហើយ​កំពុងដំណើរការ​កសាង​ជញ្ជាំង​ចម្ងាយ​ប្រមាណ ១.១៨៨ គ​.​ម​. ដែលមាន​ទឹកប្រាក់​រួច​ស្រេច​សម្រាប់​ការសាងសង់ រហូតមកដល់​ពេលនេះ​។​
 
​ក៏ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកស្រី Bolter បាន​ថ្លែងថារ ដ្ឋ​បាល​លោក Biden មាន​ជម្រើស​លើ​កុងត្រា​ដែលមាន​ស្រេច​ហើយ​។​
 
​អ្នកស្រី Bolter បាន​និយាយថា​៖ «​រដ្ឋបាល​លោក Biden ប្រហែល​បញ្ចប់​កុងត្រា​ដែលមាន​ស្រាប់​អាច​នៅ​កន្លែង ដែល​កំពុង​ស្ថាបនា​។ រដ្ឋាភិបាល​មាន​ពេល​បន្ថែម ដើម្បី​ធ្វើ​ដូច្នេះ ហើយ​អាច​ធ្វើបាន​ដោយ​ងាយ ជួនកាល​ដោយ​ត្រូវ​បង់ប្រាក់​បញ្ចប់​ខសន្យា ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​»​។​
 
 
​រឿងចម្រូងចម្រាស​នៃ​ជោគវាសនា​ជញ្ជាំង​ព្រំដែន​
 
​អំណាច​របស់លោក Trump ក្នុងការ​ចាយប្រាក់​ច្រើន​សម្រាប់​កសាង​ជញ្ជាំង​ព្រំដែន កំពុង​ត្រូវ​ជំទាស់​ហើយ​រង់ចាំ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​។ ការប្រយុទ្ធ​ខាង​ផ្លូវច្បាប់​អាច​ក្លាយទៅជា​បញ្ហា​ចំហ​មួយ សម្រាប់​ជជែក​ដេញដោល​គ្នា​នៅក្រោម​រដ្ឋបាល​លោក Biden​។​
 
​លោក Tony Payan ជា​នាយក​មជ្ឈមណ្ឌល​ស្តីអំពី​ទំនាក់ទំនង​សហរដ្ឋអាមេរិក​និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ប្រចាំ​វិទ្យាស្ថាន Baker សម្រាប់​គោលនយោបាយ​សាធារណៈ​ក្នុង​ក្រុង Houston របស់​សាកលវិទ្យាល័យ Rice​។​
 
​លោក​បាន​និយាយថា​៖ «​ខ្ញុំ​យល់ថា បញ្ហា​នេះ​ជា​បញ្ហា​មួយ​ក្នុង​បណ្តា​បញ្ហា​នានា ដែល​នឹង​រកឃើញ​ដំណោះស្រាយ​មួយ នៅក្នុង​អន្តរកាល​នយោបាយ​»​។​
 
​លោក Payan បាន​ថ្លែងថា​៖ «​សេចក្តីសម្រេច​របស់​តុលាការ​កំពូល នឹងមិន​សំខាន់​ទេ​»​។​
 
​ដោយ​ថ្លែង​អំពី​ពាក្យបណ្តឹង​របស់​រដ្ឋាភិបាល​ប្រឆាំងនឹង​បណ្តា​ម្ចាស់​ដីធ្លី ដែល​ប្រកែក​មិន​ព្រម​បោះបង់​ដី​ពួកគេ សម្រាប់​ការកសាង​ជញ្ជាំង​ព្រំដែន លោក Biden ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖ «​ដក​ពាក្យបណ្តឹង​ចេញ​។ យើង​មិន​បន្ត​ប្តឹង​ទេ​។ យើង​នឹងមិន​រឹបអូស​យក​ដីធ្លី​ទេ​»​។​
 
​ការផ្តោត​ការយកចិត្តទុកដាក់​លើ​បច្ចេកវិជ្ជា​
 
​ជាជាង​ស្ថាបនា​ជញ្ជាំង​ព្រំដែន​ថែមទៀត គណបក្ស​ប្រជាធិបតេយ្យ​និយម​ប្រើ​បច្ចេកវិទ្យា​ជា​ជម្រើស​មួយ នៅតាម​បណ្តោយ​ព្រំដែន​ខាងត្បូង​ជាង ៣ ពាន់​គ​.​ម​.​។​
 
