ភ្នំពេញ៖ សហព័ន្ធស្រូវ អង្ករកម្ពុជា(Cambodia Rice Federation) ខកចិត្តជាខ្លាំងចំពោះការលើកឡើងរបស់សកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី ដែលបានយកផលិតផលអង្ករកម្ពុជា ទៅភ្ជាប់ជាមួយរឿងនយោបាយ។ សកម្មជននៃបក្សប្រឆាំង បានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបដោយចោទថា«អង្កររបស់កម្ពុជាដែលបាន និងកំពុងនាំចូលប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស»។
សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់អត្តសញ្ញាណ សកម្មជនបក្សប្រឆាំងដែលបានដាក់ញ្ញាត្តិទៅតំណាងរាស្ត្រអូស្ត្រាលីនោះ គឺមានឈ្មោះ ខៀវ ដារ៉ា។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ទង្វើរបស់សកម្មជនរូបនេះ គឺជាចេតនាអាក្រក់លើវិស័យអង្ករកម្ពុជា ជាពិសេសទៅលើផលប្រយោជន៍របស់កសិករខ្មែរ ដែលបានលាបពណ៌ទៅជារឿងនយោបាយក្នុងការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
សហព័ន្ធស្រូវអង្ករកម្ពុជា បានច្រានចោលទាំងស្រុងនៃការដាក់ញ្ញត្តិរបស់សកម្មជននៃគណបក្សប្រឆាំងនោះ ដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតប្រាកដណាមួយឡើយ ក្រៅពីចង់បំផ្លាញផលប្រយោជន៍របស់កម្ពុជា។ ជាពិសេសគឺបំផ្លាញផលប្រយោជន៍របស់កសិករខ្មែរ ដោយតំណាងឱ្យប្រជាជនមួយភាគធំដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច។ «ការចោទប្រកាន់ដែលលើកឡើងដោយក្រុមអគតិមួយចំនួននោះគឺ ជាចេតនាអាក្រក់ក្នុងការបំផ្លាញកេរ្ត៍ឈ្មោះអង្ករខ្មែរ និងមោទកភាពរបស់ប្រជាកសិកមរខ្មែរ»។ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសេចក្តីថ្លែងការរណ៍កាលពីថ្ងៃទី១៦ វិច្ឆិកា។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន ហាក់មិនពេញចិត្តចំពោះទង្វើរបស់សកម្មជនបក្សប្រឆាំង ដែលយកអង្ករកម្ពុជាភ្ជាប់រឿងនយោបាយឡើយ។ លោក សារ៉ន បញ្ជាក់ថា អង្ករខ្មែរ មានគុណភាពនិងរសជាតិឆ្ងាញ់ ទើបអាចវាយលុកទីផ្សារអូស្ត្រាលីបាន។«ខ្ញុំឃើញពលរដ្ធខ្មែរយើងច្រើនណាស់នៅអូស្ត្រាលីដែលសាមគី្គគ្នា ស្រលាញ់ជាតិ ជួយកសិករខ្មែរ ជាក់ស្តែងពួកគាត់បានទិញហូបអង្ករខ្មែរ នាំឲ្យមានទំនុកចិត្តដល់ជនជាតិអាស៊ីផ្សេងៗបាននាំគ្នាទិញអង្ករខ្មែរហូប ព្រោះជាអង្ករធម្មជាតិ រសជាតិឆ្ងាញ់ទាំងគុណភាព និង សុវត្ថិភាពឈ្នះអង្ករប្រទេសជិតខាងយើង »។ នេះជាការអះអាងរបស់លោក សុង សារ៉ន នៅលើហ្វេសប៊ុក នាថ្ងៃទី១៩ វិច្ឆិកា ។
បើតាមលោក សារ៉ន បច្ចុប្បន្នក្រុមហ៊ុនអូស្ត្រាលីចំនួន ៤១ កំពុងនាំចូលអង្ករខ្មែរ ចែកចាយពេញផ្ទៃប្រទេសអូស្ត្រាលី និងរីកសាយដល់នូវែលសេឡង់ និង តាមកោះនានា ដូចជា ប្រទស ប៉ាពួញូហ្គីណេ (Papua New Guinea) ជាដើម។
វិស័យស្រូវអង្ករនេះ បានផ្តល់ការងារជូនពលរដ្ឋកម្ពុជា ជាង៣,២លាននាក់ ប្រមាណនឹង៣៧ភាគរយ ខណៈកម្ពុជាកំពុងរងគ្រោះនៃឥទ្ធិពលរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះរាំងស្ងួតកាលពីពាក់កណ្តាលរដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀង កាលពីចុងរដូវចុងវស្សា។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ដោយបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ប្រជាកសិករក្នុងការដាំដុះនេះ មិនត្រឹមធ្វើឱ្យគ្រាប់អង្ករកម្ពុជាកាន់តែមានគុណភាពនោះទេ គឺថែមទាំងត្រូវបានពិភពលោកទទួលស្គាល់ថា អង្ករកម្ពុជាល្អបំផុត។ អង្ករកម្ពុជា បានជាប់ពានរង្វាន់ជាអង្ករល្អបំផុតផ្តាច់គេនៅលើពិភពលោក(The World Best Rice) ក្នុងឆ្នាំ២០១២, ២០១៣, ២០១៤និងក្នុងឆ្នាំ២០១៨។
សម្រាប់ឆ្នាំ២០២០នៃវិបត្តិកូវីដ-១៩ ថ្វីដ្បិតស្ថានភាពទីផ្សារអង្កររបស់ពិភពលោក បានធ្លាក់តម្លៃប្រមាណ២៥ភាគរយ យ៉ាងណាក្តី ក៏តម្លៃស្រូវអង្ករកម្ពុជាសម្រាប់កសិករនៅតែមានតម្លៃសមរម្យ ដោយបានមិនធ្លាក់ចុះទៅតាមនិន្នាការនៃទីផ្សារពិភពលោកឡើយ។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យស្រូវ-អង្ករនេះ ក្រៅពីមានការខិតខំជ្រោមជ្រែងដោយផ្ទាល់ពីរដ្ឋាភិបាលកម្ពុជាហើយនោះ ក៏មានការគាំទ្រពីបណ្តាប្រទេស និងដៃគូអភិវឌ្ឍ ក្នុងភាពជាដៃគូ ជាមួយរដ្ឋាភិបាល។ ក្នុងនោះ ក៏មានកម្មវិធីអភិវឌ្ឍវិស័យស្រូវអង្ករ ពីសំណាក់ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់ផលិតកម្មតម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី(CAVAC) ផងដែរ។
សូមជម្រាប ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២០មកនេះ កម្ពុជា បាននាំអង្ករទីផ្សារប្រទេសអូស្រា្តលី បានចំនួន២៥,៩៩៤តោន ស្មើនឹង១៩,៥លានដុល្លារ៕