អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីតបទៅសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិក៨រូប ដែលទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ក៏ដូចជា គណបក្សប្រជាជនកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា លើកឡើងថា៖«យើងខ្ញុំ ចាត់ទុកជាទង្វើខុសឆ្គង ហើយមានការខកចិត្តយ៉ាងខ្លាំង ចំពោះសមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូច ដែលបានទាមទារឲ្យមានការទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ចំពោះអ្វីដែលពួកគេ ហៅថា ជាការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
សមាជិកព្រឹទ្ធសភា៤រូប និងសមាជិករដ្ឋសភា៤រូបរបស់សហរដ្ឋអាមេរិក សរសេរលិខិតរួមគ្នា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ញើទៅលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីសុំឲ្យដាក់សម្ពាធលើមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួរនគរបាលនិងកងរាជអាវុធហត្ថ។ សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិកទាំងនោះ រៀបរាប់ប្រាប់លោករដ្ឋមន្ត្រីការបរទេសជាច្រើនពីបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតមិនត្រឹមត្រូវ រួមទាំងការកាន់អំណាចយូររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
សមាជិកព្រឹទ្ធសភាអាមេរិក៤រូប គឺអ្នកស្រី Elizabeth Warren អ្នកស្រី Dianne Feinstein លោក Edward J. Markey និង លោក Robert P. Casey, Jr ហើយសមាជិករដ្ឋសភាអាមេរិក៤រូប គឺ អ្នកស្រី Lori Tranhan លោក Alan Lowenthal លោក Ted Yoho និង លោក Seth Moulton។
អ្នកនាំពាក្យរដ្ឋសភាកម្ពុជា តបថា៖«លិខិតផ្ញើជូនលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក មានខ្លឹមសារចោទប្រកាន់ផ្ទុយពីការពិត លម្អៀង និង មានស្តង់ដារពីរ»។
អ្នកនាំពាក្យសភាកម្ពុជា បានលើកជាច្រើនចំណុចបកស្រាយត្រឡប់ទៅវិញ។
អ្នកនាំពាក្យរដ្ឋសភាកម្ពុជា ថ្លែងការពារថា ការកាន់អំណាចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានមកពីការគាំទ្ររបស់ប្រជាជន ហើយការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក ត្រូវបានអ្នកអង្កេតការណ៍ជាតិ-អន្តរជាតិ វាយតម្លៃថា ប្រព្រឹត្តទៅដោយតម្លាភាព សេរី និង យុត្តិធម៌។
ចំពោះការរំលាយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកនាំពាក្យរដ្ឋសភាកម្ពុជា លើកហេតុផលថា ដោយសារតែមេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះ គប់គិតគ្នា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ បន្ទាប់មក អ្នកនាំពាក្យរដ្ឋសភាកម្ពុជា ក៏បំភ្លឺពីបញ្ហាសេរីភាពក្នុងការបញ្ចេញមតិនិងការជួបជុំថា ប្រជាជនកម្ពុជា អាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមបានយ៉ាងទូលំទូលាយ ដោយគ្មានការរឹតត្បិត ប៉ុន្តែ មិនមែនជាការផ្តល់សេរីភាពគ្មានព្រំដែននោះទេ។
បន្ថែមពីនេះ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា សង្កេតឃើញថា អ្វីដែលសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិក ប្រាប់ទៅលោករដ្ឋមន្ត្រីការបរទេស Mike Pompeo គឺពួកគេ ពឹងផ្អែកលើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា អះអាងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើន ថ្កោលទោសជាយូរមកហើយ ចំពោះភាពលម្អៀង និងការអនុវត្តស្តង់ដារពីរលើបទដ្ឋានសិទ្ធិមនុស្ស។
ក្នុងរឿងសិទ្ធិមនុស្ស អ្នកនាំពាក្យរដ្ឋសភាកម្ពុជា ពន្យល់ថា វា ជាការចៀសមិនរួច ដែលបញ្ហាសិទ្ធិមនុស្ស ត្រូវបានកំណត់ទៅតាមទស្សនៈនៃបរិបទខុសៗគ្នារបស់ប្រទេសនីមួយៗ។ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បញ្ជាក់ថា កម្ពុជា តែងប្រកាន់ខ្ជាប់ការលើកកម្ពស់សិទិ្ធមនុស្ស ការអភិវឌ្ឍ និង នីតិរដ្ឋ។
ក្រៅពីស្នើឲ្យដាក់សម្ពាធលើមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជននិងមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធហើយ សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាទាំង៨រូប នៅផ្តល់យោបល់ឲ្យលោក Mike Pompeo ពិចារណាឡើងវិញពីការផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា។ ពួកគេ ចង់ដៅលើប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP (General System Preference) ដែលអាមេរិកផ្តល់ឲ្យកម្ពុជា។
លើសពីនេះ ពួកគេ ថែមទាំងជំរុញឲ្យរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន សហការជាមួយរដ្ឋាភិបាលបរទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីរួមដៃគ្នាដាក់សម្ពាធលើរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេ សង្កត់ធ្ងន់ទៅកាន់រដ្ឋមន្ត្រីការបរទេសថា៖«ឥឡូវនេះ គឺមានតែប្រើសម្ពាធខ្លាំងក្លាទេ ដែលទំនងជាអាចផ្លាស់ប្តូរអាកប្បកិរិយារបស់រដ្ឋាភិបាលកម្ពុជាបាន...»។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មើលឃើញថា សំណើរបស់សមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាទាំងនោះ ពុំមានប្រសិទ្ធភាពអ្វីឡើយ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃម្សិលមិញ (១៩វិច្ឆិកា) ថា៖«ឥឡូវ រដ្ឋបាលលោក ត្រាំ កំពុងត្រៀមឯកសារ ដើម្បីប្រគល់ [អំណាច] ជូនលោក ចូ បៃឌិន ក្នុងពេលខាងមុខឆាប់ៗនេះ។ ដូច្នេះ [លោក ត្រាំ] គាត់ គ្មានពេលពិនិត្យលើសំណើរបស់ [សមាជិកព្រឹទ្ធសភា និង] តំណាងរាស្ត្រ៧-៨នាក់នុ៎ងទេ»។
ការរំលាយអតីតគណបក្សប្រឆាំង ការបន្តចាប់បន្តចោទប្រកាន់នាពេលថ្មីៗនេះ លើមន្ត្រីអតីតគណបក្ស មន្ត្រីសង្គមស៊ីវិល សកម្មជនបរិស្ថាន និង អ្នកកាសែត ជាដើម សុទ្ធសឹងតែជាអង្គហេតុចម្បងៗ ដែលសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភា ទាញយកមកធ្វើជាអំណះអំណាងថា កម្ពុជា នៅតែមានបញ្ហាសិទ្ធិមនុស្ស ការបំបិទសិទ្ធិផ្នែកនយោបាយ និង ការបង្ក្រាប ដែលទាមទារឲ្យមានការដាក់ទណ្ឌកម្មឬសម្ពាធ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា កែប្រែឥរិយាបថ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះតែអ្នកល្មើសច្បាប់ប៉ុណ្ណោះ៕