កីឡាជាតិ
ជាតិ
៣​ថ្ងៃក្រោយ កីឡាករ កែវ សុខ​ផេង បាន​ជួប​ក្មេងប្រុស​រើស​បាល់ ដែល​ខ្លួន​មិនបាន​ចាប់ដៃ​ហើយ​
20, Nov 2020 , 2:59 pm        
រូបភាព
កីឡាករ កែវ សុខផេង ជូនអាវ និងសម្ភារសិក្សាដល់ក្មេងប្រុសរើសបាល់ ដែលខ្លួនមិនបានចាប់ដៃជាមួយ
កីឡាករ កែវ សុខផេង ជូនអាវ និងសម្ភារសិក្សាដល់ក្មេងប្រុសរើសបាល់ ដែលខ្លួនមិនបានចាប់ដៃជាមួយ
ដោយ:
​ខ្សែប្រយុទ្ធ កែវ សុខ​ផេង របស់​ក្លិប​បាល់ទាត់​វិសាខា​បាន​ជួប​ក្មេងប្រុស​រើស​បាល់ ដែល​ខ្លួន​មិនបាន​ចាប់ដៃ​ក្នុងអំឡុងពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ហើយ​។ ក្នុងឱកាស​នោះ សុខ​ផេង បាន​ជូន​សម្ភារ​សិក្សា​មួយចំនួន​ដល់​ក្មេងប្រុស​ម្នាក់​នោះ ទុកជា​អនុស្សាវរីយ៍​ផងដែរ​។ 
 
«​ថ្ងៃនេះ​ខ្ញុំ​បាន​មកជួប​ប្អូនប្រុស ពន្លឺ ហើយ ដោយ​គ្រួសារ​របស់​ប្អូន​បានទទួល​យ៉ាង​កក់ក្តៅ ហើយ​យើង​ក៏បាន​សួរសុខទុក្ខ និង​ជជែក​គ្នា​ដោយ​ភាពស្និទ្ធស្នាល​»​។ កីឡាករ កែវ សុខ​ផេង សរសេរ​រៀបរាប់​បែបនេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន អម​ជាមួយ​រូបថត​៤​សន្លឹក រវាង​រូបគេ​ជាមួយ​ក្មេងប្រុស ពន្លឺ និង​គ្រួសារ​។ 



 ក្នុងឱកាស​នោះ​កីឡាករ កែវ សុខ​ផេង បាន​នាំយក​អាវ និង​សម្ភារ​សិក្សា​មួយចំនួន​ជូន​ក្មេងប្រុស​នោះ​ទុកជា​អនុស្សាវរីយ៍​ផងដែរ​។ សម្ភារ​ទាំងនោះ​រួមមាន​អាវ​របស់​ក្លិប​វិសាខា ដែលមាន​ហត្ថលេខា​របស់​រូបគេ កាបូបស្ពាយ សៀវភៅ ប៊ិច និង​សម្ភារ​សិក្សា​មួយចំនួនទៀត​។ 
 
​គួររំលឹកថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​វិសាខា កែវ សុខ​ផេង បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រកា​សរក​ក្មេងប្រុស​រើស​បាល់​ម្នាក់ ដែល​លើកដៃ​ស្វាគមន៍​ក្នុង​គោលបំណង​ចង់​ឲ្យ​រូបគេ​មក​ប៉ះ ឬ​ចាប់ដៃ​ជាមួយ តែ​ខ្លួន​មិនបាន​ចាប់​ជាមួយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​រូបគេ ហាក់​មាន​វិប្បដិសារី​កើតទុក្ខ​មិន​សុខចិត្ត​ចង់​ជួប​ក្មេងប្រុស​ម្នាក់នេះ​។ 
 
​ការខកខាន​ចាប់ដៃ​នេះ ដោយសារ រូបគេ រវល់​អបអរ​ជាមួយ​គ្រាប់​បាល់ ដែល​ខ្លួន​ទាត់​បញ្ចូល​ទី​ឲ្យ​ក្រុម​វិសាខា​ក្នុងជំនួប​ជាមួយ​ណាហ្គា​វើ​ល នា​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ៣​ថ្ងៃ​ក្រោយមក​រូបគេ​ក៏បាន​ជួប​ក្មេងប្រុស​ម្នាក់​នោះ​ដូច​បំណង​៕ 
 

Tag:
 បាល់ទាត់​
  កែវ សុខ​ផេង​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com