អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សប្រឆាំង​មី​យ៉ាន់​ម៉ា ដាក់ពាក្យ​បណ្តឹង​៦៣០ ជុំវិញ​ការបោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា​
18, Nov 2020 , 3:54 pm        
រូបភាព
លោក  U Khin Yi អនុប្រធានបក្សសាមគ្គី និងអភិវឌ្ឍសហភាព។ រូបភាព៖  Facebook
លោក U Khin Yi អនុប្រធានបក្សសាមគ្គី និងអភិវឌ្ឍសហភាព។ រូបភាព៖ Facebook
​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព (USDP) បានដាក់​ពាក្យបណ្តឹង​៦៣០​ករណី ទៅ​សមត្ថកិច្ច និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ជុំវិញ​ភាពមិនប្រក្រតី​នៅក្នុង​ដំណើរការ​បោះឆ្នោត ដែល​ពួកគេ​អះអាងថា មិន​យុត្តិធម៌​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Irrawady នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​។ ការអះអាង​របស់​បក្ស USDP បែបនេះ ខុសពី​អ្នក​អង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ ដែលថា ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា គ្មាន​ភាពមិនប្រក្រតី​ធំដុំ​អ្វី​ឡើយ​។
 
 
​លទ្ធផល​បោះឆ្នោត​មី​យ៉ាន់​ម៉ា​ថ្មីៗ​នេះ​បង្ហាញថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​កាន់កាប់​កៅអី​សភា​សហភាព​ភាគច្រើន​ជាមួយ​កៅអី​ចំនួន ៣៩៦ ខណៈ​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព ដែលជា​បក្សប្រឆាំង​ធំជាងគេ​របស់​មី​យ៉ាន់​ម៉ា មាន​សំឡេង​ក្នុង​សភា​សហភាព​ត្រឹមតែ ៣៣ ប៉ុណ្ណោះ​។ សំឡេងគាំទ្រ​របស់​បក្ស​ប្រឆាំង​នេះ មាន​ចំនួន​តិចជាង កាលពី​បោះឆ្នោត​ឆ្នាំ​២០១៥​ទៅទៀត ដែលមាន​ចំនួន ៤១​កៅអី​។ 
 
​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព បានដាក់​ពាក្យ​តវ៉ា​ដោយ​អះអាងថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​មួយចំនួន​។ លោក U Khin Yi អនុប្រធាន​បក្ស USDP បាន​និយាយ​ក្នុង​វីដេអូ​បង្ហោះ​លើ Facebook ថា បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព បានដាក់​ពាក្យបណ្តឹង​ទាក់ទិន​នឹង​ការប្រព្រឹត្ត​កំហុស​ក្នុងអំឡុងពេល​បោះឆ្នោត​ចំនួន ៨០​ករណី ទៅ​ប៉ូលិស​មី​យ៉ាន់​ម៉ា និង ៥៥០​ករណី​ផ្សេងទៀត ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា (UEC) ។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​អនុប្រធាន​បក្ស​របស់​នេះ ភាពមិនប្រក្រតី​ទាំងនោះ​មានដូចជា ការបោះឆ្នោត​ពីរដង​, អ្នកបោះឆ្នោត​មិនទាន់​គ្រប់​អាយុ និង​ការ​ក្លែង​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត​ជាដើម​។ នៅក្នុង​ច្បាប់បោះឆ្នោត​មី​យ៉ាន់​ម៉ា គណបក្ស​ទាំងអស់ អាចដាក់​ពាក្យបណ្តឹង និង​តវ៉ា​បាន​ក្នុង​រយៈពេល ៤៥​ថ្ងៃ បន្ទាប់ពី​លទ្ធផល​បោះឆ្នោត​ត្រូវបាន​ប្រកាស​។ 
 
​ការតវ៉ា​របស់​បក្សប្រឆាំង រង​ការរិះគន់ និង​ឌឺដង​ពី​សំណាក់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ប្រជាជន​មួយចំនួន បាន​ឌឺដង​ថា បក្សប្រឆាំង​នឹងមិន​ទទួលស្គាល់​លទ្ធផល​ចាញ់ឆ្នោត​នេះឡើយ​។ ប៉ុន្តែ​លោក Khin Yi បាន​អះអាងថា ជាការ​ពិត បក្ស​របស់លោក​មិន​ពេញចិត្ត​លទ្ធផល​នេះ​ទេ ព្រោះ​វា​មិន​ដូច​ការរំពឹងទុក ហើយ​ការដាក់​ពាក្យបណ្តឹង​នេះ ដើម្បី​ធ្វើ​ឲ្យ​លទ្ធផល​មាន​ភាពស្របច្បាប់ និង​យុត្តិធម៌​។ អតីតមន្ត្រី​យោធា​រូបនេះ បាន​បន្តទៀតថា បក្ស USDP ទទួលស្គាល់​លទ្ធផល​ឆ្នាំ​២០១៥ ដោយសារ​ពេលនោះ ការបោះឆ្នោត​មាន​ភាពយុត្តិធម៌ និង​សេរី​។ 
 
​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៥ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បក្ស USDP ។ 
 
​សូមបញ្ជាក់ថា កន្លងមក UEC ក៏បាន​ដោះស្រាយ​បណ្តឹង​ប្រមាណ ២០​ករណី​ផងដែរ​ទាក់ទង​ការបោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា ដែល​ក្នុងនោះ​មាន​ទាក់ទិន​នឹង​ការបោះឆ្នោត​ពីរដង ការផ្តល់​ត្រា​បោះឆ្នោត​ក្លែងក្លាយ និង​ការបោះឆ្នោត​ជំនួស​ជាដើម​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com