អន្តរជាតិ
នយោបាយអន្តរជាតិ
បាតុករថៃ បន្តការតវ៉ាក្រោមការឃ្លាំមើលរបស់ប៉ូលិស ខណៈសភាបោះឆ្នោតលើសំណើកែរដ្ឋធម្មនុញ្ញ 18, Nov 2020 , 5:51 pm
ប៉ូលិសថៃប្រើកាណុងទឹកបំបែកបាតុករ។ រូបភាព៖AFP
× បាតុករថៃចាប់ផ្តើមជួបជុំគ្នានៅរសៀលថ្ងៃទី១៨ វិច្ឆិកា ស្របពេលដែលសមាជិកសភាថៃត្រៀមបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ចំណែកឯប៉ូលិសថៃវិញ ព្រមានថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតបទៅនឹងការប្រព្រឹត្តខុសច្បាប់ទាំងឡាយពីសំណាក់បាតុករ និងហាមបាតុករមកជិតទីស្នាក់ការប៉ូលិស។
ប៉ូលីសថៃ បានព្រមានបាតុករមិនឲ្យចូលអុកឡុក និងកម្ទេចទីស្នាក់ការប៉ូលិស ក្រោយពេលបាតុករបានបង្ហាញផែនការជួបជុំនៅផ្លូវប្រសព្វដ៏សំខាន់ក្នុងរាជធានីបាងកក រួចបន្តដំណើរទៅទីស្នាក់ការប៉ូលិសដែលនៅជិតនោះ។ ជាវិធានការបង្ការប៉ូលិសថៃ បានយករថយន្តដឹកដីមកចតមុនខ្លោងទ្វារ និងមានប៉ូលិសបង្ក្រាបបាតុកម្មឈរប្រចាំការជាប់ជានិច្ច។ នេះបើតាមកាសែត Bangkok Post។
ឧត្តមសេនីយ៍Yingyos Thepchamnong អ្នកនាំពាក្យប៉ូលិសអះអាងថា សកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ គឺជាការបំពានច្បាប់ ហើយអាជ្ញាធរនឹងចាត់វិធានាការទល់នឹងអ្នកល្មើសច្បាប់ទាំងនោះ។ ប៉ូលិសបានបន្ថែមថា បាតុកម្មកាលពីថ្ងៃទី១៧ វិច្ឆិកាបណ្តាលឲ្យខូចកាណុងបាញ់ទឹកចំនួន៤ ឡានដឹកទឹកចំនួន២ ឡានក្រុងចំនួន៣ និងឡានដឹកទំនិញចំនួន១៣។
ចំណែកការប៉ះទង្គិចរវាងបាតុករ និងប៉ូលិសកាលពីថ្ងៃទី១៧ វិច្ឆិកាបណ្តាលឲ្យបាតុករ៥៥នាក់រងរបួសដោយសារគ្រាប់បែកផ្សែង គ្រាប់កាំភ្លើងជ័រ និងកាណុងបាញ់ទឹករបស់ប៉ូលិស។ មនុស្ស៤នាក់ត្រូវសម្រាកក្នុងមន្ទីរពេទ្យ និង៦នាក់ទៀតត្រូវគ្រាប់កាំភ្លើងជ័ររបស់ប៉ូលិស។ សមាគមមេធាវីសិទ្ធិមនុស្សថៃ បន្ទោសក្រុមប៉ូលិសថា ការបំបែកហ្វូងបាតុករ ដោយមិនស្របតាមវិធានអន្តរជាតិ។
ទោះមានការប៉ះទង្គិចក្ដី បាតុករថៃ ជួបជុំបាតុកម្មជាថ្មីស្របពេលដែលសភាថៃទាំង២ថ្នាក់ បន្តកិច្ចពិភាក្សា និងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ចំនួន៧ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីពិភាក្សាតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធិសភាថៃ នឹងត្រូវបោះឆ្នោតជ្រើសរើសយកសេចក្តីព្រាងច្បាប់មកពិភាក្សាបន្តទៀត។
ក្នុងចំណោមសេចក្តីព្រាងច្បាប់ទាំង៧ សេចក្តីព្រាងច្បាប់មួយភាគធំ មិនលើកឡើងពីកំណែទម្រង់របបរាជានិយម ចំណែកតំណាងរាស្ត្រថៃមួយភាគធំក៏មិនចង់ពិភាក្សាពីបញ្ហានេះដែរ។ ចំណែកសេចក្តីព្រាងច្បាប់មួយទៀតចង់ប្តូរព្រឹទ្ធសភាថៃ ដែលមានសមាជិកត្រូវតែងតាំងដោយក្រុមយោធា ដោយជំនួសមកវិញនូវសមាជិកព្រឹទ្ធសភាដែលជ្រើសឡើងដោយការបោះឆ្នោត។
ខណៈសមាជិកសភាកំពុងជជែកពីសំណើកែរដ្ឋធម្មនុញ្ញ អាគារវិមានសភាវិញ មានការការពារយ៉ាងតឹងតែង និងមានការរឹតត្បិតការចេញចូល ដោយបាតុករទាំងប្រឆាំង ទាំងគាំទ្របានជួបជុំគ្នានៅខាងក្រៅ។ ប៉ូលិសទីក្រុងបាងកក បានដាក់កងកម្លាំងចំនួន១,៣៥០នាក់ដើម្បីការពារ។ ក្រោយការប្រជុំចប់នៅយប់ថ្ងៃទី១៧ វិច្ឆិកា ប៉ូលិសថៃ ក៏បានជម្លៀសតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាតាមរយៈនាវាផងដែរ៕
Relate: https://thmeythmey.com/?page=detail&id=97758
© រក្សាសិទ្ធិដោយ thmeythmey.com