​លោក Biden បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​នឹង​ធ្វើឱ្យ​ប្រាកដប្រជា​ថា យើង​មាន​កិច្ចការពារ​ព្រំដែន តែ​វា​ត្រូវ​ផ្អែកលើ​ការធ្វើឱ្យ​ប្រាកដថា យើង​ប្រើ​សមត្ថភាព​នៃ​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។​
 
​នៅក្នុង​តំបន់ Laredo បច្ចេកវិទ្យា​ដូចជា​កាមេរ៉ា រ៉ា​ដា ប្រដាប់​ស្ទង់ និង​ដ្រូ​ន (drones) បាន​ជួយ​ពួក​ភ្នាក់ងារ​យាមល្បាត​ព្រំដែន ដែល​នៅ​ទីនោះ​មាន​ជញ្ជាំង​តិច​ណាស់​។ ក៏ប៉ុន្តែ លោក Hudak បាន​និយាយថា ឧបករណ៍​ច្រើន​ថែមទៀត​ជួយ​ភ្នាក់ងារ​លោក ឱ្យធ្វើ​ការងារ​បានល្អ​ជា​ង​មុន​។​
 
​លោក Hudak បាន​ថ្លែងថា​៖ «​នៅពេលណា​យើង​មាន​បច្ចេកវិទ្យា​នេះ ដែល​ប្រាប់​យើង​ច្បាស់លាស់​អំពី​អ្វីដែល​យើង​ជួបប្រទះ នៅមុន​ពេលទៅដល់​ជិត​ទីនោះ វា​នាំឱ្យមាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់គ្នា​។ វា​ជាការ​រួមផ្សំ​រវាង​របាំ​ង​និង​ផ្លូវ​យាមល្បាត​។ ដូច្នេះ ភ្នាក់ងារ​យើង​នឹងធ្វើ​ចលនា​ឡើង​ចុះ តាម​បណ្តោយ​ព្រំដែន ដោយមាន​ជំនួយ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។ វា​ជាការ​រួមបញ្ចូល​គ្នា​នៃ​វិធានការ​ទាំងនេះ​...​បន្ទាប់មក​យើង​បន្ថែម​ភ្នាក់ងារ ហើយ​យើង​មាន​ផ្នែក​ទាំងបី​ធ្វើការ​ជាមួយគ្នា​»​។​
 
​ផលវិបាក​ដោយ​អ​ចេតនា​
 
​អ្នកជំទាស់​និយាយថា ជញ្ជាំង​ព្រំដែន​ធ្វើឱ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​បណ្តាលឱ្យមាន​ទឹកជំនន់ និង​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​សត្វ ហើយ​ថា លោក Biden គួរ​ចាត់វិធានការ​ថែមទៀត ដើម្បី​បញ្ឈប់​ការកសាង​ជញ្ជាំង​ព្រំដែន​។​
 
​លោក Payan នៃ​សាកលវិទ្យាល័យ Rice បាន​ពោលថា​៖ «​ខ្ញុំ​យល់ថា យើង​បាន​ប្រមាណ​ស្ទើរ​អំពី​ការខូចខាត​ដែល​ជញ្ជាំង​ព្រំដែន បណ្តាលឱ្យមាន​នៅតាម​ព្រំដែន​រវាង ស​.​រ​.​អ​. និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ទោះណាជា​លោក Biden មិន​ចង់​បំផ្លាញ​ផ្នែក​នៃ​ជញ្ជាំង​ដែល​បាន​ត្រូវ​ស្ថាបនា​ហើយក៏​ដោយ ក៏​ខ្ញុំ​យល់ថា នៅ​កន្លែង​ខ្លះ គេ​គួរ​វាយបំបាក់​ជញ្ជាំង​នេះ ពីព្រោះ​វា​នាំឱ្យមាន​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​បរិ​ដ្ឋា​ន​»​។​
 
​គោលនយោបាយ​ហួស​ពី​ជញ្ជាំង​ព្រំដែន​
 
​ហួស​ពី​ជញ្ជាំង​ព្រំដែន ក្រុម​អ្នកការពារ​សិទ្ធិ​ជនអន្តោប្រវេសន៍​ជាច្រើន​ក្រុម សង្ឃឹមថា រដ្ឋបាល​លោក Biden នឹង​លុបចោល​វិធានការ​នីតិប្រតិបត្តិ​ជាច្រើន​របស់លោក Trump ដែល​មិន​ត្រូវការ​ការយល់ព្រម​ពីស​ភា​។​
 
