លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៩ វិច្ឆិកា ប្រកាសថា នឹងប្រើគ្រប់ច្បាប់ និងមាត្រាដើម្បីតបតទៅនឹងបាតុករដែលបំពានច្បាប់។ ការព្រមាននេះធ្វើឡើងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី ក្រោយពេលបាតុករ និងប៉ូលិសប៉ះទង្គិចគ្នាសាជាថ្មីនៅកាលពីថ្ងៃទី១៨ និង១៩វិច្ឆិកា ដែលធ្វើឲ្យមានអ្នករបួស ក៏ដូចជាការប្រកាសធ្វើបាតុកម្មម្តងទៀតនៅថ្ងៃទី២៥ វិច្ឆិកា។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងថារដ្ឋាភិបាល បានព្យាយាមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់ ប៉ុន្តែស្ថានការណ៍មិនស្រាកស្រាន្តឡើយ។ លោកបន្តថា ភ្នាក់ងារសន្តិសុខបានបំពេញការងារក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជាដោះស្រាយជាមួយបាតុករដោយយកចិត្តទុកដាក់ និងស្របតាមបទដ្ឋានអន្តរជាតិ។
«វាជារឿងចាំបាច់សម្រាប់រដ្ឋាភិបាល និងភ្នាក់ងារសន្តិសុខក្នុងការបង្កើនសកម្មភាពដោយអនុវត្តរាល់ច្បាប់ និងមាត្រា ទល់នឹងបាតុរដែលបំពានច្បាប់ និងមិនគោរពសិទ្ធិរបស់មនុស្សដទៃទៀត»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍ខាងលើដោយសង្កត់ធ្ងន់ថា សកម្មភាពទាំងឡាយធ្វើឡើងស្របតាមនីតិវិធីតុលាការ និងបទដ្ឋានអន្តរជាតិ។
បើទោះជាលើកឡើងបែបនេះក្តី សេចក្តីថ្លែងការណ៍ខាងលើពុំបានបញ្ជាក់ថា នឹងប្រើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃស្តីពីច្បាប់ការពារព្រះមហាក្សត្រឡើយ។ លោកប្រាយុទ្ធធ្លាប់អះអាងថា មាត្រាខាងលើពុំទាន់បានប្រើនៅឡើយទេតបតាមបញ្ជារបស់ព្រះមហាក្សត្រ។
ចំណែកបក្សប្រឆាំងធំៗចំនួន២ គឺបក្ស Move Forward និង Pheu Thai ថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនវិធានការទប់នឹងបាតុករ ដោយអះអាងថាការធ្វើបែបនេះនឹងមិនដោះស្រាយវិបត្តិអ្វីឡើយ។ តំណាងរាស្ត្របក្ស Move Forward លោក Rangsiman Rome លើកឡើងថាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ជារឿងមិនសក្តិសម ដែលអាចបណ្តាលឲ្យស្ថានការណ៍កាន់តែអាក្រក់ថែមទៀត។ លោកព្រមានថា ការអនុវត្តច្បាប់ការពារព្រះមហាក្សត្រ មិនខុសអ្វីពីយកព្រះមហាក្សត្រមកជំពាក់ជំពិនជាមួយជម្លោះឡើយ។
អ្នកនាំពាក្យបក្ស Pheu Thai លោកស្រី Arunee Kasayanont អះអាងថា ការអនុវត្តច្បាប់ធ្ងន់ធ្ងរជ្រុលអំឡុងពេលបាតុកម្ម មិនមែនជាដំណោះស្រាយត្រឹមត្រូវឡើយ។ លោកស្រីបន្តថា ដោយមិនបញ្ជាក់ថាច្បាប់ណានឹងត្រូវអនុវត្ត នោះនឹងបណ្តាលឲ្យមានភាពមិនច្បាស់លាស់ ដែលបង្កឲ្យមានអំពើហិង្សាបន្ថែមទៀត។
ផ្ទុយទៅវិញ ឧត្តមសេនីយ៍ Piya Tawichai ស្នងការរងប៉ូលិសក្រុងបាងកក និយាយនៅថ្ងៃទី១៩ វិច្ឆិកាថា ប៉ូលុសរៀបចំប្រើប្រាស់ច្បាប់ការពារមហាក្សត្រទៅលើហ្វូងបាតុករ បើមានការណែនាំពីរដ្ឋាភិបាល។ តាមច្បាប់នេះ បុគ្គលរូបណាដែលរកឃើញថា បំពានច្បាប់ខាងលើនឹងត្រូវពិន័យជាប្រាក់ និងជាប់គុករហូតដល់១៥ឆ្នាំ។
បាតុករយុវជន និងនិស្សិតថៃ ជួបជុំបាតុកម្ម និងប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃទី១៧ និង១៨វិច្ចិកា ក្រោយពេលសភាថៃបដិសេធសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្នើដោយសង្គមស៊ីវិល(iLaw)។ សេចក្តីព្រាងនេះ ត្រូវបានគេមើលឃើញថាមានលក្ខណៈប្រជាធិបតេយ្យជាងសេចក្តីព្រាងឯទៀត ដោយទាមទារឲ្យមានការកែប្រែគ្រប់ផ្នែកទាំងអស់នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ សេចក្តីព្រាងច្បាប់ចំនួន២ ដែលយល់ព្រមដោយសភា នឹងស្នើដោយឡែកដោយបក្សកាន់អំណាច និងបក្សប្រឆាំង ពុំមានដាក់ពីការកែប្រែពីបញ្ញត្តិរួម និងរបបរាជានិយមដូច សេចក្តីព្រាងរបស់សង្គមស៊ីវិលឡើយ៕