កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអ៊ីតាលី សារភាពថាពិបាករើសកីឡាករ២៣នាក់ទៅ Euro ព្រោះកីឡាករល្អច្រើនពេក 20, Nov 2020 , 10:09 am
× លោក Roberto Mancini កោតសរសើរចំពោះទេពកោសល្យកីឡាករវ័យក្មេងរបស់ក្រុមជម្រើសជាតិអ៊ីតាលីបច្ចុប្បន្ន និងទទួលស្គាល់ថា លោកប្រឈមមុខនឹងបញ្ហាដ៏ធំក្នុងការជ្រើសរើសកីឡាករចំនួន២៣នាក់ ទៅកាន់ការប្រកួត Euro ឆ្នាំ២០២០។
អ៊ីតាលីបានបង្ហាញភាពខ្លាំងរបស់ខ្លួន តាមរយៈការប្រកួត២២លើកចុងក្រោយមិនដែលចាញ់ និងថែមទាំងទទួលបានកៅអីឡើងទៅកាន់វគ្គបន្តពានរង្វាន់ UEFA Nations League ទៀតផង។
ដោយសារសមិទ្ធផលក្រុមដ៏អស្ចារ្យនេះ លោក Mancini គ្រូបង្វឹកជម្រើសជាតិអ៊ីតាលីដែលអវត្តមានដឹកនាំក្រុម៣ប្រកួតដោយសារឆ្លង COVID-19 បានសរសើរកូនក្រុមទាំងអស់មិនដាច់ពីមាត់ឡើយ។ ស្របពេលគ្នានេះដែរ គ្រូសញ្ជាតិអ៊ីតាលី វ័យ៥៥ឆ្នាំ ក៏បានសារភាពថាក៏ខ្វល់ចិត្តជុំវិញការជ្រើសរើសកីឡាករចំនួន២៣នាក់ដើម្បីទៅប្រជែងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប ដែលត្រូវពន្យារទៅឆ្នាំ២០២១នោះដែរ។
នៅប៉ុន្មានប្រកួតចុងក្រោយ គេឃើញថាអ៊ីតាលីបានដាក់កីឡាករក្មេងៗច្រើន ខណៈកីឡាករចាស់វស្សាមួយចំនួនដូចជា Leonardo Bonucci, Giorgio Chiellini និង Marco Verratti ជាដើមសុទ្ធតែត្រូវបានដកចេញ។
Mancini បានប្រាប់ទូរទស្សន៍ Rai Sport ថា ការជ្រើសរើសកីឡាករ ២៣រូបសម្រាប់ការប្រកួត Euro នឹងក្លាយជាបញ្ហាធំសម្រាប់លោក។ លោកថា៖ស «វាពិតជាលំបាកជ្រើសរើសណាស់ បន្ទាប់ពីរយៈពេលបួនខែចុងក្រោយនេះកីឡាករក្មេងៗជាច្រើនពិតជាបានបញេ្ចញទេពកោស្យអស្ចារ្យរៀងៗខ្លួន។ យ៉ាងណា នេះជាការប្រសើរ បើទោះមានបញ្ហាសម្រាប់ខ្ញុំក្នុងការជ្រើសរើសក្តី»។
ម្ចាស់ជើងឯក World Cup ឆ្នាំ២០០៦ បានឡើងទៅកាន់វគ្គផ្តាចព្រ័ត្រពាន Nations League ជាមួយក្រុមបីទៀតដែលរួមមានបារាំង បែលហ្ស៊ិក និងអេស្ប៉ាញ៕
Tag:
Euro
Roberto Mancini
© រក្សាសិទ្ធិដោយ thmeythmey.com