​អ្នកវិភាគ​និយាយថា កម្មវិធី​មួយ​ដែល​លោក Biden អាចដាក់​ឱ្យមាន​ជាថ្មី​វិញ គឺ​កម្មវិធី​ពន្យារពេល​សម្រាប់​ជន​ដែល​បានមក​រស់នៅ​សហរដ្ឋអាមេរិក នៅពេល​ពួកគេ​ជា​កុមារ ហៅ​កាត់​ថា DACA របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យមាន​សំបុត្រ​សម្រាប់ធ្វើ​ការងារ​ឱ្យដល់​ក្រុម​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ ដែល​បាន​ចូលមកក្នុង​សហរដ្ឋអាមេរិក នៅពេល​ពួកគេ​ជា​កុមារ​។​
 
​លោក Trump បាន​បញ្ជា​ឱ្យ​បញ្ឈប់​កម្មវិធី​នេះ កាលពី​ឆ្នាំ ២០១៧​។ ក្នុង​ខែមិថុនា ឆ្នាំ ២០២០ តុលាការ​កំពូល​សហរ​ដ្ឋ​អាមេរិក បានសម្រេច​ឲ្យ​ក្រុម​ជន​មាន​សិទ្ធិ​តាមរយៈ​កម្មវិធី DACA ឈ្នះ ប៉ុន្តែ​រក្សាទុក​លទ្ធភាព​ថា រដ្ឋបាល​អាមេរិកាំង​នៅតែ​អាច​លុបចោល​កម្មវិធី​នេះ ក្នុងពេល​អនាគត បើ​មាន​ហេតុផល​សមរម្យ​។​
 
​ក៏ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ ក៏​ការលុបចោល​គោលនយោបាយ​ឯទៀតៗ​របស់លោក Trump ប្រហែល​មានការ​ពិបាក ដោយមាន​រួមបញ្ចូល​ពិធីសារ​ការពារ​ជន​ចំណាកស្រុក (Migrant Protection Protocols)​។​
 
​ពិធីសារ​នេះ​តម្រូវឱ្យ​ពួក​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​វិល​ទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ រហូតដល់​ថ្ងៃខែ​នៃ​សវនាការ​ក្នុង​តុលាការ អំពី​ករណី​អន្តោប្រវេសន៍​របស់​ពួកគេ​។ អ្នកស្រី Bolter បាន​និយាយថា គេ​ត្រូវ​ចំណាយពេល​យូរ និង​ប្រាក់កាស​ច្រើន ដើម្បី​ប្រើ​កលល្បិច​ខាង​ទម្រង់ការ​រដ្ឋបាល និង​ការិយាធិបតេយ្យ​សម្រាប់​លុបចោល​កម្មវិធី​ជាច្រើន​របស់លោក Trump​។​
 
​អ្នកស្រី Bolter បាន​និយាយថា​៖ «​ទោះណាជា​សកម្មភាព​ប្រតិបត្តិ​ដែល​លោក​ប្រធានាធិបតី​Trump បានធ្វើ​អាច​លុបចោល​ដោយ​រដ្ឋបាល​ខ្លួនឯង​ក៏ដោយ ក៏​ដំណើរការ​លុប​បទ​ប្បញ្ញត្តិ​នីមួយៗ មានការ​ពិបាក​ក្រៃលែង​។ វា​មិនមែនជា​អ្វីដែល​អាចធ្វើ​បានជា​បន្ទាន់​ទេ ប្រសិនបើ​បទ​ប្បញ្ញត្តិ​ថ្មី​ត្រូវ​ឆ្លងកាត់​រយៈពេល​ជូនដំណឹង​និង​អត្ថាធិប្បាយ​»​។​
 
​រដ្ឋបាល​លោក Biden នឹងមាន​អាទិភាព​បន្ទាន់​ច្រើន ដោយមាន​រួមបញ្ចូល​បញ្ហា​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ បញ្ហា​មនុស្សធម៌ និង​សន្តិសុខ​តាម​ព្រំដែន​។​
 
​អ្នកស្រី Bolter បាន​ពោលថា​៖ «​ជាការ​មិន​ទំនង​ថា​រដ្ឋបាល​លោក Biden នឹង​ចំណាយ​ប្រាក់កាស​ប្រហែល​គ្នា​ដូចដែល​លោក Trump បាន​ចំណាយ​ក្នុង​វិស័យ​អន្តោប្រវេសន៍​ទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com