COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Salah និង Elneny តេស្ត​វិជ្ជមាន COVID-19 លើក​ទី​២, ខកខាន​ជួយ Liverpool និង Arsenal
19, Nov 2020 , 2:28 pm        
រូបភាព
Mohamed Salah និង Mohamed Elneny បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ជា​លើក​ទី​ពីរ​។ នេះ​ជាការ​ប្រកាស​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អេ​ហ្ស៊ី​ប (EFA) នៅ​ថ្ងៃទី​១៨ វិច្ឆិកា​។ Salah និង Elneny នឹងត្រូវ​ខកខាន​ជួយ​ក្រុម Liverpool និង Arsenal រៀងៗ​ខ្លួន​ក្នុងជំនួប Premier League ចុង​សប្តាហ៍​នេះ​។​


Salah ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool ធ្លាប់បាន​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 ម្តង​រួចមកហើយ អំឡុងពេល​បំពេញ​កាតព្វកិច្ច​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ខណៈ Elneny ខ្សែបម្រើ Arsenal បានធ្វើ​តេស្ត​វិជ្ជមាន​នៅ​៣​ថ្ងៃ​បន្ទាប់​។​
 
​ក្រោយ​រយៈពេល​៥​ថ្ងៃ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័​យ​ខ្លួនឯង ខ្សែប្រយុទ្ធ​ហង្ស​ក្រហម​វ័យ​២៨​ឆ្នាំ បានទទួល​បានការ​ធ្វើ​តេស្ត​ជាថ្មី​ហើយ​នៅតែ​ចេញ​លទ្ធផល​វិជ្ជមាន​ដដែល​។ ដោយសារ​មូលហេតុ​នេះ Salah ដែល​ស៊ុត​បញ្ចូល​ទី​៨​គ្រាប់​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ នឹងមិន​អាចជួយ Liverpool នៅពេល​ធ្វើដំណើរ​ទៅ​ជួប​ក្រុម​កំពូល​តារាង Leicester City ក្នុងជំនួប​លី​គ​សប្តាហ៍​ទី​៩ នៅ​រាត្រី​ថ្ងៃទី​២២ វិច្ឆិកា​នេះឡើយ​។​
 
Salah ក៏​ទំនងជា​ត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត Champions League ទល់​ក្រុម Atalanta នៅ​ថ្ងៃទី​២៤ សប្តាហ៍​ក្រោយនេះ​ផងដែរ​។ 
 
​ដោយឡែក Elneny វ័យ​២៨​ឆ្នាំ ដែល​ស្ថិតនៅ​ដាច់ដោយឡែក​ដោយសារ​ផ្ទុក​ជំងឺ COVID-19 ក៏ត្រូវ​បាន​គេ​ជឿជាក់ថា នឹង​ខកខាន​ការធ្វើដំណើរ​ជាមួយ Arsenal ដើម្បី​ទៅ​ជួប Leeds United នៅ​យប់​ថ្ងៃទី​២២ វិច្ឆិកា និង​ជំនួប Europa League ទល់​ក្រុម Molde នៅ​៤​ថ្ងៃ​បន្ទាប់​ទៀតផង​ដែរ​៕

Tag:
 Mohamed Salah
  Mohamed Elneny
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com