កីឡាអន្តរជាតិ
អន្តរជាតិ
Barca និង Real បន្ថយបៀវត្សកីឡាករជិតពាក់កណ្តាលរដូវកាលនេះ ដោយសារ COVID-19 19, Nov 2020 , 8:29 am
× ក្របខណ្ឌ La Liga បានកាត់បន្ថយការចំណាយសម្រាប់ក្លិបទាំង២០ ចំនួនទឹកប្រាក់ ៦១០ លានអឺរ៉ូ (៧២៤,២៥ លានដុល្លារអាមេរិក) នៅរដូវកាល ២០២០-២០២១នេះ ក្រោយរងផលប៉ះពាល់ដោយសារ COVID-19។ លីគកំពូលអេស្ប៉ាញប្រកាសច្នេះនៅថ្ងៃទី១៧ ខែវិច្ឆិកា។ Barcelona និង Real Madrid បន្ថយប្រាក់ឈ្នួលកីឡាករជិតពាក់កណ្តាលរៀងៗខ្លួន។
ចំនួនប្រាក់ឈ្នួលរបស់កីឡាករក្រុម Barcelona ត្រូវបានកាត់បន្ថយមកត្រឹម ៤៥៤លានដុល្លារ ខណៈរដូវកាលមុនចំណាយអស់៧៩៧លានដុល្លារ។ សម្រាប់ក្រុមការពារតំណែងជើងឯក Real Madrid អាចចំណាយខ្ទង់ ៥៥៦ លានដុល្លារ ធ្លាក់ចុះ ២០៥ លានដុល្លារបើធៀបនឹងការចំណាយកាលពីរដូវកាលមុន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមរហ្សនាមអ្នកមានបុណ្យ ដែលបានប្រកាសពីការខាតបង់ប្រាក់ ១១៥ លានដុល្លាររួចមកហើយកាលពីរដូវកាលមុន ២០១៩-២០២០ ដោយសារវិបត្តិ COVID-19 បានសម្រេចកាត់ប្រាក់បៀវត្សសារជាថ្មីកាលពីខែតុលា បើទោះមានការប្រឆាំងពីសំណាក់កីឡាករមួយចំនួនក៏ដោយ។
រដូវកាលមុន Barca បានកាត់បន្ថយប្រាក់ឈ្នួលបណ្តោះអាសន្នចំនួន ៧០ ភាគរយគិតចាប់ពីខែមីនា ដល់ខែមិថុនា ខណៈរដូវកាល ២០២២-២១ ពួកគេអាចបន្ថយការចំណាយបានច្រើន ក្នុងនោះពួកគេបានដកអ្នករកចំណូលខ្ពស់ប្រចាំក្លិបមួយចំនួនដូចជាខ្សែប្រយុទ្ធ Luis Suarez និងខ្សែបម្រើ Ivan Rakitic ដោយអនុញ្ញាតឲ្យចាកទៅក្លិបផ្សេង។
Atletico Madrid ដែលទទួលបាន Suarez ទៅរួមក្រុម អាចនឹងត្រូវចំណាយប្រាក់ឈ្នួលទៅកាន់កីឡាករចំនួន ៣០០ លានដុល្លាររដូវកាលនេះ ខណៈឆ្នាំមុនពួកគេចំណាយអស់ ៤១៤លានដុល្លារ។
La Liga លើកឡើងពីការបន្ថយចំនួនការចំណាយនេះ ដើម្បីកំហិតដែនកំណត់នៃការចំណាយរបស់ក្រុមនីមួយៗ រាប់ទាំងការចំណាយលើក្រុមលំដាប់ទី១ ដែលរួមមានកីឡាករ អ្នកចាត់ការទូទៅ ជំនួយការគ្រូបង្វឹក និងគ្រូបង្វឹកកាយសម្បទាជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com